Daily Devotion


Ps 104.10

ps104.10


John 4.14

jhn4v14

ដូចទឹកមានតួនាទីដ៏សំខាន់ដើម្បីផ្តល់ជីវិតដល់រូបកាយយើងយ៉ាងណា ជីវិតថ្មីដែលជាអំណោយទានរបស់ព្រះជាម្ចាស់រឹងរឹតតែមានសារសំខាន់ដល់យើងជាងនោះទៅទៀត។ ក្នុងអង្គព្រះយេស៊ូ ព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចមកយើង។ ទឹករស់ ឬទឹកនៃជីវិតដែលព្រះអង្គប្រទានឲ្យ មិនមែនតែពីរបីដំណក់នោះទេ។ ព្រះអង្គប្រទានទន្លេជីវិតឲ្យហូរកាត់ជីវិតយើង ដើម្បីជាព្រះពរហូរស្រោចស្រពសង្គមដែលយើងរស់នៅ។

Psalm 92.5

ps92v4

ពេលយើងស្គាល់ព្រះជាម្ចាស់ ពិភពលោកបែរជាមានតម្លៃ និងមានខ្លឹមសារពិសេសសម្រាប់យើងទាំងអស់គ្នា។ សតិអារម្មណ៍ របស់យើងបានភ្លឺស្វាង  ដោយដឹងថាព្រះជាម្ចាស់បានបង្កើតពិភពលោក ហើយប្រទានសោភណភាពដ៏ល្អប្រណីតដល់ធម្មជាតិទាំងអស់ ដើម្បីឲ្យចិត្តយើងបានរីករាយរួមជាមួយព្រះអង្គ។ ពេលយើងរំពៃមើលធម្មជាតិ នោះពាក្យអរព្រះគុណ និងសរសើរតម្កើងតែងតែផុសចេញពីជម្រៅដួងចិត្តរបស់យើង។ លើសពីនោះ ព្រះគម្ពីរណែនាំយើងឲ្យដឹងថា ព្រះជាម្ចាស់ប្រទានផែនដីមកឲ្យយើងគ្រប់គ្រងថែរក្សា ។  ដោយដឹងថាផែនដីជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះបិតានៃយើង ក្នុងនាមយើងជាបុត្រធីតារបស់ព្រះអង្គ យើងត្រូវមានចិត្តឆេះឆួលក្នុងការជួយថែរក្សាបរិដ្ឋាន ព្រមទាំងការពារមិនឲ្យអ្វីមួយមកបំពុលធម្មជាតិ បំពុលផែនដី ដែលជាព្រះអំណោយទាន និងជាកេរមត៌ករបស់ព្រះបិតា។

Matthew 24.35

mat24v35


ពិភពលោកនេះ ព្រមទាំងអ្វីៗដែលយើងមាន អ្វីៗដែលយើងជំពាក់ចិត្ត ហើយសូម្បីតែរូបកាយ របស់យើងផ្ទាល់ គ្រាន់តែស្ថិតនៅជាបណ្តោះអាសន្នប៉ុណ្ណោះ។ យើងគួរចងចាំជានិច្ចថា ថ្ងៃមួយ អ្វីៗទាំងអស់ក្នុងលោកនេះនឹងរលាយសូន្យ។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរ ឥតមានទីបញ្ចប់។ ពេលជីវិតយើងនៅជាប់នឹងព្រះបន្ទូល ពេលយើងមានព្រះគ្រិស្តនៅជាប់នឹងយើង នោះទើបយើងអាចទទួលសេចក្តីសង្ឃឹម អំពីជីវិតដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។

