១៤
របៀប​ប្រើ​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ​នៅ​ក្នុង​ក្រុមជំនុំ
១ ចូរ​ខំ​ប្រឹង​អោយ​មាន​ចិត្ត​ស្រឡាញ់ ចូរ​ប៉ងប្រាថ្នា​ចង់​បាន​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ​ដែរ ជា​ពិសេស ការ​ថ្លែង​ព្រះបន្ទូល*។ ២ អ្នក​ណា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* អ្នក​នោះ​និយាយ​ទៅ​កាន់​ព្រះជាម្ចាស់ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​ព្រះវិញ្ញាណ​នាំ​ចិត្ត​អ្នក​នោះ​អោយ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។ ៣ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង*​ព្រះបន្ទូល អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់​តឿន និង​លើក​ទឹក​ចិត្ត​គេ។ ៤ អ្នក​ណា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ អ្នក​នោះ​កសាង​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​អ្នក​ថ្លែង​ព្រះបន្ទូល​វិញ កសាង​ក្រុមជំនុំ។
៥ ខ្ញុំ​ចង់​អោយ​បង​ប្អូន​ចេះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់​អោយ​បង​ប្អូន​ចេះ​ថ្លែង​ព្រះបន្ទូល។ អ្នក​ថ្លែង​ព្រះបន្ទូល​សំខាន់​ជាង​អ្នក​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ទៅ​ទៀត លើកលែង​តែ​អ្នក​និយាយ​នោះ​បក​ប្រែ​អោយ​គេ​យល់ ដើម្បី​កសាង​ក្រុមជំនុំ​ទើប​សំខាន់។ ៦ បង​ប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បង​ប្អូន ទាំង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បង​ប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​សំដែង​ប្រាប់ ឬ​និយាយ​អំពី​គំរោងការ​របស់​ព្រះជាម្ចាស់​អោយ​បង​ប្អូន​ដឹង ថ្លែង​ព្រះបន្ទូល ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បង​ប្អូន​ជាង។
៧ ប្រសិន​បើ​ឧបករណ៍​តន្ត្រី ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​អោយ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន? ៨ បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​នរណា​នឹង​រៀបចំ​ខ្លួន​ទៅ​ច្បាំង?។ ៩ រីឯ​បង​ប្អូន ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​បង​ប្អូន​និយាយ​ភាសា​ចំឡែក​អស្ចារ្យ តែ​មិន​បក​ស្រាយ​ន័យ​ទេ​នោះ ធ្វើ​ម្ដេច​នឹង​អោយ​គេ​ដឹង​សេចក្ដី​ដែល​បង​ប្អូន​និយាយ​នោះ​កើត? ដូច្នេះ បង​ប្អូន​និយាយ​ឥត​បាន​ការ​អ្វី​សោះ!
១០ ក្នុង​លោក​នេះ មាន​ពាក្យ​ជា​ច្រើន​ឥត​គណនា តែ​ពាក្យ​នីមួយៗ​សុទ្ធ​តែ​មាន​ន័យ។ ១១ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។ ១២ រីឯ​បង​ប្អូន​វិញ បើ​បង​ប្អូន​ប៉ងប្រាថ្នា​ចង់​បាន​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ ដូច្នេះ ត្រូវ​រក​អោយ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​ព្រះអំណោយ​ទាន​សំរាប់​កសាង​ក្រុមជំនុំ*។
១៣ ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ត្រូវ​អធិស្ឋាន*​សុំ​អោយ​ចេះ​បក​ប្រែ​ន័យ​ផង។ ១៤ ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចំឡែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះគិត​អ្វី​ទេ។ ១៥ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ១៦ បើ​បង​ប្អូន​អរ​ព្រះគុណ​ព្រះអង្គ ដោយ​វិញ្ញាណ​របស់​បង​ប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​អោយ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះគុណ​របស់​បង​ប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បង​ប្អូន​និយាយ​អ្វី​ផង​នោះ! ១៧ បង​ប្អូន​បាន​អរ​ព្រះគុណ​ដូច្នេះ ល្អ​វិសេសវិសាល​ហើយ តែ​បង​ប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។ ១៨ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​លើស​បង​ប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត ១៩ ក៏​ប៉ុន្តែ នៅ​ក្នុង​ក្រុមជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដែល​គេ​យល់ ដើម្បី​ទូន្មាន​អ្នក​ឯ​ទៀតៗ​ជា​ជាង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់ ដែល​គ្មាន​នរណា​ស្ដាប់​បាន។
២០ បង​ប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​អោយ​សម​ជា​មនុស្ស​ពេញ​វ័យ។ ២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​ថាៈ
«យើង​និយាយ​ទៅ​កាន់​ប្រជារាស្ត្រ​នេះ
តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ
តាម​រយៈ​បបូរ​មាត់​ជន​បរទេស
ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ
ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល»​។
២២ ការ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ ជា​ទី​សំគាល់​មួយ​សំរាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សំរាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​ព្រះបន្ទូល​វិញ ជា​ទី​សំគាល់​មួយ​សំរាប់​អ្នក​ជឿ មិន​មែន​សំរាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។ ២៣ ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុមជំនុំ*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បង​ប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកលចរិត​មិន​ខាន!។ ២៤ ផ្ទុយ​ទៅ​វិញ បើ​បង​ប្អូន​ថ្លែង​ព្រះបន្ទូល​ទាំង​អស់​គ្នា ហើយ​មាន​អ្នក​មិន​ជឿ ឬ​អ្នក​ដែល​គ្រាន់​តែ​ចង់​ស្ដាប់​ចូល​មក នោះ​ពាក្យ​ទាំង​អស់​ដែល​គេ​បាន​ឮ មុខ​ជា​នាំ​អោយ​គេ​ដឹង​ថា ខ្លួន​មាន​កំហុស ត្រូវ​ជាប់​ទោស។ ២៥ ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ត​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី​ថ្វាយបង្គំ​ព្រះជាម្ចាស់​ទាំង​ប្រកាស​ថាៈ «ព្រះជាម្ចាស់​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​បង​ប្អូន​មែន!»​។
សណ្ដាប់​ធ្នាប់​ក្នុង​ក្រុមជំនុំ
២៦ បង​ប្អូន​អើយ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?។ ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​ព្រះជាម្ចាស់ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​ព្រះជាម្ចាស់​សំដែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុមជំនុំ។ ២៧ បើ​បង​ប្អូន​និយាយ​ភាសា​ចំឡែក​អស្ចារ្យ ត្រូវ​អោយ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។ ២៨ ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ​នោះ បង​ប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ក្នុង​ក្រុមជំនុំ​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ត និង​និយាយ​ទៅ​កាន់​ព្រះជាម្ចាស់​បាន​ហើយ។ ២៩ រីឯ​ការ​ថ្លែង​ព្រះបន្ទូល​វិញ ត្រូវ​អោយ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។ ៣០ បើ​មាន​នរណា​ម្នាក់​ដែល​អង្គុយ​ក្នុង​អង្គ​ប្រជុំ​នោះ បាន​ទទួល​គំនិត​អ្វី​មួយ​ពី​ព្រះជាម្ចាស់ ត្រូវ​អោយ​អ្នក​កំពុង​និយាយ​ផ្អាក​សិន ៣១ ដ្បិត​បង​ប្អូន​ទាំង​អស់​គ្នា​អាច​ថ្លែង​ព្រះបន្ទូល​ម្នាក់​ម្ដងៗ ដើម្បី​បាន​ទទួល​ការ​អប់រំ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​គ្រប់ៗ​គ្នា។ ៣២ ព្រះអំណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះបន្ទូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ព្រះបន្ទូល ៣៣ ដ្បិត​ព្រះជាម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​ការ​ខ្វះ​សណ្ដាប់ធ្នាប់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​សុខសាន្ត។
៣៤ សូម​អោយ​ស្ត្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ក្រុមជំនុំ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ​ ដូច​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យវិន័យ​ស្រាប់។ ៣៥ ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ត្រីៗ​និយាយ​ក្នុង​ក្រុមជំនុំ មិន​សមរម្យ​ទេ។
៣៦ តើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ចេញ​មក​ពី​ចំណោម​បង​ប្អូន​ឬ? ឬ​មួយ​មាន​តែ​បង​ប្អូន​ប៉ុណ្ណោះ​ទេ​ដែល​បាន​ទទួល​ព្រះបន្ទូល? ៣៧ ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ព្រះបន្ទូល ឬ​ស្មាន​ថា ខ្លួន​ជា​អ្នក​ទទួល​អំណោយ​ទាន​ពី​ព្រះវិញ្ញាណ ត្រូវ​អោយ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ជូន​មក​បង​ប្អូន​នេះ ក៏​ជា​បទ​បញ្ជា​របស់​ព្រះអម្ចាស់​ដែរ ៣៨ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ស្គាល់​បទ​បញ្ជា​នេះ​ទេ ព្រះជាម្ចាស់​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។
៣៩ ហេតុ​នេះ បង​ប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​ព្រះបន្ទូល ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​អោយ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ឡើយ ៤០ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់​ធ្នាប់។