២៤
ព្រះបាទ​យ៉ូអាស​ជួសជុល​ព្រះវិហារ
(២​ពង្សាវតារក្សត្រ ១២:១-១៧)
១ ព្រះបាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ប្រាំពីរ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​សែសិប​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរសេបា។ ២ ព្រះបាទ​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា។ ៣ លោក​យេហូយ៉ាដា​រក​បាន​មហេសី​ពីរ​អង្គ​មក​ថ្វាយ​ព្រះបាទ​យ៉ូអាស ហើយ​ស្ដេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។
៤ ក្រោយ​មក ព្រះបាទ​យ៉ូអាស​មាន​បំណង​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ៥ ស្ដេច​កោះ​ហៅ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី អោយ​មក​ជួបជុំ​គ្នា ហើយ​មាន​រាជឱង្ការ​ថា៖ «សូម​អស់​លោក​អញ្ជើញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​រៀង​រាល់​ឆ្នាំ​ត្រូវ​ប្រមូល​ប្រាក់​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ដើម្បី​ជួសជុល​ព្រះដំណាក់​នៃ​ព្រះ​របស់​អស់​លោក។ សូម​សំរេច​ការ​នេះ​អោយ​បាន​ឆាប់ៗ​ផង»។ ប៉ុន្តែ ក្រុម​លេវី​ពុំ​បាន​ធ្វើ​ការ​នេះ​អោយ​បាន​រួសរាន់​ទេ។ ៦ ព្រះរាជា​ក៏​ត្រាស់​ហៅ​លោក​មហា​បូជាចារ្យ​យេហូយ៉ាដា​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាមទារ​អោយ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជាជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ត្រូវ​យក​មក​បង់ ដូច​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់ព្រះអម្ចាស់ បាន​បង្គាប់​អោយ​សហគមន៍​អ៊ីស្រាអែល​យក​មក​ថ្វាយ​សំរាប់​ពន្លា​នៃ​សន្ធិសញ្ញា? ៧ ម្ចាស់​ក្សត្រីយ៍​អថាលា​ដ៏​អប្រិយ និង​បរិវារ​របស់​គាត់ បាន​បំផ្លាញ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ហើយ​យក​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ទៅ​ប្រើប្រាស់​សំរាប់​ព្រះ​បាល»។
៨ ពេល​នោះ ព្រះរាជា​អោយ​គេ​ធ្វើ​ហិប​មួយ យក​ទៅ​ដាក់​នៅ​ខាង​មុខ​មាត់​ទ្វារ​ចូល​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ៩ គេ​ចេញ​ប្រកាស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម អោយ​ប្រជាជន​យក​ពន្ធដារ​មក​ថ្វាយ​ព្រះអម្ចាស់ ដូច​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ បាន​បង្គាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​វាល​រហោស្ថាន។ ១០ មេ​ដឹក​នាំ​ទាំង​អស់ និង​ប្រជាជន​ទាំង​មូល នាំ​គ្នា​យក​ប្រាក់​មក​ថ្វាយ ដោយ​ចិត្ត​សប្បាយ។ គេ​ដាក់​ប្រាក់​នៅ​ក្នុង​ហិប​រហូត​ដល់​ពេញ។ ១១ លុះ​ដល់​ពេល​ដែល​ត្រូវ​នាំ​ហិប ទៅ​អោយ​ក្រុម​លេវី​ត្រួត​ពិនិត្យ​មើល​ក្នុង​នាម​ព្រះរាជា គឺ​នៅ​ពេល​ដែល​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​លោក​អធិការ​អម​មហាបូជាចារ្យ ក៏​មក​យក​ប្រាក់​ចេញ​ពី​ហិប នាំ​យក​ទៅ​ដោយ​ទុក​ហិប​នៅ​កន្លែង​ដើម​វិញ។ គេ​ធ្វើ​បែប​នេះ ជា​រៀង​រាល់​ថ្ងៃ ហើយ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន។ ១២ ព្រះរាជា និង​លោក​យេហូយ៉ាដា​ប្រគល់​ប្រាក់​នោះ​ទៅ​អោយ​ពួក​មេ​ជាង ដែល​ទទួល​បន្ទុក​លើ​ការងារ​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ ពួក​មេ​ជាង​បាន​ជួល​កម្មករ​មក​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឡើង​វិញ គឺ​មាន​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ជួល​ជាង​ដែក និង​ជាង​លង្ហិន​សំរាប់​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ដែរ។ ១៣ មេ​ជាង​ទាំង​នោះ​នាំ​គ្នា​បំពេញ​កិច្ចការ ដោយ​ដឹក​នាំ​ការ​ជួល​ជុល​ទាំង​អស់ ធ្វើ​អោយ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​បាន​ល្អ និង​មាំ ដូច​ដើម​ឡើង​វិញ។ ១៤ ក្រោយ​ជួសជុល​ព្រះដំណាក់​ចប់​សព្វ​គ្រប់​ហើយ ពួក​គេ​យក​ប្រាក់​ដែល​នៅ​សល់​មក​ថ្វាយ​ព្រះរាជា និង​ប្រគល់​ជូន​លោក​យេហូយ៉ាដា។ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ធ្វើ​ប្រដាប់​ប្រដា​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​មាន​គ្រឿង​បរិក្ខារ​សំរាប់​ពិធី​ផ្សេងៗ គ្រឿង​បរិក្ខារ​សំរាប់​តង្វាយ​ដុត​ទាំង​មូល ពែង ព្រម​ទាំង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​មាស និង​ប្រាក់។ ក្នុង​មួយ​ជីវិត​របស់​លោក​យេហូយ៉ាដា គេ​តែងតែ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​អចិន្ត្រៃយ៍ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់
