២២
ព្រះបន្ទូល​ព្រមាន​ក្រុង​យេរូសាឡឹម
១ សេចក្ដី​ប្រកាស​ស្ដី​អំពី​ជ្រលង
ភ្នំ​នៃ​និមិត្ត​ហេតុ​អស្ចារ្យ:
យេរូសាឡឹម​អើយ!
តើ​មាន​រឿង​អ្វី​កើត​ឡើង​ដល់​អ្នក
បាន​ជា​ប្រជាជន​របស់​អ្នក
នាំ​គ្នា​អង្គុយ​នៅ​មុខ​ផ្ទះ​ដូច្នេះ?
២ ហេតុ​អ្វី​បាន​ជា​ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ
ភាព​អ៊ូអរ និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បែប​នេះ?
ទាហាន​របស់​អ្នក ដែល​ស្លាប់
មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ​ទេ
ហើយ​ក៏​មិន​មែន​ស្លាប់​លើ​សមរភូមិ​ដែរ។
៣ នាយ​ទាហាន​របស់​អ្នក​ត្រូវ​បរាជ័យ
បាក់​ទ័ព​រត់​នៅ​មុខ​ពល​បាញ់​ធ្នូ​របស់​ខ្មាំង។
ទោះ​បី​ពួក​គេ​រត់​ទៅ​ឆ្ងាយ​យ៉ាង​ណា​ក្ដី
ក៏​ខ្មាំង​សត្រូវ​ចាប់​បាន​ពួក​គេ
យក​ទៅ​ជា​ឈ្លើយ​ដែរ។
៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា
កុំ​រវីរវល់​នឹង​ខ្ញុំ​អី
ទុក​អោយ​ខ្ញុំ​យំ​សោក​យ៉ាង​ជូរ​ចត់​ទៅ
មិន​បាច់​ខ្វល់​ខ្វាយ​នឹង​សំរាល​ទុក្ខ​ខ្ញុំ
ព្រោះ​តែ​ទីក្រុង​នៃ​ប្រជាជន​របស់​ខ្ញុំ
ត្រូវ​អន្តរាយ​នោះ​ឡើយ
៥ ដ្បិត​ថ្ងៃ​នេះ ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល
ធ្វើ​អោយ​មាន​ចលាចល
បរាជ័យ និង​ភាព​ច្របូកច្របល់។
នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​នេះ
កំពែង​ក្រុង​ត្រូវ​ស្រុត
អ្នក​ក្រុង​ស្រែក​អង្វរ​ហៅ​រក​ជំនួយ​ពី​លើ​ភ្នំ។
៦ កងទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មក
ហើយ​ក៏​មាន​រទេះ​ចំបាំង និង​កងពល​សេះ
មក​ជា​មួយ​ដែរ។
រីឯ​កងទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។
៧ យេរូសាឡឹម​អើយ!
ជ្រលង​ភ្នំ​ដ៏​ស្រស់​បំព្រង​របស់​អ្នក
មាន​ពេញ​ទៅ​ដោយ​រទេះ​ចំបាំង
ហើយ​កងពល​សេះ​តំរៀប​គ្នា
នៅ​មាត់​ទ្វារ​របស់​អ្នក។
៨ យូដា​គ្មាន​អ្វី​ការពារ​ខ្លួន​ទេ
នៅ​ថ្ងៃ​នោះ​អ្នក​បែរ​ចិត្ត​ទៅ​រក​គ្រឿង
សស្រ្ដាវុធ​នៅ​ក្នុង​ប្រាសាទ​ព្រៃ​។
៩ អ្នក​រាល់​គ្នា​បាន​ឃើញ​កំពែង​ក្រុង
របស់​ព្រះបាទ​ដាវីឌ បាក់​បែក​ជា​ច្រើន​កន្លែង
អ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​ទុក​បង្ការ
នៅ​ក្នុង​ស្រះ​ប៉ែក​ខាង​ក្រោម។ ១០ អ្នក​រាល់​គ្នា​រាប់​ចំនួន​ផ្ទះ​នៅ​ក្នុង​ក្រុង​យេរូសាឡឹម
ហើយ​អ្នក​រាល់​គ្នា​រំលំ​ផ្ទះ​ខ្លះ
ដើម្បី​អោយ​ងាយ​ការពារ​កំពែង​ក្រុង។
១១ អ្នក​រាល់​គ្នា​ជីក​អាង​ទឹក
នៅ​ចន្លោះ​កំពែង​ទាំង​ពីរ
ដើម្បី​បង្ហូរ​ទឹក​ពី​ស្រះ​ចាស់​មក។
ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​បាន​នឹក​ដល់​ព្រះជាម្ចាស់
ដែល​បាន​ធ្វើ​ការ​អស់​ទាំង​នេះ​ទេ
អ្នក​រាល់​គ្នា​ពុំ​ចាប់​អារម្មណ៍​នឹង​ព្រះអង្គ
ដែល​រៀបចំ​គំរោងការ​នេះ
តាំង​ពី​យូរ​ណាស់​មក​ហើយ។
១២ នៅ​គ្រា​នោះ ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល
បាន​ហៅ​អ្នក​រាល់​គ្នា​អោយ​យំ​សោក​សង្រេង
កោរ​សក់ និង​ស្លៀក​បាវ​កាន់​ទុក្ខ
១៣ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​បុណ្យ សើច​សប្បាយ
គឺ​អ្នក​រាល់​គ្នា​សម្លាប់​គោ សម្លាប់​ចៀម
ហើយ​ស៊ី​ផឹក​ជប់លៀង​ទៅ​វិញ!
