១៦
ព្រះជាម្ចាស់​ជ្រើស​រើស​យុវជន​ដាវីឌ​ជា​ស្ដេច​ថ្មី
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​សាំយូអែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្ដាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​អោយ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​អោយ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​អោយ​ទៅ​ផ្ទះ​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​អោយ​ធ្វើ​ជា​ស្ដេច ដែល​ត្រូវ​ចិត្ត​យើង»។ ២ លោក​សាំយូអែល​ទូល​ថា៖ «តើ​អោយ​ទូលបង្គំ​ទៅ​ម្ដេច​កើត? បើ​ព្រះបាទ​សូល​ជ្រាប ស្ដេច​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ដឹក​គោ​ញី​ស្ទាវ​មួយ​ទៅ ហើយ​ប្រាប់​គេ​ថា ខ្ញុំ​មក​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ៣ ចូរ​អញ្ជើញ​លោក​អ៊ីសាយ​អោយ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញបូជា​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​អោយ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​អភិសេក​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។
៤ លោក​សាំយូអែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះអម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម។ អស់​លោក​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​លោក ទាំង​ភ័យ​ញាប់ញ័រ ហើយ​សួរ​លោក​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។ ៥ លោក​សាំយូអែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​វិសុទ្ធ* ហើយ​មក​ថ្វាយ​យញ្ញបូជា​ជា​មួយ​ខ្ញុំ»។ លោក​សាំយូអែល​ក៏​ធ្វើ​ពិធី​ជំរះ​កាយ​ជូន​លោក​អ៊ីសាយ ព្រម​ទាំង​កូន​ប្រុសៗ​អោយ​បាន​វិសុទ្ធ និង​អញ្ជើញ​ពួក​គេ​អោយ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញបូជា​ដែរ។ ៦ កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ លោក​សាំយូអែល​ក្រឡេក​ឃើញ​អេលាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស»។ ៧ ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះអម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះអម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។ ៨ លោក​អ៊ីសាយ​ហៅ​អប៊ីណាដាប់​អោយ​ដើរ​នៅ​មុខ​លោក​សាំយូអែល លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​ក៏​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។ ៩ លោក​អ៊ីសាយ​អោយ​សាម៉ា​ដើរ​នៅ​មុខ​លោក​សាំយូអែល។ លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​ក៏​មិន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។ ១០ លោក​អ៊ីសាយ​អោយ​កូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​ដើរ​នៅ​មុខ​លោក​សាំយូអែល តែ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​នេះ ព្រះអម្ចាស់​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ឡើយ ១១ តើ​លោក​គ្មាន​កូន​ណា​ផ្សេង​ទេ​ឬ?»។ លោក​អ៊ីសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ចូរ​អោយ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។ ១២ លោក​អ៊ីសាយ​ចាត់​គេ​អោយ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​ចាក់​ប្រេង​អភិសេក​គេ​ចុះ!»។ ១៣ លោក​សាំយូអែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះវិញ្ញាណ​របស់ព្រះអម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាំយូអែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។
យុវជន​ដាវីឌ​ចូល​បំរើ​ព្រះបាទ​សូល
១៤ ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​ចាក​ចេញ​ពី​ព្រះបាទ​សូល ហើយ​មាន​វិញ្ញាណ​អាក្រក់​មួយ​មក​ពីព្រះអម្ចាស់ ធ្វើ​អោយ​ស្ដេច​វិលវល់​ស្មារតី។ ១៥ ពួក​មន្ត្រី​របស់​ព្រះបាទ​សូល​ទូល​ស្ដេច​ថា៖ «មាន​វិញ្ញាណ​អាក្រក់​មក​ពី​ព្រះជាម្ចាស់ បណ្ដាល​អោយ​ព្រះករុណា​វិលវល់​ស្មារតី​ដូច្នេះ។ ១៦ សូម​ព្រះករុណា​មាន​រាជឱង្ការ​មក​ចុះ យើង​ខ្ញុំ​រង់ចាំ​ធ្វើ​តាម​បញ្ជា​ជានិច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ មក​ថ្វាយ​ព្រះករុណា។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះជាម្ចាស់​មក​សង្កត់​លើ​ព្រះករុណា អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​អោយ​ព្រះករុណា​បាន​ធូរ​ស្រាល»។ ១៧ ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «ចូរ​ទៅ​រក​អ្នក​លេង​ភ្លេង​ដ៏​ចំណាន​ម្នាក់ ហើយ​នាំ​មក​ជួប​ខ្ញុំ»។ ១៨ រាជ​បំរើ​ម្នាក់​ទូល​ថា៖ «ទូលបង្គំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​អ៊ីសាយ អ្នក​ភូមិ​បេថ្លេហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់អាច ជា​អ្នក​ចំបាំង​ដ៏​ខ្លាំងក្លា ឈ្លាសវៃ​ក្នុង​ការ​និយាយ​ស្ដី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ព្រះអម្ចាស់​ក៏​គង់​នៅ​ជា​មួយ​ដែរ»។ ១៩ ព្រះបាទ​សូល​ចាត់​អ្នក​នាំ​សារ​ទៅ​ប្រាប់​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេហិម​ថា៖ «សូម​អោយ​ដាវីឌ ជា​កូន​ប្រុស​របស់​លោក ដែល​ជា​អ្នក​ឃ្វាល​ចៀម​នោះ មក​ជួប​យើង»។ ២០ លោក​អ៊ីសាយ​យក​លា​មួយ​មក លោក​រៀបចំ​នំបុ័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ដាវីឌ​ជា​កូន​អោយ​យក​ទៅ​ថ្វាយ​ព្រះបាទ​សូល។ ២១ យុវជន​ដាវីឌ​ទៅ​ដល់ ចូល​គាល់​ព្រះបាទ​សូល ហើយ​នៅ​បំរើ​ស្ដេច។ ព្រះបាទ​សូល​ស្រឡាញ់​ដាវីឌ​ណាស់ ទ្រង់​អោយ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​ស្ដេច។ ២២ ព្រះបាទ​សូល​ចាត់​គេ​អោយ​ទៅ​ប្រាប់​លោក​អ៊ីសាយ​ថា៖ «សូម​អោយ​ដាវីឌ​នៅ​បំរើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។
២៣ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះជាម្ចាស់​មក​សង្កត់​លើ​ព្រះបាទ​សូល ដាវីឌ​ទាញ​ពិណ​យក​មក​ដេញ។ ពេល​នោះ ព្រះបាទ​សូល​បាន​ធូរ​ស្រាល និង​ស្រួល​ខ្លួន​ឡើង​វិញ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​ដែរ។