ព្រះបាទ​យ៉ូអាស​បោះ​បង់​ចោល​ព្រះអម្ចាស់
១៥ លោក​យេហូយ៉ាដា​មាន​វ័យ​កាន់​តែ​ចាស់​ជរា និង​មាន​អាយុ​វែង រួច​លោក​ទទួល​មរណភាព ក្នុង​ជន្មាយុ​មួយ​រយ​សាមសិប​ឆ្នាំ។ ១៦ គេ​បញ្ចុះ​សព​លោក​នៅ​បុរី​ព្រះបាទ​ដាវីឌ​ជា​មួយ​ស្ដេច ដ្បិត​លោក​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជាជន​អ៊ីស្រាអែល ចំពោះ​ព្រះជាម្ចាស់ និង​ព្រះដំណាក់​របស់​ព្រះអង្គ។
១៧ ក្រោយ​ពេល​លោក​យេហូយ៉ាដា​ទទួល​មរណភាព​ផុត​ទៅ ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំ​ព្រះរាជា ហើយ​ព្រះរាជា​ទ្រង់​ព្រះសណ្ដាប់​ពួក​គេ។ ១៨ ពួក​គេ​បោះ​បង់​ចោល​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ហើយ​គោរព​បំរើ​ព្រះអាសេរ៉ា និង​ព្រះ​ក្លែងក្លាយ​ឯ​ទៀតៗ។ កំហុស​នេះ​បណ្ដាល​អោយ​ព្រះអម្ចាស់ ទ្រង់​ព្រះពិរោធ​ទាស់​នឹង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡឹម។ ១៩ ព្រះអម្ចាស់​បាន​ចាត់​ពួក​ព្យាការី​ទៅ​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ណែនាំ​ពួក​គេ អោយ​វិល​មក​រក​ព្រះអង្គ​វិញ។ ព្យាការី​ប្រៀនប្រដៅ​ពួក​គេ តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។ ២០ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា។ លោក​ប្រឈម​មុខ​ទល់​នឹង​ប្រជាជន​ហើយ​ប្រកាស​ថា៖ «ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ​បញ្ជា​របស់​ព្រះអម្ចាស់? ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអម្ចាស់ ព្រះអង្គ​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​អ្វី ក៏​មិន​បាន​សំរេច​ដែរ»។ ២១ ប្រជាជន​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​លោក​សាការី ហើយ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក នៅ​ក្នុង​ទីធ្លា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ តាម​បញ្ជា​របស់​ស្ដេច។ ២២ ព្រះបាទ​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្ដី​សប្បុរស​ដែល​លោក​យេហូយ៉ាដា ជា​ឪពុក​របស់​លោក​សាការី បាន​សំដែង​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​ប្រហារ​ជីវិត​កូន​របស់​លោក។ នៅ​ពេល​ស្លាប់​លោក​សាការី ពោល​ថា៖ «សូម​ព្រះអម្ចាស់​ទត​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។
ចុង​បញ្ចប់​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស
(២​ពង្សាវតារក្សត្រ ១២:១៨-២២)
២៣ មួយ​ឆ្នាំ​កន្លង​មក​ទៀត កងទ័ព​ស៊ីរី​បាន​ឡើង​មក​វាយ​ព្រះបាទ​យ៉ូអាស។ ពួក​គេ​មក​ដល់​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម។ ពួក​គេ​កាប់​សម្លាប់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន ហើយ​បញ្ជូន​ជយភ័ណ្ឌ​ទាំង​អស់ ទៅ​ថ្វាយ​ស្ដេច​នៅ​ក្រុង​ដាម៉ាស។ ២៤ កងទ័ព​ស៊ីរី​មាន​ចំនួន​តែ​បន្តិច​ប៉ុណ្ណោះ តែ​ព្រះអម្ចាស់​បាន​ប្រគល់​កងទ័ព​យូដា​ដែល​មាន​គ្នា​ច្រើន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ព្រោះ​ជន​ជាតិ​យូដា​បោះ​បង់​ចោល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់​បាន​ប្រើ​ជន​ជាតិ​ស៊ីរី សំរាប់​ដាក់​ទោស​ព្រះបាទ​យ៉ូអាស។ ២៥ បន្ទាប់​មក កងទ័ព​ស៊ីរី​ចាក​ចេញ​ទៅ ទុក​អោយ​ព្រះបាទ​យ៉ូអាស​ប្រឈួន​ជា​ទម្ងន់។ ពួក​រាជ​បំរើ​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច ដើម្បី​សងសឹក​ចំពោះ​ឃាតកម្ម ទៅ​លើ​កូន​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា។ គេ​ធ្វើ​គុត​ស្ដេច​នៅ​ក្នុង​ក្រឡាបន្ទំ រួច​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះបាទ​ដាវីឌ តែ​គេ​មិន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ។ ២៦ អ្នក​ដែល​បាន​ឃុប​ឃិត​គ្នា​ធ្វើ​គុត​ស្ដេច គឺ​លោក​សាបាដ ជា​កូន​របស់​ស្ត្រី​សាសន៍​អាំម៉ូន ឈ្មោះ​ស៊ីម៉ាត និង​លោក​យ៉ូសាបាដ ជា​កូន​របស់​ស្ត្រី​សាសន៍​ម៉ូអាប់ ឈ្មោះ​ស៊ីមរីត។
២៧ រីឯ​ចំនួន​បុត្រ​របស់​ស្ដេច និង​សេចក្ដី​ជា​ច្រើន​ដែល​ព្យាការី​ថ្លែង​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​កំណត់​ហេតុ​ស្ដី​អំពី​ការ​ជួសជុល​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​អធិប្បាយ​របស់​ព្រះមហាក្សត្រ។ ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។