២៤
ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី
១ ព្រះអម្ចាស់​នឹង​បំផ្លាញ​ផែនដី​អោយ
វិនាស។
ព្រះអង្គ​នឹង​រំលើង​ផែនដី ហើយ​កំចាត់កំចាយ
មនុស្សម្នា​ដែល​រស់​នៅ​លើ​ផែនដី
២ គឺ​បូជាចារ្យ​ក៏​ដូច​ប្រជាជន
ម្ចាស់​ប្រុស ក៏​ដូច​ទាសា
ម្ចាស់​ស្រី ក៏​ដូច​ទាសី
អ្នក​លក់ ក៏​ដូច​អ្នក​ទិញ
ម្ចាស់​របស់ ក៏​ដូច​អ្នក​ខ្ចី
ម្ចាស់​បំណុល ក៏​ដូច​កូន​បំណុល​ដែរ។
៣ ផែនដី​នឹង​ត្រូវ​វិនាស​ហិនហោច​ទាំង​ស្រុង
ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៤ មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខ
គេ​ធ្លាក់​ខ្លួន​ខ្សោយ
ឥត​មាន​កម្លាំង​កំហែង​ទៀត​ទេ
វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​នឹង​អស់​ឫទ្ធិ។
៥ ផែនដី​ក្លាយ​ទៅ​ជា​អាស្រូវ
ដោយសារ​មនុស្ស​ជាន់​ឈ្លី
គឺ​ពួក​គេ​បាន​បំពាន​លើ​ក្រឹត្យវិន័យ
ពួក​គេ​រំលោភ​ច្បាប់​របស់​ព្រះអម្ចាស់
ហើយ​ពួក​គេ​បាន​ផ្ដាច់
សម្ពន្ធមេត្រី​អស់កល្ប​ជានិច្ច
ដែល​ព្រះអង្គ​ចង​ជា​មួយ​គេ។
៦ ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​ត្រូវ​បណ្ដាសា
មនុស្សម្នា​នៅ​លើ​ផែនដី​មាន​ទោស
ព្រោះ​តែ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។
ពួក​គេ​នឹង​ត្រូវ​វិនាស
ហើយ​នៅ​សេសសល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។
៧ សូម្បី​តែ​ស្រា​ទំពាំងបាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរ
ចំការ​ទំពាំងបាយជូរ​ត្រូវ​ហិនហោច​អស់
អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយ
បែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។
៨ សំឡេង​ស្គរ​របាំ​ដ៏​សប្បាយ​លែង​ឮ​ទៀត​ហើយ
សំឡេង​ហ៊ោ​ខ្ញៀវខ្ញារ​ក៏​ត្រូវ​ចប់
ហើយ​សំឡេង​ចាប៉ី​ដ៏​ពីរោះ
ក៏​លែង​មាន​ទៀត​ដែរ។
៩ ពេល​នោះ មនុស្សម្នា​លែង​ផឹក​ស្រា
ទាំង​ច្រៀង​ទៀត​ហើយ
ស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។
១០ ក្រុង​ដែល​គ្មាន​មនុស្ស​នៅ​នឹង​ត្រូវ​រលំ
ផ្ទះ​ទាំងឡាយ​ត្រូវ​បិទ​ទ្វារ​ចោល
គ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។
១១ នៅ​តាម​ផ្លូវ មនុស្សម្នា​នាំ​គ្នា​ត្អូញត្អែរ
ព្រោះ​រក​ស្រា​ផឹក​មិន​បាន
ការ​រីករាយ​ក៏​លែង​មាន
ហើយ​ក៏​គ្មាន​អំណរ​សប្បាយ
នៅ​ក្នុង​ស្រុក​ទៀត​ដែរ។
១២ ក្នុង​ទីក្រុង​មាន​តែ​សំណល់​បាក់​បែក
ទ្វារ​ក្រុង​ក៏​ខូច​ខាត​ខ្ទេចខ្ទី​អស់​ដែរ។
១៣ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ​នៅ​លើ​ផែនដី
ប្រជាជន​ដែល​នៅ​សេសសល់ មាន​ចំនួន​តិច
ដូច​ជា​ផ្លែ​អូលីវ និង​ផ្លែ​ទំពាំងបាយជូរ​ដែល
នៅ​សេសសល់ ក្រោយ​ពេល​គេ​បេះ​ផ្លែ​ចប់។
១៤ រីឯ​អ្នក​ដែល​បាន​រួច​ជីវិត
នឹង​នាំ​គ្នា​បន្លឺ​សំឡេង​លើក​តម្កើង​សិរីរុងរឿង
ព្រះអម្ចាស់ ដោយ​អំណរ​រីករាយ។
ពួក​គេ​មក​ពី​ស្រុក​ខាង​លិច​យ៉ាង​សប្បាយ។
១៥ អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ា
នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអម្ចាស់
ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំងឡាយ
ក៏​លើក​តម្កើង​ព្រះនាម​ព្រះអម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ!
