៣៣
ព្រះបន្ទូល​សន្យា​ស្ដារ​ស្ថានភាព​ជន​ជាតិ​អ៊ីស្រាអែល​ឡើង​វិញ
ព្រះអម្ចាស់​តែងតាំង​ព្យាការី​ជា​អ្នក​យាមល្បាត
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
២ «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ប្រាប់​ប្រជាជន​របស់​អ្នក​ថា ពេល​យើង​នាំ​សង្គ្រាម​មក​ប្រហារ​ស្រុក​ណា​មួយ ប្រជាជន​នៅ​ស្រុក​នោះ​ជ្រើស​រើស​យក​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ អោយ​ធ្វើ​ជា​អ្នក​យាមល្បាត។ ៣ ពេល​ណា​អ្នក​យាម​ឃើញ​កងទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក គាត់​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​អោយ​ប្រជាជន​ដឹង ៤ ប្រសិន​បើ​នរណា​ម្នាក់​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ បើ​គេ​ស្លាប់​ដោយ​មុខ​ដាវ នោះ​គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។ ៥ គេ​បាត់​បង់​ជីវិត​ព្រោះ​តែ​កំហុស​របស់​ខ្លួន ដ្បិត​គេ​បាន​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ។ រីឯ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្រកាស នឹង​បាន​រួច​ជីវិត។ ៦ ប្រសិន​បើ​អ្នក​យាម​ឃើញ​កងទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក តែ​មិន​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​អោយ​ប្រជាជន​ដឹង​ទេ បើ​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​ស្លាប់​ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ប៉ុន្តែ យើង​នឹង​អោយ​អ្នក​យាម​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។
៧ ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​បាន​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​អ្នក​យាមល្បាត​សំរាប់​ពូជពង្ស​អ៊ីស្រាអែល។ ចូរ​ស្ដាប់​ពាក្យ​ដែល​យើង​និយាយ ហើយ​យក​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។ ៨ ពេល​ណា​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “នែ៎ មនុស្ស​អាក្រក់ អ្នក​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​មនុស្ស​អាក្រក់​នោះ​អោយ​លះបង់​កិរិយាមារយាទ​អាក្រក់​ទេ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ក៏​ប៉ុន្តែ យើង​នឹង​អោយ​អ្នក​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។ ៩ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ប្រាប់​មនុស្ស​អាក្រក់​អោយ​លះបង់​ចោល​កិរិយាមារយាទ​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​ព្រម​លះបង់​ទេ​នោះ គេ​ពិត​ជា​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​គេ​ពុំខាន រីឯ​អ្នក​វិញ​អ្នក​នឹង​រួច​ជីវិត។
