ព្រះគម្ពីរខ្មែរបកប្រែចាស់ ១៩៥៤ នាង​អេសធើរ ១
អេសធើរ
១ រីឯ​នៅ​គ្រា​អ័ហាស៊ូរុស ជា​ស្តេច​ដែល​សោយរាជ្យ​លើ​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ រហូត​ដល់​អេធីយ៉ូពី ២ ក្នុង​គ្រា​នោះ កាល​ស្តេច​អ័ហាស៊ូរុស​ទ្រង់​គង់​លើ​បល្ល័ង្ករាជ្យ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ៣ គឺ​នៅ​ឆ្នាំ​ទី​៣​ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​បាន​ជប់លៀង​ដល់​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ជំនិត​ទ្រង់ មាន​ទាំង​ពួក​មេទ័ព​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ពួក​អ្នក​ធំ និង​ពួក​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ទ្រង់​ដែរ ៤ ទ្រង់​ក៏​បង្ហាញ​អស់​ទាំង​មហាសម្បត្តិ​នៃ​នគរ​ដ៏​ឧត្តុង្គឧត្តម​របស់​ទ្រង់ និង​កិត្តិយស​នៃ​អានុភាព​ដ៏​វិសេស​របស់​ទ្រង់ ឲ្យ​គេ​ឃើញ​ជា​យូរ​ថ្ងៃ គឺ​អស់​១៨០​ថ្ងៃ ៥ លុះ​កាល​ផុត​ថ្ងៃ​ទាំង​នោះ​ហើយ ស្តេច​ទ្រង់​ជប់លៀង​ដល់​ពួក​ជន​ទាំង​អស់ ទាំង​ធំ​ទាំង​តូច ដែល​នៅ​ស៊ូសាន​ជា​ក្រុង​ហ្លួង​អស់​៧​ថ្ងៃ នៅ​ត្រង់​ទីធ្លា​ក្នុង​ព្រះរាជ​ឧទ្យាន​នៃ​ដំណាក់​ស្តេច ៦ ដែល​មាន​សំពត់​ស បៃតង និង​ខៀវ​ចង​ដោយ​ខ្សែ​ខ្លូតទេស​ពណ៌​ស្វាយ ភ្ជាប់​នឹង​សសរ​ថ្ម​កែវ​ដោយ​ក្រវិល​ប្រាក់ ក៏​មាន​កៅអី​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ដាក់​លើ​កំរាល​ថ្ម​កែវ​ពណ៌​ក្រហម ស លឿង ហើយ​ខ្មៅ​ដែរ ៧ គេ​ឲ្យ​ផឹក​ដោយ​ប្រដាប់​មាស​ដែល​ផ្សេង​ពី​គ្នា​ទាំង​អស់ ហើយ​មាន​ស្រា​ទំពាំងបាយជូរ​របស់​ហ្លួង​ជា​បរិបូរ​តាម​សណ្ឋាន​ស្តេច ៨ តែ​គ្មាន​អ្នក​ណា​បង្ខំ​ឡើយ ដ្បិត​ស្តេច​ទ្រង់​បាន​ចេញ​ច្បាប់ បង្គាប់​ដល់​ពួក​ភ្នាក់ងារ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​តាម​ចិត្ត​របស់​មនុស្ស​នីមួយៗ។
៩ ឯ​ព្រះនាង​វ៉ាសធី ជា​អគ្គមហេសី ក៏​ជប់លៀង​ដល់​ពួក​ស្រីៗ នៅ​ក្នុង​ព្រះរាជដំណាក់​របស់​ស្តេច​អ័ហាស៊ូរុស​ដែរ ១០ លុះ​ដល់​ថ្ងៃ​ទី​៧ ក្នុង​កាល​ដែល​ស្តេច​ទ្រង់​មាន​ព្រះទ័យ​សប្បាយ​ដោយ​ស្រា នោះ​ទ្រង់​បង្គាប់​ដល់​មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និង​កើកាស ជា​ពួក​ក្រម​វាំង​ទាំង​៧​នាក់ ជា​អ្នក​ដែល​បំរើ​នៅ​ចំពោះ​ស្តេច​អ័ហាស៊ូរុស ១១ ឲ្យ​ទៅ​នាំ​ព្រះនាង​វ៉ាសធី ជា​អគ្គមហេសី​មក​នៅ​ចំពោះ​ទ្រង់ មាន​ទាំង​ពាក់​មកុដ​ផង ដើម្បី​នឹង​សំដែង​លំអ​ព្រះ​រូប​ដល់​បណ្តាជន និង​ដល់​ពួក​អ្នក​ជា​ប្រធាន​ទាំងឡាយ ពី​ព្រោះ​ព្រះនាង​មាន​រូបឆោម​ល្អ​ពេក​ណាស់ ១២ តែ​ព្រះនាង​វ៉ាសធី​មិន​ព្រម​មក​តាម​បង្គាប់​ស្តេច ដោយសារ​ពួក​ក្រម​វាំង​នោះ​ទេ ហេតុ​នោះ​ស្តេច​ទ្រង់​ក្រេវក្រោធ​ជា​ខ្លាំង ហើយ​សេចក្តី​កំហឹង​នោះ​ក៏​ឆួលឆេះ​ឡើង​ក្នុង​ព្រះទ័យ​ទ្រង់។
១៣ ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​សួរ ដល់​ពួក​អ្នក​ប្រាជ្ញ​ដែល​ស្គាល់​សម័យ​ប្រព្រឹត្ត ដ្បិត​តាម​ទំលាប់​របស់​ស្តេច​ទ្រង់​តែង​តែ​ពិគ្រោះ​នឹង​ពួក​អ្នក​ដែល​ចេះ​ស្ទាត់​ខាង​ច្បាប់ និង​សេចក្តី​វិនិច្ឆ័យ ១៤ រីឯ​បន្ទាប់​នឹង​ទ្រង់ មាន​កើសេណា សេថារ អ័ឌម៉ាថា តើស៊ីស មេរេស ម៉ាសេណា និង​មមូកាន ជា​នាយក​នៃ​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ទាំង​៧​នាក់​ដែល​ធ្លាប់​នៅ​ចំពោះ​ស្តេច ហើយ​ជា​អ្នក​លេខ​១​ក្នុង​នគរ ១៥ ទ្រង់​សួរ​ថា តាម​ច្បាប់ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដល់​ព្រះនាង​វ៉ាសធី ជា​អគ្គមហេសី ដ្បិត​ព្រះនាង​មិន​បាន​ធ្វើ​តាម​បង្គាប់​យើង ដោយសារ​ពួក​ក្រម​វាំង​ទេ ១៦ នោះ​មមូកាន លោក​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច និង​ពួក​នាយក​ទាំង​ប៉ុន្មាន​ថា អគ្គមហេសី ព្រះនាង​បាន​ប្រព្រឹត្ត​ខុស មិន​មែន​ត្រឹម​តែ​នឹង​ព្រះករុណា​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពួក​អ្នក​ជា​ប្រធាន និង​បណ្តាជន​ទាំងឡាយ ដែល​នៅ​អស់​ទាំង​ខេត្ត​របស់​ព្រះករុណា​ទៀត​ផង ១៧ ដ្បិត​ការ​ដែល​អគ្គមហេសី​ប្រព្រឹត្ត​នេះ គឺ​ឮ​ទៅ​ដល់​ពួក​ស្រីៗ ទាំង​អស់ បណ្តាល​ឲ្យ​គេ​មើលងាយ​ដល់​ប្តី​របស់​ខ្លួន​គ្រប់​គ្នា ដោយ​ដំណឹង​នេះ​បាន​ផ្សាយ​ទៅ​ថា ស្តេច​អ័ហាស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះនាង ជា​អគ្គមហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះនាង​មិន​ព្រម​ស្តេច​មក​ទេ ១៨ ហើយ​នៅ​ថ្ងៃ​នេះ ពួក​ខុនណាង​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ទាំង​ប៉ុន្មាន ដែល​ឮ​និយាយ​ពី​ការ​អគ្គមហេសី​បាន​ធ្វើ​នេះ គេ​នឹង​ប្រកែក​ដល់​ប្តី​ខ្លួន ជា​ពួក​ប្រធាន​នៃ​ស្តេច​ដូច្នោះ​ដែរ យ៉ាង​នោះ​នឹង​កើត​មាន​សេចក្តី​មើលងាយ និង​ស្តេច​ក្តី​កំហឹង​ជា​ច្រើន ១៩ បើ​សិន​ជា​ព្រះករុណា​សព្វ​ព្រះទ័យ នោះ​សូម​ទ្រង់​ចេញ​ព្រះរាជឱង្ការ ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​បាន​ឡើយ ហាម​មិន​ឲ្យ​ព្រះនាង​ចូល​មក​ចំពោះ​ព្រះករុណា​ទៀត ហើយ​សូម​ព្រះករុណា​ប្រគល់​ដំណែង​យស​ហ្លួង​របស់​ព្រះនាង ដល់​ស្ត្រី​ម្នាក់​ទៀត​ដែល​វិសេស​ជាង ២០ ដូច្នេះ កាល​ណា​ព្រះរាជឱង្ការ​របស់​ស្តេច​បាន​ប្រកាស​ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់ (រីឯ​នគរ​ទ្រង់​នោះ​ធំ​ណាស់) នោះ​ស្ត្រី​ទាំង​អស់​នឹង​គោរព​ប្រតិបត្តិ​ដល់​ប្តី​ខ្លួន ទោះ​ទាំង​ធំ​ទាំង​តូច​ផង
២១ សេចក្តី​នោះ​ក៏​គាប់​សព្វ​ព្រះទ័យ​ដល់​ស្តេច និង​ចិត្ត​នៃ​ពួក​នាយក​ផង រួច​សេ្តច​ទ្រង់​ក៏​ធ្វើ​តាម​ពាក្យ​របស់​មមូកាន ២២ ទ្រង់​ផ្ញើ​ព្រះរាជសារ​ទៅ​ដល់​អស់​ទាំង​ខេត្ត​របស់​ស្តេច គឺ​ដល់​គ្រប់​ទាំង​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ទៅ​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ បង្គាប់​ថា មនុស្ស​ប្រុសៗ ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​របស់​ខ្លួន ហើយ​សេចក្តី​នោះ​ក៏​បាន​ប្រកាស​ទួទៅ តាម​ភាសា​របស់​ជន​គ្រប់​ជាតិ។