១៦ យើង​បាន​ឮ​សូរ​ចំរៀង
ពី​ចុង​ខាង​នាយ​ផែនដី​មក​ថា:
«សូម​លើក​តម្កើង​ព្រះ​ដ៏​សុចរិត!»។
ប៉ុន្តែ ចំពោះ​ខ្ញុំ​វិញ​ខ្ញុំ​ពោល​ថា:
ខ្ញុំ​វិនាស​បាត់​បង់​ហើយ! ខ្ញុំ​វេទនា​ហើយ!
ពួក​ក្បត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ក្បត់​ច្រើន​ឡើងៗ!
១៧ មនុស្សម្នា​នៅ​លើ​ផែនដី​អើយ
អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ញ័រ​រន្ធត់
ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​មិន​ខាន!
១៨ អ្នក​ដែល​រត់​គេច​ផុត​ពី​ការ​ញ័រ​រន្ធត់
នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
អ្នក​ដែល​ឡើង​ផុត​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់។
ទ្វារ​មេឃ​បើក​ចំហ បង្អុរ​ទឹក​ចុះ​មក
ហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ។
១៩ ផែនដី​ប្រេះ ផែនដី​បាក់​បែក
ផែនដី​រញ្ជួយ​ញាប់ញ័រ​យ៉ាង​ខ្លាំង
២០ ឃ្លីងឃ្លោង​ដូច​មនុស្ស​ស្រវឹង
ហើយ​ទ្រេតទ្រោត​ដូច​ខ្ទម​ត្រូវ​ខ្យល់​បក់​បោក
ព្រោះ​អំពើ​បាប​របស់​ផែនដី​ធ្ងន់ធ្ងរ​ណាស់
ផែនដី​ត្រូវ​រលំ
ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ។
ចុង​បញ្ចប់​របស់​អាណាចក្រ​នានា
២១ នៅ​ថ្ងៃ​នោះ​ព្រះអម្ចាស់​នឹង​ធ្វើ​ទោស​អំណាច​នានា​នៅ​ស្ថាន​លើ ព្រម​ទាំង​ធ្វើ​ទោស​ស្ដេច​ទាំងឡាយ នៅ​ផែនដី​ដែរ។ ២២ ព្រះអង្គ​នឹង​ប្រមូល​អំណាច​ទាំង​នោះ​ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ព្រះអង្គ​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ព្រះអង្គ​ជំនុំជំរះ​ពួក​គេ។
២៣ ពេល​នោះ ព្រះច័ន្ទ​ត្រូវ​បាក់​មុខ
ព្រះអាទិត្យ​ត្រូវ​អាម៉ាស់។
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​គ្រង​រាជ្យ
នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូសាឡឹម
ហើយ​សិរីរុងរឿង​របស់​ព្រះអង្គ
ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅ​មុខ​អស់​លោក​ព្រឹទ្ធាចារ្យ
របស់​ព្រះអង្គ។