១០ កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ពូជពង្ស​អ៊ីស្រាអែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​តែង​ពោល​ថា “អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ​សង្កត់​លើ​យើង​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​កាន់​តែ​រីងរៃ​ទៅៗ តើ​ធ្វើ​ម្ដេច​អោយ​យើង​ខ្ញុំ​អាច​រស់​រាន​មាន​ជីវិត​បាន?” ១១ ចូរ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! យើង​មិន​សប្បាយ​ចិត្ត​នឹង​អោយ​មនុស្ស​អាក្រក់​ស្លាប់​ទេ តែ​យើង​ចង់​ឃើញ​គេ​កែ​ប្រែ​កិរិយាមារយាទ ដើម្បី​អោយ​បាន​រស់​រាន​មាន​ជីវិត។ ពូជពង្ស​អ៊ីស្រាអែល​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ចូរ​លះបង់​កិរិយាមារយាទ​អាក្រក់​ទៅ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ! - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
១២ កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ប្រជាជន​របស់​អ្នក​ថា: នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ អំពើ​សុចរិត​ដែល​គេ​ធ្លាប់​ធ្វើ​កាល​ពី​មុន ពុំ​អាច​សង្គ្រោះ​គេ​បាន​ឡើយ។ ហេតុ​នេះ​នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​បាប​គេ​ពុំ​អាច​រស់ ដោយសារ​អំពើ​សុចរិត​របស់​ខ្លួន​បាន​ឡើយ។ រីឯ​មនុស្ស​អាក្រក់​វិញ នៅ​ថ្ងៃ​ដែល​គេ​លះបង់​ចោល​អំពើ​អាក្រក់ នោះ​គេ​នឹង​មិន​ទទួល​ទោស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាល​ពី​មុន​នោះ​ឡើយ។ ១៣ ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​សុចរិត​ថា “អ្នក​ពិត​ជា​រស់!” បើ​អ្នក​នោះ​ពឹង​ផ្អែក​លើ​សេចក្ដី​សុចរិត​របស់​ខ្លួន រួច​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ នោះ​គេ​មុខ​ជា​ស្លាប់ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត យើង​នឹង​មិន​គិតគូរ​ដល់​អំពើ​សុចរិត​ណា​មួយ​របស់​អ្នក​នោះ​ឡើយ។ ១៤ ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​ពិត​ជា​ស្លាប់!” តែ​បើ​អ្នក​នោះ​លះបង់​ចោល​អំពើ​បាប​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ ១៥ បើ​មនុស្ស​អាក្រក់​សង​របស់​បញ្ចាំ សង​អ្វីៗ​ដែល​ខ្លួន​រឹប​អូស​ទៅ​ម្ចាស់​ដើម​វិញ ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ច្បាប់​ដែល​ផ្ដល់​ជីវិត ដោយ​ឥត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​នោះ​គេ​មុខ​ជា​រស់ គឺ​មិន​ស្លាប់​ឡើយ។ ១៦ យើង​នឹង​មិន​គិតគូរ​ដល់​អំពើ​អាក្រក់​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ទេ។ គេ​ពិត​ជា​រស់​មិន​ខាន ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ១៧ ប្រជាជន​របស់​អ្នក​នាំ​គ្នា​ពោល​ថា “ព្រះអម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ”។ តាម​ពិត​គឺ​ពួក​គេ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ! ១៨ ប្រសិន​បើ​មនុស្ស​សុចរិត​លះបង់​ចោល​អំពើ​សុចរិត បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​មុខ​ជា​ស្លាប់​ពុំខាន។ ១៩ ប្រសិន​បើ​មនុស្ស​អាក្រក់​លះបង់​ចោល​អំពើ​អាក្រក់ បែរ​មក​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ គេ​មុខ​ជា​រស់ ព្រោះ​តែ​ធ្វើ​ដូច្នេះ។ ២០ អ្នក​រាល់​គ្នា​តែង​ពោល​ថា “ព្រះអម្ចាស់ ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ”។ ពូជពង្ស​អ៊ីស្រាអែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត!»។
មូល​ហេតុ​ដែល​សត្រូវ​វាយ​យក​បាន​ក្រុង​យេរូសាឡឹម
