៣៣
លោក​ម៉ូសេ​អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល
១ មុន​ពេល​ទទួល​មរណភាព លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ៖
២ «ព្រះអម្ចាស់​យាង​មក​ពី​ភ្នំ​ស៊ីណៃ
ព្រះអង្គ​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ
ព្រះអង្គ​បំភ្លឺ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​ភ្នំ​ប៉ារ៉ាន
ព្រះអង្គ​យាង​មក​ជា​មួយ​ទេវតា*​យ៉ាង​ច្រើន
អនេកអនន្ត
ព្រះអង្គ​កាន់​ក្រឹត្យវិន័យ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង
មក​ប្រគល់​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ។
៣ ព្រះអង្គ​ស្រឡាញ់​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ព្រះអង្គ​រក្សា​ប្រជាជន​ដ៏វិសុទ្ធ​របស់​ព្រះអង្គ
ពួក​គេ​ក្រាប​នៅ​ទៀប​ព្រះបាទា
ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ។
៤ ក្រឹត្យវិន័យ​ដែល​លោក​ម៉ូសេ​ប្រគល់​អោយ​ពួក​យើង
ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​លោក​យ៉ាកុប។
៥ នៅ​ពេល​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យេស៊ូរូន
និង​កុលសម្ព័ន្ធ​ទាំងឡាយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល
ជួបជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់​ព្រះអម្ចាស់
ជា​ព្រះមហាក្សត្រ​របស់​ពួក​គេ។
៦ សូម​អោយ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយ
ហើយ​អោយ​គេ​កើន​ចំនួន​ច្រើន​ឡើង!។
៧ ចំណែក​ឯ​កុលសម្ព័ន្ធ​យូដា​វិញ លោក​ថ្លែង​ថា:
ព្រះអម្ចាស់​អើយ
សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​យូដា
សូម​នាំ​គេ​អោយ​ជា​នា​នឹង​បង​ប្អូន​របស់​ខ្លួន​វិញ
សូម​អោយ​គេ​ជួយ​ការពារ​បង​ប្អូន​របស់​ខ្លួន
ហើយ​សូម​ព្រះអង្គ​ជួយ​យូដា
ក្នុង​ពេល​តទល់​នឹង​ខ្មាំង​សត្រូវ។
៨ ចំពោះ​កុលសម្ព័ន្ធ​លេវី លោក​ថ្លែង​ថា:
ព្រះអង្គ​បាន​ប្រគល់​ធូមីម និង​យូរីម*
ទៅ​អោយ​កូន​ចៅ​លេវី
ជា​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ
បន្ទាប់​ពី​ព្រះអង្គ​បាន​ល្បងល​ពួក​គេ​នៅ​ម៉ាសា
ព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរីបា។
៩ ពួក​លេវី​ស្រឡាញ់​ព្រះអង្គ​ជាង​ឪពុកម្ដាយ
បង​ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត
ដ្បិត​ពួក​គេ​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ
ហើយ​រក្សា​សម្ពន្ធមេត្រី​របស់​ព្រះអង្គ។
១០ ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះអង្គ
ដល់​កូន​ចៅ​លោក​យ៉ាកុប
ពួក​គេ​បង្រៀន​ក្រឹត្យវិន័យ​របស់​ព្រះអង្គ
ដល់​កូន​ចៅ​អ៊ីស្រាអែល
ពួក​គេ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះអង្គ
ហើយ​ថ្វាយ​តង្វាយ​ទាំង​មូល​នៅ​លើ​អាសនៈ
របស់​ព្រះអង្គ។
១១ ឱ​ព្រះអម្ចាស់​អើយ
សូម​ប្រទាន​អោយ​ពួក​គេ​មាន​កម្លាំង
សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។
សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ
សូម​អោយ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ
ត្រូវ​បរាជ័យ ងើប​លែង​រួច!។
១២ ចំពោះ​កូន​ចៅ​បេនយ៉ាមីន លោក​ថ្លែង​ថា:
ព្រះអម្ចាស់​ស្រឡាញ់​បេនយ៉ាមីន​ណាស់
គេ​នៅ​ជា​មួយ​ព្រះអង្គ​យ៉ាង​កក់​ក្ដៅ
ព្រះអម្ចាស់​ការពារ​គេ​ជានិច្ច
ហើយ​ព្រះអង្គ​គង់​នៅ​ជា​មួយ​គេ។
១៣ ចំពោះ​កូន​ចៅ​របស់​លោក​យ៉ូសែប
លោក​ម៉ូសេ​ថ្លែង​ថា:
ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ
ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ
ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក
ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។
១៤ កំដៅ​ថ្ងៃ​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង
បង្កើត​ភោគផល​យ៉ាង​ច្រើន រៀង​រាល់​ខែ។
១៥ ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិត
ធ្វើ​អោយ​ដី​មាន​ជីជាតិ​ល្អ​គ្រប់​ពេល​វេលា។
១៦ ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ
ភោគ​ទ្រព្យ​ធម្មជាតិ។
សូម​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោត
សន្ដោស​ដល់​កូន​ចៅ​យ៉ូសែប
ដែល​ជា​មេ​ដឹក​នាំ​បង​ប្អូន​របស់​ខ្លួន។
១៧ កុលសម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បា
ដែល​មាន​កម្លាំង និង​ភាព​ថ្កុំថ្កើង
អំណាច​របស់​គេ​ខ្លាំងក្លា​ដូច​ស្នែង​ក្របី
ដែល​ប្រហារ​ជាតិ​សាសន៍​ទាំងឡាយ
ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ
រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។
ស្នែង​ម្ខាង គឺ​អេប្រាអ៊ីម
ដែល​មាន​គ្នា​ច្រើន​អនេកអនន្ត
ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណាសេ
ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។
១៨ ចំពោះ​កូន​ចៅ​សាប់យូឡូន លោក​ថ្លែង​ថា:
សាប់យូឡូន​អើយ ចូរ​សប្បាយ​រីករាយ
នៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង!
