ព្រះគម្ពីរខ្មែរបកប្រែចាស់ ១៩៥៤ ហូសេ ១
ហូសេ
១ នេះ​ជា​ព្រះបន្ទូល នៃ​ព្រះយេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី នៅ​ក្នុង​រាជ្យ​អូសៀស យ៉ូថាម អេហាស និង​ហេសេគា ជា​ស្តេច​ស្រុក​យូដា ហើយ​ក្នុង​គ្រា​ដែល​យេរ៉ូបោម ជា​កូន​យ៉ូអាស បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រាអែល ២ កាល​ព្រះយេហូវ៉ា​ទ្រង់​ចាប់​ផ្តើម​មាន​ព្រះបន្ទូល ដោយសារ​ហូសេ​ជា​មុន​ដំបូង នោះ​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​គាត់​ថា ចូរ​ឯង​ទៅ​យក​ស្រី​ដែល​ធ្លាប់​ប្រព្រឹត្ត​ជា​សំផឹង នាំ​មក​នៅ​ជា​មួយ​គ្នា ហើយ​បង្កើត​កូន​សហាយ​ចុះ ដ្បិត​ស្រុក​នេះ​តែង​ប្រព្រឹត្ត​ការ​កំផិត ចេញ​ពី​ព្រះយេហូវ៉ា​យ៉ាង​ខ្លាំង ៣ ដូច្នេះ លោក​ក៏​ទៅ​យក​នាង​កូមើរ ជា​កូន​ឌីប្លែម ហើយ​នាង​មាន ទំងន់​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​លោក ៤ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់ លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «យេសរាល»ទៅ ដ្បិត​នៅ​តែ​បន្តិច​ទៀត អញ​នឹង​សងសឹក​ដល់​ពួក​វង្ស​យេហ៊ូវ​ដោយ​ព្រោះ​ឈាម​យេសរាល​នោះ​ហើយ ក៏​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពួក​វង្ស​អ៊ីស្រាអែល​ផុត​ទៅ​ដែរ ៥ នៅ​គ្រា​នោះ អញ​នឹង​បំបាក់​ធ្នូ​របស់​ពួក​អ៊ីស្រាអែល នៅ​ក្នុង​ច្រក​ភ្នំ​យេសរាល ៦ នាង​មាន​ទំងន់​ម្តង​ទៀត ហើយ​បង្កើត​បាន​កូន​ស្រី​១ នោះ​ព្រះ​ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «ឡូ-រូហាម៉ា»ចុះ​ដ្បិត​អញ​នឹង​មិន​អាណិត​មេត្តា ដល់​ជំនួរវង្ស​អ៊ីស្រាអែល ដើម្បី​នឹង​អត់​ទោស​ដល់​គេ​ត​ទៅ ទៀត​ឡើយ ៧ តែ​អញ​នឹង​អាណិត​មេត្តា​ដល់​ពួក​វង្ស​យូដា ហើយ​នឹង​ជួយ​សង្គ្រោះ​គេ​មិន​មែន​ដោយ​ធ្នូ ដាវ ការ​តស៊ូ សេះ ឬ​ពល​សេះ​ទេ គឺ​នឹង​ជួយ​សង្គ្រោះ​គេ ដោយសារ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គេ​វិញ ៨ រីឯ​កាល​នាង​បាន​ផ្តាច់​ដោះ​ឡូ-រូហាម៉ា​ហើយ នាង​ក៏​មាន​ទំងន់​ទៀត​បង្កើត​បាន​កូន​ប្រុស​១ ៩ ព្រះ​ទ្រង់​បង្គាប់​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «ឡូ-អាំមី»ចុះ ដ្បិត​ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​អញ​ទេ អញ​ក៏​មិន​ព្រម​ធ្វើ​ជា​ព្រះ​របស់​ឯង​ដែរ។ ១០ ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មាន​ចំនួន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ ដែល​នឹង​វាល់ ឬ​រាប់​មិន​បាន​ឡើយ រួច​ក្រោយ​មក និង​កើត​មាន​ដូច្នេះ គឺ​ពាក្យ​ដែល​បាន​ពោល​ទុក​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ នោះ​នឹង​ផ្លាស់​ទៅ​ជា​ថា ឯង​រាល់​គ្នា​ជា​កូន​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ​វិញ ១១ គ្រា​នោះ ពួក​កូនចៅ​យូដា និង​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​បាន​រួបរួម​គ្នា ក៏​នឹង​តាំង​ឲ្យ​មាន​អ្នក​ជា​ប្រមុខ​តែ​១​លើ​ពួក​ខ្លួន ហើយ​នឹង​ឡើង​ចេញ​ពី​ស្រុក​ទៅ ដ្បិត​ថ្ងៃ​នៃ​យេសរាល​នឹង​បាន​ជា​ថ្ងៃ​យ៉ាង​សំបើម។