១៣
សេចក្ដី​ប្រកាស​ប្រឆាំង​នឹង​ប្រជាជាតិ​នានា
ទោស​របស់​រាជាណាចក្រ​បាប៊ីឡូន
១ សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​បាប៊ីឡូន ដែល​លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:
២ «ចូរ​លើក​ទង់​សញ្ញា​មួយ
នៅ​លើ​ភ្នំ​មួយ​ដែល​គ្មាន​ដើម​ឈើ
ចូរ​នាំ​គ្នា​ស្រែក និង​បក់​ដៃ​ហៅ​ពួក​ទាហាន
ទាំង​នោះ​អោយ​ចូល​មក​តាម​ទ្វារ​កិត្តិយស។
៣ យើង​បាន​ចេញ​បញ្ជា​ទៅ​កាន់​អស់​អ្នក
ដែល​ប្រគល់​ជីវិត​មក​យើង
គឺ​ហៅ​អ្នក​ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ​មក
ដើម្បី​ប្រើ​ពួក​គេ​អោយ​សំរេច​តាម
កំហឹង​របស់​យើង
ពួក​គេ​នឹង​មាន​អំណរ​សប្បាយ
ដោយ​យើង​មាន​ជ័យជំនះ»។
៤ ចូរ​ស្ដាប់​ស្នូរ​សន្ធឹក​ដ៏​គគ្រឹកគគ្រេង​នៅ​តាម​ភ្នំ
ដូច​សំឡេង​មហាជន​យ៉ាង​ច្រើន​កុះករ
គឺ​ជា​សំឡេង​របស់​ប្រជាជាតិ​នៃ​រាជា​ណាចក្រ
ជា​ច្រើន​ឥត​គណនា​ដែល​មក​ជួបជុំ​គ្នា។
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ត្រួត​ពល​ដែល​ត្រៀម​ខ្លួន​ទៅ​ច្បាំង។
៥ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗ
គឺ​មក​ពី​ជើង​មេឃ
ព្រះអម្ចាស់​នឹង​ប្រើ​ពួក​គេ
ដើម្បី​សំរេច​តាម​ព្រះពិរោធ​របស់​ព្រះអង្គ
និង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។
៦ ចូរ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ
ដ្បិត​ថ្ងៃ​របស់​ព្រះអម្ចាស់​មក​ជិត​បង្កើយ​ហើយ។
នៅ​ថ្ងៃ​នោះ ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត
នឹង​ធ្វើ​អោយ​កើត​មហន្តរាយ។
៧ ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់ៗ​គ្នា
បាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លាហាន។
៨ ពួក​គេ​នឹង​ភ័យ​តក់ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួន
ដូច​ស្ត្រី​ដែល​កំពុង​តែ​សំរាល​កូន។
ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក
ទាំង​ស្រឡាំងកាំង ហើយ​មុខ​របស់​គេ
ពោរពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។
៩ មើល៍ ថ្ងៃ​នៃ​ព្រះអម្ចាស់​មក​ដល់​ហើយ
គឺ​ជា​ថ្ងៃ​មួយ​ដ៏​សាហាវ
ជា​ថ្ងៃ​ដែល​មនុស្ស​ត្រូវ​ទទួល​ទោស
ស្រប​តាម​ព្រះពិរោធ​ដ៏​ខ្លាំង​បំផុត។
ថ្ងៃ​នោះ​នឹង​ធ្វើ​អោយ​ផែនដី​ក្លាយ​ទៅ​ជា
ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ
មនុស្ស​បាប​ទាំង​អស់​នឹង​វិនាស​សូន្យ។
១០ ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូងតារា​នៅ​លើ​មេឃ
នឹង​លែង​បញ្ចេញ​ពន្លឺ
ព្រះអាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើង
ហើយ​ព្រះច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។
១១ យើង​នឹង​ដាក់​ទោស​មនុស្ស​លោក
ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត
យើង​នឹង​ដាក់​ទោស​មនុស្ស​ពាល
