ការ​ដាក់​ទោស​ជន​ជាតិ​ខាល់ដេ
១ ខ្ញុំ​នឹង​ឡើង​ទៅ​យាមល្បាត
ខ្ញុំ​នឹង​ទន្ទឹង​រង់ចាំ​នៅ​លើ​ប៉ម
ចង់​ដឹង​ថា តើ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល
មក​កាន់​ខ្ញុំ​យ៉ាង​ណា
តើ​ព្រះអង្គ​ឆ្លើយ​តប​នឹង​ពាក្យ​តវ៉ា​របស់​ខ្ញុំ
យ៉ាង​ណា​ខ្លះ។
២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖
«ចូរ​កត់ត្រា​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ
ចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្ម
ដើម្បី​អោយ​គេ​ស្រួល​អាន។
៣ និមិត្តហេតុ​ដ៏​អស្ចារ្យ​នឹង​សំរេច​ជា​រូប​រាង
នៅ​គ្រា​ដែល​បាន​កំណត់​ទុក
គឺ​នឹង​មាន​ព្រឹត្តិការណ៍​កើត​ឡើង
ស្រប​តាម​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ
ឥត​ខុស​ត្រង់​ណា​ឡើយ។
ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់ចាំ
ដ្បិត​ព្រឹត្តិការណ៍​ពិត​ជា​កើត​មាន
ជាក់​ជា​មិន​ខាន។
៤ មនុស្ស​ព្រហើន​កោងកាច​មុខ​ជា​ត្រូវ​វិនាស
រីឯ​មនុស្ស​សុចរិត​នឹង​រស់​ដោយសារ​ជំនឿ។
៥ ទ្រព្យ​សម្បត្តិ​​រមែង​នាំ​អោយ​ខក​ចិត្ត
មនុស្ស​អួត​បំប៉ោង​មិន​ដែល​ស្កប់​ចិត្ត​ទេ
គេ​បើក​មាត់​ចំហ​យ៉ាង​ធំ​ដូច​ស្ថាន​មនុស្ស​ស្លាប់
គេ​ប្រៀប​ដូច​ជា​មច្ចុរាជ​ដែល​មិន​ចេះ​ស្កប់​ចិត្ត
គេ​វាយ​លុក​ប្រជាជាតិ​ទាំង​អស់
ហើយ​ប្រមូល​ជាតិ​សាសន៍​ទាំង​អស់
អោយ​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន»។
៦ ប៉ុន្តែ ប្រជាជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កា
ប្រមាថ​មាក់ងាយ​ពួក​គេ ដោយ​ពោល​ថា:
អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន
ព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃ
យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន!
តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត?
អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ
៧ ម្ចាស់​បំណុល​នឹង​ក្រោក​ឡើង​ច្របាច់​ក​អ្នក
ព្រម​ទាំង​អង្រួន​អ្នក
ពួក​គេ​ក៏​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​អ្នក
ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ដទៃ​ដែរ។
៨ អ្នក​បាន​ប្លន់​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ
ពី​ប្រជាជាតិ​ជា​ច្រើន​យ៉ាង​ណា
ជាតិ​សាសន៍​ឯ​ទៀតៗ​ក៏​នឹង​ប្លន់​រឹប​អូស
យក​ទ្រព្យសម្បត្តិ​ពី​អ្នក​យ៉ាង​នោះ​ដែរ
ព្រោះ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស
ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ចំពោះ
ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក និង​ក្រុង​នានា។
៩ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិត
ដើម្បី​ធ្វើ​អោយ​ក្រុម​គ្រួសារ​របស់​ខ្លួន
ក្លាយ​ទៅ​ជា​អ្នក​មាន
ហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់
ដោយ​ចង់​គេច​ផុត​ពី​មហន្តរាយ។
១០ គំរោងការ​របស់​អ្នក​នឹង​នាំ​អោយ​ក្រុម​គ្រួសារ
របស់​អ្នក​ត្រូវ​អាម៉ាស់។
ដោយ​អ្នក​កំទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះ
អ្នក​នឹង​ធ្វើ​អោយ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។
១១ សូម្បី​តែ​ថ្ម​កំពែង​ក្រុង​ក៏​ចោទ​ប្រកាន់​អ្នក​ដែរ
ហើយ​ឈើ​ធ្នឹម​ស្រែក​បន្ទរ យល់​ស្រប។
១២ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
ព្រោះ​អ្នក​បាន​សង់​ទី​ក្រុង
ដោយ​បង្ហូរ​ឈាម និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ។
១៣ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ធ្វើ​អោយ
ស្នាដៃ​របស់​ជាតិ​សាសន៍​នានា​រលាយ​ក្នុង​ភ្លើង
ហើយ​អោយ​កិច្ចការ​ដែល​មហាជន​ទាំងឡាយ
ប្រឹងប្រែង​ធ្វើ​ត្រូវ​រលាយ​សូន្យ។
១៤ សមុទ្រ​ពោរពេញ​ដោយ​ទឹក​យ៉ាង​ណា
នៅ​ផែនដី ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់
សិរីរុងរឿង​របស់​ព្រះអម្ចាស់​យ៉ាង​នោះ​ដែរ។
១៥ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹង
ពិសពុល​អោយ​អ្នក​ដទៃ​ផឹក​ស្រវឹង
ដើម្បី​មើល​កេរខ្មាស​របស់​គេ!
១៦ អ្នក​មិន​ទទួល​កិត្តិយស​ទេ
ផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង
ចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរខ្មាស
ដែល​មិន​កាត់​ស្បែក​អោយ​គេ​ឃើញ​ទៅ!
ព្រះអម្ចាស់​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នក
ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ
ភាព​រុងរឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជា
ភាព​អាម៉ាស់​វិញ!
១៧ អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរឃៅ
ដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។
អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វ
ដូច្នេះ ហ្វូង​សត្វ​ធ្វើ​អោយ​ភ័យ​ខ្លាច!
អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស
ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ចំពោះ
ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក
និង​ក្រុង​នានា។
១៨ តើ​ជាង​ឆ្លាក់​រូប​បដិមា បាន​ប្រយោជន៍​អ្វី?
គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន
ដើម្បី​ប្រៀនប្រដៅ​បោក​ប្រាស់។
ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ
ព្រះ​ក្លែងក្លាយ មិន​ចេះ​និយាយ​ស្ដី
ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?
១៩ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា
“សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្ម
ដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។
តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ?
រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែន
តែ​សុទ្ធសឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។
២០ ផ្ទុយ​ទៅ​វិញ ព្រះអម្ចាស់​គង់​នៅ​ក្នុង​ព្រះវិហារ
ដ៏វិសុទ្ធ​របស់​ព្រះអង្គ
ចូរ​អោយ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់
នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ!