ព្រះគម្ពីរខ្មែរបកប្រែចាស់ ១៩៥៤ ដានីយ៉ែល ១
ដានីយ៉ែល
១ នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​យេហូយ៉ាគីម ជា​ស្តេច​យូដា​នោះ​នេប៊ូក្នេសា ជា​ស្តេច​យូដា នោះ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​មក​ឡោមព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម ២ នោះ​ព្រះអម្ចាស់​ទ្រង់​ប្រគល់​យេហូយ៉ាគីម ជា​ស្តេច​យូដា​ទៅ​ក្នុង​កណ្តាប់​ដៃ​នេប៊ូក្នេសា​ព្រម​ទាំង​គ្រឿង​ប្រដាប់​១​ភាគ ដែល​នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ​ផង ហើយ​ទ្រង់​ក៏​ដឹកនាំ​ទៅ​ឯ​ស្រុក​ស៊ីណើរ ដាក់​ក្នុង​វិហារ​របស់​ព្រះ​នៃ​ទ្រង់ គឺ​បាន​នាំ​យក​គ្រឿង​ប្រដាប់​ទាំង​នោះ​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ​នៃ​ខ្លួន ៣ ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​ដល់​អាសផ្នាស ជា​នាយ​លើ​ពួក​កំរៀវ​របស់​ទ្រង់ ឲ្យ​នាំ​ពូជ​ស្តេច និង​ពួក​មាន​ត្រកូល​ខ្ពស់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចូល​មក ៤ គឺ​ជា​មនុស្ស​កំឡោះៗ​ដែល​ឥត​មាន​ខ្ចោះ​អ្វី​សោះ ជា​អ្នក​ដែល​មាន​រូប​រាង​ល្អ ហើយ​ចេះ​ស្ទាត់​ក្នុង​គ្រប់​ទាំង​ចំណេះ ឆាប់​យល់​ខាង​សេចក្តី​ជ្រៅជ្រះ មាន​គំនិត​វាងវៃ និង​អស់​ទាំង​អ្នក​ដែល​មាន​ដំរិះ អាច​ធ្វើ​ការងារ​ក្នុង​ដំណាក់​ស្តេច​បាន ក៏​ប្រាប់​ឲ្យ​លោក​បង្រៀន​គេ​តាម​វិជ្ជា​នឹង​ភាសា​របស់​សាសន៍​ខាល់ដេ ៥ ស្តេច​ទ្រង់​ក៏​តម្រូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង​ចែក​ដល់​គេ​ជា​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ផង ហើយ​ឲ្យ​ចិញ្ចឹម​គេ​យ៉ាង​ដូច្នោះ​គ្រប់​៣​ឆ្នាំ ដើម្បី​កាល​ណា​សំរេច​ពេល​កំណត់​ហើយ នោះ​ឲ្យ​គេ​បាន​ធ្វើ​ការងារ​នៅ​ចំពោះ​ស្តេច ៦ រីឯ​ក្នុង​ពួក​អ្នក​ទាំង​ប៉ុន្មាន​នោះ មាន​ពួក​យូដា​ខ្លះ គឺ​មាន​ដានីយ៉ែល​១ ហាណានា​១ មីសាអែល​១ និង​អ័សារា​១ ៧ ឯ​ចៅហ្វាយ​លើ​ពួក​កំរៀវ លោក​ឲ្យ​មាន​ឈ្មោះ​ផ្សេង​វិញ គឺ​លោក​ឲ្យ​ដានីយ៉ែល​មាន​ឈ្មោះ​ថា បេលថិស្សាសារ ឲ្យ​ហាណានា​មាន​ឈ្មោះ​ថា សាដ្រាក់ ឲ្យ​មីសាអែល​មាន​ឈ្មោះ​ថា មែសាក់ ហើយ​ក៏​ឲ្យ​អ័សារា​មាន​ឈ្មោះ​ថា អ័បេឌ-នេកោ។ ៨ ប៉ុន្តែ​ដានីយ៉ែល​បាន​សំរេច​ក្នុង​ចិត្ត​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រា​ទំពាំងបាយជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ឡើយ បាន​ជា​លោក​សូម​ដល់​ចៅហ្វាយ​លើ​ពួក​កំរៀវ ដើម្បី​មិន​ឲ្យ​ខ្លួន​ត្រូវ​សៅហ្មង​ទៅ ៩ ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដានីយ៉ែល​បាន​ប្រកប​ដោយ​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់​របស់​ចៅហ្វាយ​នោះ ១០ ឯ​ចៅហ្វាយ​លើ​ពួក​កំរៀវ​នោះ ក៏​និយាយ​នឹង​ដានីយ៉ែល​ថា