ព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់
អំនួត​របស់​មនុស្ស​អួតអាង ហើយ​បង្ក្រាប
ចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរឃៅ។
១២ យើង​នឹង​ធ្វើ​អោយ​មនុស្ស​នៅ​សល់​តិចតួច​បំផុត
គឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់
និង​មាស​ដ៏​ល្អ​បំផុត​ទៅ​ទៀត។
១៣ នៅ​ថ្ងៃ​ដែល​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ខ្ញាល់​នឹង​មនុស្ស​លោក
ផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក
ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា
ដោយសារ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ។
១៤ ពេល​នោះ ម្នាក់ៗ​វិល​ទៅ​រក​ប្រជាជន​របស់​ខ្លួន
ហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញ
ប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រាន
ឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល។
១៥ អ្នក​ណា​ត្រូវ​គេ​ប្រទះ​ឃើញ
អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ព្រួញ
ហើយ​អ្នក​ណា​ត្រូវ​គេ​តាម​ទាន់
អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។
១៦ ខ្មាំង​នឹង​បោក​ទារក​របស់​គេ​នៅ​ចំពោះ​មុខ​គេ
ផ្ទះ​របស់​គេ​ត្រូវ​ខ្មាំង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់
ហើយ​ប្រពន្ធ​របស់​គេ​ក៏​ត្រូវ​ខ្មាំង​រំលោភ​ដែរ។
១៧ យើង​នឹង​ជំរុញ​ជន​ជាតិ​មេឌី
អោយ​លើក​គ្នា​មក​វាយ​ប្រហារ​ពួក​គេ។
អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ចង់​បាន​មាស ឬ​ប្រាក់​ទេ។
១៨ ជន​ជាតិ​មេឌី​នឹង​បាញ់​ព្រួញ​ប្រហារ​ពួក​យុវជន
ហើយ​គ្មាន​ចិត្ត​អាណិត​អាសូរ​ទារក​ដែល​ទើប
នឹង​កើត ឬ​ក៏​អាណិត​មេត្តា​ក្មេង​តូចៗ​ទេ។
១៩ រីឯ​បាប៊ីឡូន ជា​ក្រុង​ដ៏​ថ្កុំថ្កើង​ជាង​គេ​ក្នុង
រាជាណាចក្រ ដែល​ធ្វើ​អោយ​ជន​ជាតិ​ខាល់ដេ
មាន​មោទនភាព នឹង​ត្រូវ​ព្រះជាម្ចាស់​រំលាយ
ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។
២០ ក្រុង​នោះ​នឹង​លែង​មាន​នរណា​រស់​នៅ
លែង​មាន​ប្រជាជន​រហូត​ត​ទៅ។
សូម្បី​ពួក​អារ៉ាប់​ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះ
ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​ចៀម​របស់​ខ្លួន
ទៅ​ស៊ី​ស្មៅ​នៅ​តាម​ទី​នោះ​ដែរ។
២១ មាន​តែ​សត្វ​ព្រៃ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​គ្នា​មក
ស្នាក់​អាស្រ័យ​នៅ
មាន​សត្វ​ទីទុយ​នាំ​គ្នា​មក​ធ្វើ​សំបុក​នៅ​តាម​ផ្ទះ
សត្វ​ត្មាត​នាំ​គ្នា​មក​រស់​នៅ
សត្វ​ពពែ​ព្រៃ​នាំ​គ្នា​មក​លោត​លេង។
២២ ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​តាម​ដំណាក់​របស់​ពួក​គេ
ហើយ​ហ្វូង​ស្វាន​រស់​នៅ​ក្នុង​វិមាន​លំហែ​កាយ។
ពេល​កំណត់​របស់​ក្រុង​បាប៊ីឡូន​ជិត​មក​ដល់
ឥត​ពន្យារ​ឡើយ។