ហេតុនេះ យើងត្រូវយល់ថាគោលដៅដ៏ពិតប្រាកដរបស់យើង មិនមែនជីវិតនេះ មិនមែនជាតិនេះ ឬជាតិក្រោយទេ។ អ្វីដែលសំខាន់សំរាប់យើង គឺព្រះជាម្ចាស់បានសង្គ្រោះបងប្អូន និងខ្ញុំ ដើម្បីឲ្យយើងរួមរស់ជាមួយព្រះអង្គអស់កល្បជានិច្ច គឺព្រះអង្គប្រទានជីវិតឥតទីបញ្ចប់មកយើង ក្នុងអង្គព្រះយេស៊ូតែមួយគត់។ ក្រៅពីព្រះយេស៊ូ គ្មានសេចក្តីសង្ឃឹមសោះឡើយ។ (សុខ ញ៉ឹប អរុណ)

Matthew 6.28-29

Mat6v28

ព្រះគម្ពីរប្រាប់យើងថា អ្វីៗដែលព្រះជាម្ចាស់បានបង្កើត សុទ្ធតែល្អឥតខ្ចោះ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រ ទ្រង់មិនដែលបោះបង់ចោលយើងឡើយ ទោះបីជាញឹកញាប់ យើងបានបោះបង់ និងបំភ្លេចព្រះអង្គចោលក៏ដោយ។ យើងទាំងអស់គ្នាប្រៀបបីដូចជាផ្កាមួយដើមដែលព្រះអង្គដាំនៅក្នុងសួនឧទ្យានរបស់ព្រះអង្គ។ ព្រះអង្គតែងតែថែទាំ តាក់តែងលំអផ្កានេះឲ្យមានសោភ័ណភាពប្លែកៗគ្នា ម្នាក់ៗមានលំអពិសេស ខុសដាច់ពីគេ។

ដោយដឹងថា យើងម្នាក់ៗសុទ្ធតែមានតម្លៃនាំចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ហើយដឹងថា ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់នឹងយើង ជីវិតរបស់យើងពិតជាមានន័យ និងមានសង្ឃឹមជានិច្ច។ ថ្ងៃថ្មី នាំមកនូវសោភ័ណភាពថ្មីជានិច្ច។ (សុខ ញ៉ឹប អរុណ)

John 20.21

jhn20v21

ពួកសាវ័កបានលះបង់អ្វីៗទាំងអស់ នាំគ្នាដើរតាមព្រះយេស៊ូ ព្រមទាំងសុខចិត្តថ្វាយជីវិតទាំងស្រុងដល់ព្រះអង្គ។ ពួកគេសង្ឃឹមថា ព្រះអម្ចាស់នឹងសង្គ្រោះអុីស្រាអែល ហើយដកភាពអាម៉ាស់ចេញពីប្រជាជាតិរបស់ពួកគេ។ ក៏ប៉ុន្តែ នៅពេលព្រះយេស៊ូត្រូវគេចាប់យកទៅឆ្កាង សេចក្តីសង្ឃឹមទាំងប៉ុន្មានរបស់ពួកគេ បានរលាយសូន្យអស់។ មិនតែប៉ុណ្ណោះសោត ពួកគេបាននាំគ្នាបោះបង់ចោលព្រះអង្គ ដោយការភ័យខ្លាច។ 

ទោះបីពួកសាវ័កបានបោះបង់ចោលព្រះយេស៊ូ ក៏ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គមិន ប្រែប្រួលឡើយ។ នៅថ្ងៃព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអម្ចាស់នៃជីវិតយាងមក រកពួកគេ ព្រះអង្គអត់ទោសពួកគេ ព្រះអង្គប្រទានព្រះវិញ្ញាណមកពួកគេ ព្រមទាំង ប្រទានកិច្ចការដ៏សំខាន់បំផុតដល់ពួកគេដែរ គឺឲ្យពួកគេនាំព្រះបន្ទូលនៃការអត់ទោស បាបទៅប្រកាសប្រាប់មនុស្សលោក ដើម្បីនាំពួកគេវិលមករស់ក្នុងមាគា៌របស់ព្រះអង្គវិញ។ 

