១០
ការ​វិនាស​របស់​អាណាចក្រ​អ៊ីស្រាអែល
១ ពី​ដើម​ប្រជាជន​អ៊ីស្រាអែល
ប្រៀប​ដូច​ជា​ចំការ​ទំពាំងបាយជូរ
ដែល​ដុះ​ទ្រុបទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។
ប៉ុន្តែ ផ្លែ​ចំរើន​ឡើង​យ៉ាង​ណា
ចំនួន​អាសនៈ​សំរាប់​ព្រះ​ក្លែងក្លាយ
ក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។
ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណា
គេ​ក៏​តុបតែង​ស្ដូប​សំរាប់​ព្រះ​ក្លែងក្លាយ
កាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។
២ ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះ
ពួក​គេ​ត្រូវ​តែ​ទទួល​ទោស
គឺ​ព្រះអម្ចាស់​នឹង​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ
ព្រម​ទាំង​កំទេច​ស្ដូប​របស់​ពួក​គេ​ទៀត​ផង។
៣ ឥឡូវ​នេះ ពួក​គេ​និយាយ​គ្នា​ថា:
«យើង​គ្មាន​ស្ដេច​ទេ ព្រោះ​យើង​មិន​បាន
គោរព​កោត​ខ្លាច​ព្រះអម្ចាស់
(ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ស្ដេច
តើ​ស្ដេច​អាច​ជួយ​យើង​បាន​ឬ​ទេ?)»។
៤ ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការ
និយាយ​ស្បថ​បំពាន
ហើយ​នាំ​គ្នា​ចុះ​សន្ធិសញ្ញា​ទៀត​ផង។
ប៉ុន្តែ ចំពោះ​ពួក​គេ យុត្តិធម៌​ប្រៀប​បាន​នឹង
ពន្លក​តិណជាតិ​មាន​ជាតិ​ពុល
ដុះ​នៅ​តាម​ចំការ​ដែល​គេ​ភ្ជួរ​រាស់។
៥ អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់ស្លុត
ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព
នៅ​បេត-អាវេន
ប្រជាជន និង​ពួក​បូជាចារ្យ​ដែល​គោរព​បូជា
រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។
ទុក​អោយ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ
ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ
ពី​ចំណោម​ពួក​គេ។
៦ គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី
ថ្វាយ​ព្រះចៅ​អធិរាជ។
អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់
អ៊ីស្រាអែល​នឹង​ត្រូវ​បាក់​មុខ
ព្រោះ​តែ​នយោបាយ​របស់​ខ្លួន​។
៧ អ្នក​ក្រុង​សាម៉ារី និង​ស្ដេច​របស់​គេ​ប្រៀប​បី​ដូច
កំទេច​ឈើ​អណ្ដែតត្រសែត​នៅ​លើ​ផ្ទៃ​ទឹក​។
៨ ចំណែក​ឯ​ទីសក្ការៈ​ទាំងឡាយ​នៅ​អាវេន
ជា​កន្លែង​ដែល​ប្រជាជន​អ៊ីស្រាអែល
ប្រព្រឹត្ត​អំពើ​បាប ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ។
រពាក់ និង​អញ្ចាញ នឹង​ដុះ​លើ​អាសនៈ​របស់​គេ។
ពេល​នោះ គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា:
ចូរ​ជួយ​លាក់​យើង​ខ្ញុំ​ផង!
ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា:
ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក!។
៩ ចាប់​តាំង​ពី​គ្រា​នៅ​គីបៀរ អ៊ីស្រាអែល​ចេះ​តែ
ប្រព្រឹត្ត​អំពើ​បាប ឥត​រាងចាល​ឡើយ។
ដូច្នេះ គួរ​អោយ​សង្គ្រាម​កើត​មាន​នៅ​គីបៀរ
សំរាប់​ដាក់​ទោស​ជន​ពាល!
១០ យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​ចិត្ត​យើង
ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ
ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស
ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។
១១ អេប្រាអ៊ីម​ប្រៀប​បាន​នឹង​គោ​ញី
ដែល​គេ​បង្ហាត់​អោយ​ចូល​ចិត្ត​បញ្ជាន់​ស្រូវ
ពេល​យើង​ឃើញ ក​របស់​អេប្រាអ៊ីម​មាំ​ល្អ​ដូច្នេះ
យើង​ទឹម​អេប្រាអ៊ីម
យូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកុប​កំពុង​រាស់។
១២ ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ
ចូរ​នាំ​គ្នា​សាប​ព្រោះ​សេចក្ដី​សុចរិត
អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្ដីភាព​យ៉ាង​បរិបូណ៌!
ចូរ​កាប់​គាស់​ដី​ចំការ​ថ្មី!
ដល់​ពេល​ត្រូវ​ស្វែង​រក​ព្រះអម្ចាស់​ហើយ
គឺ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ព្រះអង្គ​យាង​មក
ចាក់​បង្ហូរ​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។
១៣ អ្នក​រាល់​គ្នា​សាប​ព្រោះ​អំពើ​អាក្រក់
នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​ទុច្ចរិត
ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក​ប្រាស់។
អ្នក​បាន​ពឹង​ផ្អែក​លើ​រទេះ​ចំបាំង
និង​លើ​ចំនួន​ទាហាន​ដ៏​អង់អាច​របស់​អ្នក។
១៤ ហេតុ​នេះ​សំរែក​បរាជ័យ​លេច​ឮ
ក្នុង​កងទ័ព​របស់​អ្នក
ទីក្រុង​ដ៏​មាន​កំពែង​រឹងមាំ​របស់​អ្នក
នឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្ដេច​សាលម៉ាន
បាន​បំផ្លាញ​ក្រុង​បេត-អើបេល
នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម
គេ​បាន​កិន​កំទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។
១៥ នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុ
ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេតអែល។
នៅ​ពេល​ថ្ងៃ​រះ ស្ដេច​ស្រុក​អ៊ីស្រាអែល​នឹង​ត្រូវ
វិនាស​សូន្យ។