ព្រះគម្ពីរខ្មែរបកប្រែចាស់ ១៩៥៤ យ៉ូអែល ១
យ៉ូអែល
១ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ដែល​បាន​មក​ដល់​យ៉ូអែល ជា​កូន​ពេធូអែល។ ២ ឱ​ពួក​ចាស់​ព្រឹទ្ធាចារ្យ​ទាំងឡាយ​អើយ ចូរ​ស្តាប់​ចុះ​ឱ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ការ​យ៉ាង​នេះ​ដែល​កើត​មាន​ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា ឬ​ក្នុង​ជំនាន់​នៃ​ឪពុក​អ្នក​រាល់​គ្នា​ដែរ​ឬ ៣ ចូរ​ប្រាប់​ដល់​កូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ឲ្យ​កូន​ប្រាប់​ដល់​ចៅ រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ដំណ​ទៅ​មុខ​ទៀត​តៗ​ទៅ ៤ គឺ​ថា របស់​អ្វី​ដែល​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី ហើយ​អ្វី​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់ រួច​អ្វី​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។ ៥ ម្នាល​ពួក​ប្រមឹក ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំងបាយជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ​ដោយ​នឹក​ស្តាយ​ទឹក​ទំពាំងបាយជូរ​ផ្អែម ដ្បិត​ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ ៦ ពី​ព្រោះ​មាន​ជាតិ​១​ឡើង​មក​លើ​ស្រុក​អញ ជា​ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​ច្រើន​ឥត​គណនា​វា​មាន​ធ្មេញ​ដូច​ជា​ធ្មេញ​សិង្ហ មាន​ថ្គាម​ជា​របស់​សិង្ហ​ញី ៧ វា​បាន​បំផ្លាញ​ដើម​ទំពាំងបាយជូរ​របស់​អញ ក៏​បាន​ស៊ី​សំបុក​ដើម​ល្វា​របស់​អញ ព្រម​ទាំង​ឲ្យ​នៅ​រលីង​ផង គឺ​បាន​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ទៅ​ជា​ស​ទទេ។ ៨ ចូរ​សោក​ពិលាប ដូច​ជា​ស្រី​ក្រមុំ​ដែល​ស្លៀកពាក់​សំពត់​ធ្មៃ​កាន់​ទុក្ខ​ប្តី​ដែល​ដណ្តឹង​នាង​ពី​កាល​នៅ​ក្មេង ៩ ឯ​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ហើយ ពួក​សង្ឃ​ដែល​ធ្វើ​ការងារ​ថ្វាយ​ព្រះយេហូវ៉ា គេ​យំ​សោក ១០ ស្រែ​ចំការ​ត្រូវ​ខូចបង់ ហើយ​ស្រុក​កំពុង​សោយសោក ដ្បិត​ស្រូវ​ត្រូវ​បំផ្លាញ​ហើយ ទឹក​ទំពាំងបាយ​ជូរ​ថ្មី​បាន​ហួត​រីង ឯ​ប្រេង​ក៏​ខះ​ទៅ ១១ ឱ​ពួក​អ្នក​ធ្វើ​ស្រែ​ចំការ​អើយ ចូរ​ស្រឡាំងកាំង​នៅ ហើយ​ពួក​អ្នក​ថែ​រក្សា​ចំការ​ទំពាំងបាយជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​ព្រោះ​ស្រូវសាលី និង​ស្រូវ​ឱក ដ្បិត​ចំរូត​នៅ​ស្រែ​ចំការ​ខូច​អស់​ហើយ ១២ ដើម​ទំពាំងបាយជូរ​បាន​ស្វិត​ក្រៀម ហើយ​ដើម​ល្វា​ក៏​រោយរៀវ​ចុះ ឯ​ដើម​ទទឹម ដើម​លម៉ើរ និង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចំការ បាន​ស្វិត​ក្រៀម​ទៅ​អើ សេចក្តី​អំណរ​ក៏​បាន​រៀវ​បាត់​ពី​មនុស្ស​លោក​ដែរ។ ១៣ ឱ​ពួក​សង្ឃ​អើយ ចូរ​ក្រវាត់​ខ្លួន​ឡើង ហើយ​ទួញ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការងារ​ចំពោះ​អាសនា​អើយ ចូរ​ទ្រហោរយំ​ទៅ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការងារ​ថ្វាយ​ព្រះ​នៃ​ខ្ញុំ​អើយ ចូរ​មក​ដេក​គ្រលុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​អស់​១​យប់​ចុះ ដ្បិត​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច ត្រូវ​ឃាំង​នៅ មិន​ឲ្យ​ចូល​ក្នុង​ព្រះវិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ១៤ ចូរ​ញែក​ពេល​ចេញ ដើម្បី​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ ត្រូវ​ឲ្យ​ប្រមូល​ពួក​ចាស់ៗ និង​ពួក​អ្នក​ស្រុក​ទាំង​អស់​ឲ្យ​មក​ឯ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួច​អំពាវនាវ​ដល់​ព្រះយេហូវ៉ា​ទៅ។ ១៥ វរហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះយេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​ការ​បំផ្លាញ​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា ១៦ ឯ​អាហារ​តើ​មិន​បាន​ដាច់​ចេញ​ពី​ចំពោះ​ភ្នែក​យើង ព្រម​ទាំង​សេចក្តី​អំណរ និង​សេចក្តី​រីករាយ ពី​ព្រះវិហារ​របស់​ព្រះ​នៃ​យើង​ផង​ទេ​ឬ​អី ១៧ ឯ​ពូជ​ពង្រោះ​ក៏​ពុករលួយ​នៅ​ក្រោម​បំណែក​ដី ជង្រុក​ទាំង​ប៉ុន្មាន​ក៏​នៅ​ទទេ ហើយ​ក្រង់​ស្រូវ​ក៏​រលំ​អស់​ហើយ ពី​ព្រោះ​ស្រូវ​បាន​ស្វិត​ក្រៀម​ទៅ ១៨ អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ​ស៊ាន ហ្វូង​គោ​ត្រូវ​ស្រឡាំងកាំង ដ្បិត​គ្មាន​ទី​គង្វាល​រក​ស៊ី​សោះ អើ​ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​វិនាស​ដែរ ១៩ ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់ ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោស្ថាន ហើយ​អណ្តាត​ភ្លើង​បាន​ឆេះ​អស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ ២០ អើ សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន​ក៏​ដង្ហក់​រក​ទ្រង់ ពី​ព្រោះ​អស់​ទាំង​ជ្រោះ​ទឹក​បាន​រីង​ស្ងួត​ទៅ ភ្លើង​ក៏​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោស្ថាន​អស់​ហើយ។