២១ នៅ​ឆ្នាំ​ទី​ដប់ពីរ ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ដែល​គេ​កៀរ​ពួក​យើង​មក​ជា​ឈ្លើយ មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូសាឡឹម​មក​ជួប​ខ្ញុំ​ប្រាប់​ថា “សត្រូវ​វាយ​យក​បាន​ទីក្រុង​ហើយ!”។ ២២ មុន​ពេល​អ្នក​នោះ​មក​ដល់ នៅ​ពេល​ល្ងាច​ព្រះអម្ចាស់​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ។ លុះ​ព្រលឹម​ឡើង​ពេល​អ្នក​នោះ​មក​ដល់ ព្រះអម្ចាស់​បើក​អោយ​ខ្ញុំ​និយាយ​ឡើង​វិញ​បាន។ ព្រះអង្គ​បើក​មាត់​ខ្ញុំ​អោយ​និយាយ​ស្ដី គឺ​ខ្ញុំ​លែង​គ​ទៀត​ហើយ។
២៣ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
២៤ «កូន​មនុស្ស​អើយ អស់​អ្នក​ដែល​រស់​លើ​គំនរ​បាក់​បែក ក្នុង​ទឹក​ដី​អ៊ីស្រាអែល​នាំ​គ្នា​ពោល​ថា: “កាល​លោក​អប្រាហាំ​នៅ​តែ​ម្នាក់​ឯង លោក​កាន់​កាប់​ស្រុក​នេះ​បាន​ទៅ​ហើយ ចុះ​ចំណង់​បើ​ពួក​យើង​ដែល​មាន​គ្នា​ច្រើន តើ​ពួក​យើង​ទទួល​ស្រុក​នេះ​មក​កាន់​កាប់​មិន​បាន​ឬ!”។ ២៥ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បរិភោគ​សាច់​ដែល​មាន​ជាប់​ឈាម​ អ្នក​រាល់​គ្នា​គោរព​ព្រះ​ក្លែងក្លាយ ហើយ​បង្ហូរ​ឈាម​មនុស្ស តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​កាន់​កាប់​ស្រុក​នេះ​បាន​ឬ? ២៦ អ្នក​រាល់​គ្នា​ពឹង​ផ្អែក​លើ​អាវុធ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​គេ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​កាន់​កាប់​ស្រុក​នេះ​បាន​ឬ?
២៧ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​សល់​ក្នុង​ទីក្រុង​បាក់​បែក នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​រស់​នៅ​តាម​ស្រុក​ស្រែ យើង​នឹង​ប្រគល់​គេ​ទៅ​អោយ​សត្វ​សាហាវ​ធ្វើ​ជា​អាហារ ហើយ​អ្នក​ដែល​ពួន​នៅ​តាម​ភ្នំ និង​តាម​ក្រហែង​ថ្ម​នឹង​ត្រូវ​ស្លាប់​ដោយ​ជំងឺ​រាតត្បាត។ ២៨ យើង​នឹង​ធ្វើ​អោយ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ អំណាច​អួតអាង​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ឡើយ។ ២៩ ពេល​ណា​យើង​ធ្វើ​អោយ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។
៣០ កូន​មនុស្ស​អើយ ប្រជាជន​របស់​អ្នក នាំ​គ្នា​និយាយ​ពី​អ្នក​នៅ​តាម​កំពែង​ក្រុង និង​តាម​មាត់​ទ្វារ​ផ្ទះ ពួក​គេ​បបួល​គ្នា​ថា “មក! យើង​ទៅ​ស្ដាប់​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល”។ ៣១ ប្រជាជន​របស់​យើង​នឹង​ប្រមូល​គ្នា​មក​រក​អ្នក ពួក​គេ​អង្គុយ​នៅ​មុខ​អ្នក ស្ដាប់​ពាក្យ​របស់​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ទេ។ មាត់​ពួក​គេ​ពោល​ថា គោរព​ពាក្យ​អ្នក តែ​ពួក​គេ​បែរ​ជា​ធ្វើ​តាម​ចិត្ត​លោភលន់​របស់​ខ្លួន​ទៅ​វិញ។ ៣២ ពួក​គេ​ចាត់​ទុក​ពាក្យ​សំដី​របស់​អ្នក ជា​ចំរៀង​កំដរ​អារម្មណ៍ ជា​តូរ្យតន្ត្រី​ដ៏​ពីរោះ ដែល​មាន​សំឡេង​គួរ​ចាប់​ចិត្ត។ ពួក​គេ​ស្ដាប់​ពាក្យ​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ឡើយ។ ៣៣ ពេល​ណា​ហេតុការណ៍​កើត​មាន ស្រប​តាម​ពាក្យ​របស់​អ្នក - គឺ​ហេតុការណ៍​ទាំង​នោះ​កំពុង​តែ​កើត​មាន -ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​នៅ​ក្នុង​ចំណោម​ពួក​គេ​មែន»។