ពេលនរណាម្នាក់ក្បត់ចិត្តយើង យើងពិបាកនឹងលើកលែងទោសឲ្យគេណាស់ តែព្រះជាម្ចាស់ ដែលប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គលើកលែងទោសឲ្យយើង ហើយទ្រង់មិនបោះបង់យើងឡើយ។ ព្រះអង្គវិលមករកយើងជានិច្ច ព្រមទាំងឲ្យយើងមានឱកាសបម្រើព្រះអង្គសាជាថ្មី។ (សុខ ញ៉ឹប អរុណ)


2 Cor 5.17

2Cor5v17

ការឈឺចុកចាប់ ការសោយទិវង្គត និងការរស់ឡើងវិញរបស់ព្រះយេស៊ូ ជាមូលហេតុ និងជាកត្តាដែលជំរុញឲ្យមានការកែប្រែក្នុងរបៀបរស់នៅរបស់អ្នកជឿម្នាក់ៗ   និង សហគមអ្នកជឿ (ក្រុមជំនុំ)។

ពេលយើងឮព្រះបន្ទូល ពេលយើងស្គាល់ព្រះអម្ចាស់ ពេលយើងមានព្រះជន្មរបស់ព្រះអង្គនៅក្នុងយើង យើងពុំអាចបន្តរស់ដូចពីមុន ហើយយើងក៏ពុំអាចវិលទៅកាន់ស្ថានភាពដើមបានដែរ។ ផ្ទុយទៅវិញ ជីវិតរបស់យើង ពាក្យសម្តីដែលយើងនិយាយ កាយវិការដែលយើងប្រព្រឹត្ត ត្រូវតែឆ្លុះបញ្ចាំងពីព្រះជន្មរបស់ព្រះអម្ចាស់នៅក្នុងយើង។ អ្វីៗទាំងអស់ត្រូវការប្រែជាថ្មីទាំងស្រុង ដោយសារព្រះចេស្តារបស់ព្រះវិញ្ញាណ។ (សុខ ញ៉ឹប អរុណ)

ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​ព្រះគ្រិស្ដ អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។ (២ កូរិនថូស ៥.១៧)

JOHN 6.68

Jhn 6v68

លោកពេត្រុស និងមិត្តភក្តិរបស់លោក បានលះបង់អ្វីៗទាំងអស់ដើម្បីតាមព្រះយេស៊ូ។មនុស្សជាច្រើនទៀតក៏បាននាំគ្នាតាមព្រះយេស៊ូដែរ    ក៏ប៉ុន្តែពេលព្រះអង្គមានព្រះបន្ទូលមិនត្រូវចិត្តរបស់ពួកគេ ពួកគេនាំគ្នាបង់ចោលព្រះអង្គ។ពីរពាន់ឆ្នាំក្រោយមកទៀតព្រះយេស៊ូនៅតែមានព្រះបន្ទូលដដែលមកកាន់យើងទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលមកកាន់យើងអំពីសេចក្តីពិតដែលនាំយើងទៅរកជីវិតអស់កល្បជានិច្ច         គឺព្រះអង្គមិនមានព្រះបន្ទូលដើម្បីផ្គាប់ចិត្តយើង ឬបំពេរអារម្មណ៍របស់យើងឡើយ។ ជីវិតដែលស្ថិតស្ថេរនៅអស់កល្បជានិច្ចមានសារៈសំខាន់ ណាស់សំរាប់យើងម្នាក់ៗ ហើយព្រះយេស៊ូតែមួយគត់ដែលជាមាគ៌ា និងជាទ្វារស្ថានសួគ៌។ ហេតុនេះហើយបានជាលោកពេត្រុសមានប្រសាសន៍ថា «​ព្រះអម្ចាស់អើយ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? មានតែព្រះអង្គទេដែលមានព្រះបន្ទូលនែ​​ជីវិត​អស់កល្ប​ជានិច្ច»។ សូមឲ្យពាក្យរបស់  លោកពេត្រុសក្លាយមកជាពាក្យអធិស្ឋានរបស់យើងនៅថ្ងៃនេះ។ (សុខ ញ៉ឹប អរុណ)


© Bible Society in Cambodia 2016