រីឯ​អ៊ីសាខារ​វិញ
ចូរ​សប្បាយ​រីករាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!
១៩ ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នានា​នៅ​លើ​ភ្នំ
នៅ​ទី​នោះ ពួក​គេ​នឹង​ថ្វាយ​យញ្ញបូជា​ដ៏​សុចរិត
ដ្បិត​ពួក​គេ​ទទួល​ភោគផល​ដ៏​បរិបូណ៌​ពី​សមុទ្រ
ព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។
២០ ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា:
សូម​លើក​តម្កើង​ព្រះអម្ចាស់ ដែល​ប្រទាន
អោយ​កាដ​មាន​ទឹក​ដី​ទូលំទូលាយ!
កាដ​សំងំ​ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពា
ដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។
២១ កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក
ជា​ចំណែក​សំរាប់​មេ​ដឹក​នាំ
កាដ​ដើរ​នៅ​មុខ​ប្រជាជន
គេ​បាន​សំរេច​តាម​គំរោងការ​របស់​ព្រះអម្ចាស់
ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រាអែល
តាម​វិន័យ​របស់​ព្រះអង្គ។
២២ ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា:
ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវ
ដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។
២៣ ចំពោះ​កូន​ចៅ​ណែបថាលី លោក​ថ្លែង​ថា:
ណែបថាលី​ទទួល​ការ​សន្ដោស
និង​ព្រះពរ​ដ៏​លើសលប់​ពី​ព្រះអម្ចាស់
ដូច្នេះ អោយ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិច
និង​ទិស​ខាង​ត្បូង​ចុះ!។
២៤ ចំពោះ​កូន​ចៅ​អេស៊ើរ​លោក​ថ្លែង​ថា:
សូម​អោយ​អេស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម
កូន​ចៅ​លោក​យ៉ាកុប!
សូម​អោយ​បង​ប្អូន​អាណិត​ស្រឡាញ់​គេ
ហើយ​សូម​អោយ​គេ​មាន​ប្រេង
ដ៏​សម្បូណ៌​ហូរហៀរ។
២៥ រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិន
ផ្ដល់​សន្តិសុខ​អោយ​អេស៊ើរ
សូម​អោយ​កម្លាំង​របស់​គេ​នៅ​ស្ថិតស្ថេរ
ដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។
២៦ យេស៊ូរូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ
នឹង​ព្រះ​របស់​អ្នក​ឡើយ
ព្រះអង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក
ដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។
២៧ ព្រះអង្គ​ជា​ជំរក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក
ព្រះហស្ដ​របស់​ព្រះអង្គ​ទ្រ​អ្នក​ជានិច្ច
ព្រះអង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក
ហើយ​បញ្ជា​អោយ​អ្នក​ប្រល័យ​ពួក​គេ។
២៨ អ៊ីស្រាអែល​រស់​នៅ​យ៉ាង​សុខសាន្ត
កូន​ចៅ​របស់​លោក​យ៉ាកុប​ស្ថិត​នៅ​ដាច់​ពី​គេ
នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ
ស្រូវ និង​ស្រា​ទំពាំងបាយជូរ​ថ្មី
ព្រម​ទាំង​មាន​សន្សើម​ធ្លាក់​ពី​លើ​មេឃ
យ៉ាង​បរិបូណ៌។
២៩ អ៊ីស្រាអែល​អើយ អ្នក​មាន​សុភមង្គល​ហើយ
គ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះអម្ចាស់​សង្គ្រោះ
ដូច​ព្រះអង្គ​សង្គ្រោះ​អ្នក​ឡើយ
ព្រះអង្គ​ជា​ខែល​ការពារ​អ្នក និង​ជា​ដាវ
ដែល​ផ្ដល់​អោយ​អ្នក​មាន​ជ័យជំនះ។
ខ្មាំង​សត្រូវ​បរាជ័យ​នៅ​ចំពោះ​មុខ​អ្នក
ហើយ​អ្នក​នឹង​ជាន់​កំទេច​ទីសក្ការៈ​របស់​ពួក​គេ
ដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។