១ ចំពោះ​ពេល​វេលា និង​ពេល​កំណត់​នោះ យើង​មិន​បាច់​សរសេរ​មក​ប្រាប់​បង​ប្អូន​ទេ ២ ដ្បិត​បង​ប្អូន​ផ្ទាល់​ជ្រាប​ច្បាស់​ហើយ​ថា ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក ប្រៀប​បី​ដូច​ជា​ចោរ​ចូល​លួច​នៅ​ពេល​យប់។ ៣ ពេល​ណា​មនុស្សម្នា​ពោល​ថា “មាន​សន្តិភាព​ហើយ! មាន​សន្តិសុខ​ហើយ!” ពេល​នោះ មហន្តរាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សំរាល​កូន​ដែរ។ ៤ រីឯ​បង​ប្អូន​វិញ បង​ប្អូន​អើយ បង​ប្អូន​មិន​មែន​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត បណ្ដោយ​អោយ​ថ្ងៃ​នោះ​មក​ដល់ ដោយ​មិន​ដឹង​ខ្លួន ដូច​ជា​ពេល​ចោរ​ចូល​លួច​នោះ​ឡើយ។ ៥ បង​ប្អូន​ទាំង​អស់​គ្នា​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​ យើង​មិន​មែន​រស់​នៅ​ក្នុង​យប់​អន្ធការ និង​ក្នុង​សេចក្ដី​ងងឹត​ទេ។ ៦ ហេតុ​នេះ​យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជានិច្ច។ ៧ អស់​អ្នក​ដែល​ដេក​លក់​តែង​ដេក​លក់​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ស្រវឹង​ស្រា​ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។ ៨ រីឯ​យើង​ដែល​មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​វិញ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ដោយ​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវក្រោះ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក ៩ ដ្បិត​ព្រះជាម្ចាស់​មិន​បាន​តំរូវ​អោយ​យើង​ទទួល​ទោស​ឡើយ គឺ​ព្រះអង្គ​អោយ​យើង​ទទួល​ការ​សង្គ្រោះ ដោយសារ​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង ១០ បាន​សោយ​ទិវង្គត​សំរាប់​យើង ដើម្បី​អោយ​យើង​រស់​រួម​ជា​មួយ​ព្រះអង្គ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី​។ ១១ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បង​ប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។
ពាក្យ​ដាស់​តឿន​ផ្សេងៗ និង​ពាក្យ​សួរ​សុខ​ទុក្ខ
១២ បង​ប្អូន​អើយ យើង​សូម​អង្វរ​បង​ប្អូន​អោយ​ចេះ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយហត់ ក្នុង​ចំណោម​បង​ប្អូន ជា​អ្នក​នាំ​មុខ​បង​ប្អូន​ក្នុង​មាគ៌ា​ព្រះអម្ចាស់ និង​អប់រំ​បង​ប្អូន។ ១៣ ត្រូវ​លើក​តម្លៃ​បង​ប្អូន​ទាំង​នោះ​អោយ​បាន​ខ្ពស់​បំផុត ទាំង​មាន​ចិត្ត​ស្រឡាញ់ ដោយ​យល់​ដល់​កិច្ចការ​ដែល​គេ​បំពេញ​នោះ​ផង។ ត្រូវ​រស់​នៅ​អោយ​បាន​សុខ​ជា​មួយ​គ្នា។
១៤ បង​ប្អូន​អើយ យើង សូម​ដាស់​តឿន​បង​ប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់​ធ្នាប់ ចូរ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។
១៥ ចូរ​ប្រយ័ត្ន កុំ​អោយ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ឡើយ តែ​ត្រូវ​សង្វាត​ធ្វើ​អំពើ​ល្អ​ជានិច្ច គឺ​ធ្វើ​ចំពោះ​បង​ប្អូន​គ្នា​ឯង និង​ចំពោះ​មនុស្ស​ទួទៅ។
១៦ ចូរ​មាន​អំណរ​សប្បាយ​ជានិច្ច ១៧ ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ១៨ ចូរ​អរ​ព្រះគុណ​ព្រះជាម្ចាស់​គ្រប់​កាលៈទេសៈ​ទាំង​អស់ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​បង​ប្អូន ដែល​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ​ធ្វើ​ដូច្នេះ​ឯង។
១៩ កុំ​រារាំង​សកម្មភាព​របស់​ព្រះវិញ្ញាណ​ឡើយ ២០ កុំ​មើលងាយ​ការ​ថ្លែង​ព្រះបន្ទូល ២១ ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។ ២២ ត្រូវ​ចៀស​ចេញ​អោយ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។
២៣ សូម​ព្រះជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​ប្រោស​បង​ប្អូន​អោយ​បាន​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែរក្សា​ខ្លួន​បង​ប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​អោយ​បាន​ស្អាត​ឥត​សៅហ្មង នៅ​ថ្ងៃ​ព្រះយេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង​យាង​មក។ ២៤ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន​មក ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​សំរេច​ការ​នេះ​ជា​ពុំខាន។
២៥ បង​ប្អូន​អើយ សូម​អធិស្ឋាន*​អោយ​យើង​ផង។ ២៦ សូម​ជំរាប​សួរ​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ស្និទ្ធស្នាល។
២៧ ខ្ញុំ​សូម​អង្វរ​បង​ប្អូន ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ អោយ​បង​ប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។
២៨ សូម​អោយ​បង​ប្អូន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ ជា​អម្ចាស់​នៃ​យើង។