អ្នក​រាល់​គ្នា​ពោល​ថា: “យើង​នាំ​គ្នា​ស៊ី​ផឹក​ទៅ
ដ្បិត​ស្អែក​យើង​នឹង​ស្លាប់​ហើយ!”​។
១៤ ប៉ុន្តែ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
បាន​សំដែង​អោយ​ខ្ញុំ​ដឹង​ថា
រហូត​ដល់​អ្នក​រាល់​គ្នា​ស្លាប់
ក៏​ព្រះអង្គ​មិន​លើកលែង​ទោស​អ្នក​រាល់​គ្នា​ទេ។
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
នៃ​ពិភព​ទាំង​មូល។
លោក​អភិបាល​សេបណា​នឹង​ត្រូវ​បាត់​មុខ​តំណែង
១៥ ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: «ចូរ​ទៅ​ជួប​លោក​សេបណា ជា​មន្ត្រី​មើល​ខុស​ត្រូវ ក្នុង​ព្រះរាជ​វាំង ប្រាប់​គាត់​ដូច​ត​ទៅ:
១៦ តើ​អ្នក​មាន​ឋានៈ​អ្វី ជា​ពូជពង្ស​ស្ដេច​ណា
បាន​ជា​អ្នក​ហ៊ាន​ជីក​ផ្នូរ​ទុក​នៅ​ក្នុង​វាំង​ដូច្នេះ?
អ្នក​ដាប់​ថ្ម​ធ្វើ​ផ្នូរ​ទុក​សំរាប់​ខ្លួន នៅ​លើ​ទី​ខ្ពស់!
១៧ ឥស្សរជន​អើយ!
ព្រះអម្ចាស់​នឹង​រំលំ​អ្នក​យ៉ាង​ទាន់ហន់
ព្រះអង្គ​នឹង​ចង​អ្នក​មិន​អោយ​រើ​រួច​ឡើយ។
១៨ ព្រះអង្គ​នឹង​បោះ​អ្នក​អោយ​រមៀល
ដូច​គេ​បោះ​កូន​គោល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយ
អ្នក​នឹង​ស្លាប់​លើ​ដី​នោះ
ជា​មួយ​រថ​ដ៏​រុងរឿង​របស់​អ្នក
ដ្បិត​អ្នក​បាន​បន្ថោក​វាំង​របស់​ម្ចាស់​អ្នក!
១៩ យើង​នឹង​បណ្ដេញ​អ្នក​ចេញ​ពី​មុខ​តំណែង
ហើយ​ដក​បុណ្យ​ស័ក្ដិ​របស់​អ្នក​ទៀត​ផង។
២០ នៅ​ថ្ងៃ​នោះ​យើង​នឹង​ហៅ​អ្នក​បំរើ​របស់​យើង
អោយ​មក គឺ​អេលាគីម​ជា​កូន​ហ៊ីលគីយ៉ា
២១ យើង​នឹង​យក​អាវ​កិត្តិយស និង​សង្វារ​របស់​អ្នក
មក​បំពាក់​អោយ​គាត់។
យើង​នឹង​ដក​អំណាច​របស់​អ្នក
ប្រគល់​ទៅ​អោយ​គាត់។
គាត់​នឹង​ថែរក្សា​អ្នក​ក្រុង​យេរូសាឡឹម
និង​អ្នក​ស្រុក​យូដា ដូច​ឪពុក​ថែរក្សា​កូន។
២២ យើង​នឹង​ប្រគល់​កូន​សោ​វាំង
របស់​ស្ដេច​ដាវីឌ​អោយ​គាត់
បើ​គាត់​បើក​គ្មាន​នរណា​បិទ​បាន​ទេ
ហើយ​បើ​គាត់​បិទ​ក៏​គ្មាន​នរណា​បើក​បាន​ដែរ។ ២៣ យើង​នឹង​តាំង​គាត់​អោយ​មាន​ជំហរ​រឹងប៉ឹង
ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម
គាត់​នឹង​ធ្វើ​អោយ​វង្ស​ត្រកូល​របស់​គាត់
មាន​កិត្តិយស​ថ្លៃថ្នូរ។
២៤ សាច់ញាតិ​របស់​គាត់ ទាំង​តូច ទាំង​ធំ
នឹង​ពឹង​ផ្អែក​លើ​គាត់​ទាំង​អស់​គ្នា
គឺ​ប្រៀប​ដូច​ជា​ចាន ឆ្នាំង និង​ថូ
ដែល​គេ​ដាក់​ក្នុង​សង្រែក
ហើយ​ព្យួរ​នឹង​ដែក​គោល​តែ​មួយ។
២៥ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា:
“នៅ​គ្រា​នោះ​ដែក​គោល​ដែល​បោះ​ភ្ជាប់
លើ​ឈើ​ខ្លឹម​នោះ​នឹង​បាក់​របូត​ធ្លាក់​ចុះ​មក
ហើយ​អ្វីៗ​ដែល​ព្យួរ​នៅ​នឹង​ដែក​គោល​នោះ
ក៏​បាក់​បែក​ខ្ទេចខ្ទី​អស់​ដែរ”»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់