ព្រះគម្ពីរខ្មែរបកប្រែចាស់ ១៩៥៤ សាស្តា ១
សាស្តា
១ ពាក្យ​ទាំង​នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ ដែល​ជា​បុត្រ​របស់​ដាវីឌ ស្តេច​នៅ​ក្រុង​យេរូសាឡិម ២ «ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ​ពោល​ទុក​ថា ការ​ឥត​ប្រយោជន៍​ទទេៗ គ្រប់​ទាំង​អស់​សុទ្ធ​តែ​អត់​ប្រយោជន៍​ទទេៗ ៣ តើ​មនុស្ស​មាន​កំរៃ​អ្វី​ខ្លះ ពី​អស់​ទាំង​ការ​ដែល​ខ្លួន​ខំ​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ ៤ មនុស្ស​ដំណ​១​កន្លង​បាត់​ទៅ ហើយ​ដំណ​១​ទៀត​កើត​ឡើង តែ​ផែនដី​ស្ថិតស្ថេរ​នៅ​ជា​ដរាប ៥ ថ្ងៃ​ក៏​រះ​ឡើង ហើយ​លិច​ទៅ​វិញ រួច​ប្រញាប់​នឹង​វិល​ទៅ​ឯ​កន្លែង​ដែល​រះ​ឡើង​នោះ​ទៀត ៦ ឯ​ខ្យល់​ក៏​បក់​ទៅ​ខាង​ត្បូង រួច​វិល​មក​ខាង​ជើង​វិញ គឺ​វិល​ទៅ​វិល​មក​ជានិច្ច ហើយ​ក៏​ត្រឡប់​មក​តាម​ផ្លូវ​ដដែល​ទៀត ៧ ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​ដដែល​វិញ​ទៀត ៨ គ្រប់​ទាំង​អស់​ចេះ​តែ​ជញ្ជាន់​ដដែលៗ​ជានិច្ច​ទាល់​តែ​មនុស្ស​រក​ថ្លែង​មិន​បាន ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ស្តាប់​ក៏​មិន​ចេះ​ពេញ​ដែរ ៩ របស់​ដែល​មាន​ពី​មុន​មក គឺ​របស់​នោះ​ឯង​ដែល​នឹង​មាន​ត​ទៅ​ទៀត ហើយ​ការ​ដែល​បាន​ធ្វើ​ពី​មុន​មក គឺ​ការ​នោះ​ឯង​ដែល​នឹង​ធ្វើ​រៀង​ត​ទៅ​ដែរ ឥត​មាន​អ្វី​ជា​ថ្មី​នៅ​ក្រោម​ថ្ងៃ​ឡើយ ១០ តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​នឹង​ថា មើល នេះ​ជា​របស់​ថ្មី​ទេ​ដូច្នេះ​គឺ​សុទ្ធ​តែ​បាន​មាន​នៅ តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​ទាំង​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង ១១ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ​អ្វីៗ​ដែល​ត្រូវ​មាន​នៅ​ខាង​មុខ​ដែរ។ ១២ យើង គឺ​ជា​គ្រូ​ប្រដៅ បាន​ធ្វើ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល នៅ​ក្រុង​យេរូសាឡិម ១៣ យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទំងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ ១៤ យើង​បាន​ឃើញ​បណ្តាការ​ដែល​មាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ជា​អសារ​ឥត​ការ​ផង ១៥ របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះខាត នោះ​នឹង​រាប់​មិន​បាន​ដែរ ១៦ យើង​បាន​នឹក​ក្នុង​ចិត្ត​ថា មើល យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូសាឡិម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​បាន​ធ្លាប់​បាន​ដឹង​ចំពោះ​ប្រាជ្ញា និង​ដំរិះ​ជា​ច្រើន​ហើយ ១៧ យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្តី​ចំកួត និង​សេចក្តី​ផ្តេសផ្តាស ក៏​យល់​ឃើញ​ថា ការ​នោះ​ជា​ការ​អសារ​ឥត​ការ​ដែរ។ ១៨ ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន នោះ​ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចំរើន​ចំណេះ នោះ​ក៏​ចំរើន​សេចក្តី​ព្រួយ​ឡើង​ដែរ។