២១
១ កាល​ព្រះបាទ​យ៉ូសាផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ។ ព្រះបាទ​យ៉ូរ៉ាម​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះបាទ​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្សាវតារក្សត្រ ៨:១៧-២៤)
២ ព្រះបាទ​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្ដេច​អសារា យេហ៊ីអែល សាការី អសារា មីកែល និង​សេផាធា ហើយ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសាផាត ស្ដេច​អ៊ីស្រាអែល​។ ៣ ព្រះបាទ​យ៉ូសាផាត​ជា​បិតា បាន​ចែក​អំណោយ​ជា​មាស​ជា​ប្រាក់​យ៉ាង​ច្រើន អោយ​បុត្រ​ឯ​ទៀតៗ ព្រម​ទាំង​ប្រគល់​ក្រុង​នានា​ដែល​មាន​កំពែង​រឹងមាំ ក្នុង​ស្រុក​យូដា​អោយ​បុត្រ​ទាំង​នោះ​កាន់​កាប់​ទៀត​ផង តែ​ស្ដេច​ប្រគល់​រាជ​សម្បត្តិ​អោយ​ព្រះបាទ​យ៉ូរ៉ាម ព្រោះ​ជា​បុត្រ​ច្បង។
៤ កាល​ព្រះបាទ​យ៉ូរ៉ាម​ឡើង​ស្នង​រាជ្យ​បិតា និង​ពង្រឹង​អំណាច​បាន​ហើយ ស្ដេច​ធ្វើ​គុត​អនុជ​ទាំង​អស់ ដោយ​មុខ​ដាវ ព្រម​ទាំង​សម្លាប់​មេ​ដឹក​នាំ​មួយ​ចំនួន​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ផង។
៥ នៅ​ពេល​ឡើង​សោយ​រាជ្យ ព្រះបាទ​យ៉ូរ៉ាម​មាន​ជន្មាយុ​សាមសិប​ពីរ​ព្រះវស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ ៦ ស្ដេច​ដើរ​តាម​មាគ៌ា​របស់​ស្ដេច​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល និង​ប្រព្រឹត្ត​ដូច​រាជវង្ស​របស់​ព្រះបាទ​អហាប់​ដែរ ព្រោះ​ស្ដេច​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះបាទ​អហាប់​ ហើយ​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ៧ ប៉ុន្តែ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​លុប​បំបាត់​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ទេ ព្រោះ​យល់​ដល់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​ចង​ជា​មួយ​ព្រះបាទ​ដាវីឌ ហើយ​ព្រះអង្គ​ក៏​បាន​សន្យា​ថា​នឹង​ប្រោស​ប្រទាន​អោយ​ពូជពង្ស​របស់​ព្រះបាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ​។
៨ ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជន​ជាតិ​អេដុម​បាន​បះបោរ​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់​ជន​ជាតិ​យូដា ហើយ​នាំ​គ្នា​តែងតាំង​ស្ដេច​មួយ​អង្គ អោយ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។ ៩ ពេល​នោះ ព្រះបាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ ដោយ​មាន​ពួក​មេទ័ព និង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កងទ័ព​អេដុម​បាន​ឡោមព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជាការ​កង​រទេះ​ចំបាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ។ ១០ តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​អេដុម បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួតត្រា​របស់​ជន​ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីបណា​ក៏​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ព្រះបាទ​យ៉ូរ៉ាម​ដែរ ព្រោះ​ស្ដេច​បាន​បោះ​បង់​ចោល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។ ១១ ព្រះបាទ​យ៉ូរ៉ាម​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ លើ​ភ្នំ​ទាំងឡាយ​ក្នុង​ស្រុក​យូដា។ ស្ដេច​ជំរុញ​អ្នក​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​អោយ​គោរព​ព្រះ​ដទៃ​។ ១២ ស្ដេច​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ព្យាការី​អេលីយ៉ា ដែល​មាន​សេចក្ដី​ដូច​ត​ទៅ “ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះបាទ​ដាវីឌ ជា​អយ្យកោ​របស់​ព្រះករុណា​មាន​ព្រះបន្ទូល​ថា ព្រះករុណា​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះបាទ​យ៉ូសាផាត ជា​បិតា​របស់​ព្រះករុណា​ទេ ហើយ​ព្រះករុណា​ក៏​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា​ដែរ។ ១៣ ផ្ទុយ​ទៅ​វិញ ព្រះករុណា​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​ទាំងឡាយ​នៃ​ស្រុក​អ៊ីស្រាអែល ព្រះករុណា​ទាក់ទាញ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម អោយ​គោរព​ព្រះ​ដទៃ ដូច​រាជវង្ស​របស់​ស្ដេច​អហាប់​បាន​ប្រព្រឹត្ត ហើយ​ព្រះករុណា​បាន​សម្លាប់​ប្អូន​បង្កើត​របស់​ព្រះករុណា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ប្រសើរ​ជាង​ព្រះករុណា​ដែរ។ ១៤ ហេតុ​នេះ​ព្រះអម្ចាស់​នឹង​ប្រហារ​ប្រជារាស្ត្រ ព្រម​ទាំង​បុត្រា មហេសី និង​ទ្រព្យ​សម្បត្តិ​របស់​ព្រះករុណា ដោយ​គ្រោះ​កាច​ដ៏​សាហាវ។ ១៥ រីឯ​ព្រះករុណា​វិញ ព្រះជាម្ចាស់​នឹង​ធ្វើ​អោយ​ព្រះករុណា​មាន​ជំងឺ​ជា​ទម្ងន់ គឺ​ព្រះករុណា​នឹង​មាន​រោគ​ពោះ​វៀន ដែល​បណ្ដាល​អោយ​ព្រះករុណា​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​ពោះ​វៀន​ធ្លាយ​ចេញ​មក”។
១៦ ព្រះអម្ចាស់​បាន​ជំរុញ​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អារ៉ាប់ ដែល​រស់​នៅ​ក្បែរ​ជន​ជាតិ​អេត្យូពី អោយ​មាន​គំនិត​ប្រឆាំង​នឹង​ព្រះបាទ​យ៉ូរ៉ាម។ ១៧ អ្នក​ទាំង​នោះ លើក​គ្នា​ចូល​មក​រាត​ត្បាត​ស្រុក​យូដា និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​វាំង​ស្ដេច ព្រម​ទាំង​ចាប់​បុត្រ និង​មហេសី​របស់​ស្ដេច នាំ​យក​ទៅ​ជា​មួយ​ផង គឺ​នៅ​សល់​តែ​សម្ដេច​អហាស៊ីយ៉ា​មួយ​អង្គ​គត់ ដែល​ក្មេង​ជាង​គេ។
១៨ បន្ទាប់​មក ព្រះអម្ចាស់​ប្រហារ​ស្ដេច​ដោយ​ជំងឺ​ពោះ​វៀន ដែល​ពុំ​អាច​ព្យាបាល​អោយ​ជា​បាន​ឡើយ។ ១៩ ជំងឺ​នោះ​កាន់​តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ។ ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ​វៀន​របស់​ស្ដេច​យ៉ូរ៉ាម​ក៏​ធ្លាយ​ចេញ​ពី​រូប​កាយ ហើយ​ស្ដេច​សោយ​ទិវង្គត ដោយ​ឈឺ​ចាប់​បំផុត។ ប្រជាជន​ពុំ​បាន​ធ្វើ​ពិធី​ថ្វាយ​ព្រះភ្លើង​ចំពោះ​ស្ដេច ដូច​គេ​បាន​ធ្វើ​ចំពោះ​អយ្យកោ​របស់​ស្ដេច​ឡើយ។
២០ ព្រះបាទ​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​សាមសិប​ពីរ​ព្រះវស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ ពេល​ស្ដេច​សោយ​ទិវង្គត គ្មាន​នរណា​សោក​ស្ដាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ព្រះបាទ​ដាវីឌ តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សំរាប់​ព្រះមហាក្សត្រ​ឡើយ។