យើង​ខ្លាច​ព្រះករុណា ជា​ព្រះអម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​តម្រូវ​អាហារ និង​គ្រឿង​ផឹក​ដល់​អ្នក​ណាស់ ចង់​ឲ្យ​ទ្រង់​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នា​បាន​អាក្រក់​ជាង​ពួក​កំឡោះៗ​ស្រករ​នឹង​ឯង​ធ្វើ​អី យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​យើង​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ ១១ នោះ​ដានីយ៉ែល​និយាយ​ដល់​អ្នក​ដំរួត ដែល​ចៅហ្វាយ​ពួក​កំរៀវ​បាន​តាំង​ឲ្យ​ត្រួត​លើ​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ថា ១២ សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក​បាន​១០​ថ្ងៃ​មើល សូម​ឲ្យ​គេ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទទួល​ទាន​តែ​បន្លែ ហើយ​ផឹក​ទឹក​ប៉ុណ្ណោះ​ចុះ ១៣ រួច​សូម​លោក​មើល​មុខ​យើង​ខ្ញុំ ផ្ទឹម​នឹង​មុខ​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច ក៏​សូម​លោក​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​ឃើញ​ចុះ។ ១៤ ដូច្នេះ លោក​ក៏​ស្តាប់​តាម​គេ​ក្នុង​ដំណើរ​នោះ ក៏​ល្បង​ល​គេ​មើល​អស់​១០​ថ្ងៃ ១៥ លុះ​ដល់​ផុត​១០​ថ្ងៃ​ទៅ​នោះ​មុខ​គេ​បាន​ស្រស់​ជាង ហើយ​គេ​មាន​សាច់​ល្អ​ជាង​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត ១៦ ដូច្នេះ​អ្នក​ដំរួត​ក៏​ដក​យក​អាហារ និង​ស្រា​ទំពាំងបាយជូរ​ដែល​សំរាប់​ឲ្យ​គេ​ផឹក​ចេញ​ទៅ ហើយ​បាន​ឲ្យ​តែ​បន្លែ​ដល់​គេ​វិញ។ ១៧ រីឯ​មនុស្ស​កំឡោះ​ទាំង​៤​នាក់​នេះ ព្រះ​ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ដំរិះ ហើយ​ឲ្យ​បាន​ឆ្លៀវឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះ​នឹង​ប្រាជ្ញា ឯ​ដានីយ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់ស្តែង និង​ការ​យល់សប្តិ​ផង ១៨ លុះ​ដល់​កំណត់​ពេល ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​នាំ​គេ​ចូល​មក នោះ​ចៅហ្វាយ​លើ​ពួក​កំរៀវ ក៏​នាំ​គេ​ចូល​ទៅ​គាល់​នេប៊ូក្នេសា ១៩ ស្តេច​ទ្រង់​ក៏​មាន​ព្រះបន្ទូល​សន្ទនា​នឹង​គេ ហើយ​ក្នុង​ពួក​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ជា​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ឡើយ ដូច្នេះ អ្នក​ទាំង​នោះ​បាន​ធ្វើ​ការងារ នៅ​ចំពោះ​ស្តេច​ទៅ ២០ ហើយ​ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា និង​យោបល់ ដែល​ស្តេច​ទ្រង់​សួរ​ដល់​គេ នោះ​ក៏​ឃើញ​ថា គេ​វិសេស​ជាង​អស់​ទាំង​ពួក​គ្រូ​មន្តអាគម ហើយ​នឹង​គ្រូ​អង្គុយ​ធម៌ ដែល​នៅ​គ្រប់​ក្នុង​អាណា​ខេត្ត​ទ្រង់​១​ជា​១០​សួន ២១ ហើយ​ដានីយ៉ែល​ក៏​នៅ​រៀង​ត​ទៅ ដរាប​ដល់​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស្តេច​ស៊ីរូស។