២៧
១ នៅ​ថ្ងៃ​នោះ​ព្រះអម្ចាស់​នឹង​ប្រើ ព្រះខ័ន​ដ៏​ធំ​ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក​ហើយ​មាន​កលល្បិច ព្រះអង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សំបើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។
ចំការ​ទំពាំងបាយជូរ​របស់​ព្រះអម្ចាស់
២ នៅ​ថ្ងៃ​នោះ​ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ច្រៀង
សរសើរ​ចំការ​ទំពាំងបាយជូរ
ដែល​ផ្ដល់​ស្រា​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ពិសា។
៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
យើង​ថែរក្សា​ចំការ​ទំពាំងបាយជូរ
យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។
យើង​យាម​ចំការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់
ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។
៤ យើង​មិន​ខឹងសម្បារ​នឹង​វា​ទៀត​ទេ
ប៉ុន្តែ ប្រសិន​បើ​យើង​ឃើញ
បន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះ
យើង​នឹង​កាប់​ឆ្ការ​វា
ព្រម​ទាំង​ដុត​កំទេច​ចោល​ទៀត​ផង។
៥ បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើង
ហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខសាន្ត​ពី​យើង
នោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខសាន្ត​អោយ​គេ។
៦ នៅ​អនាគត​កាល ពូជពង្ស​របស់​លោក​យ៉ាកុប
នឹង​ចាក់​ឫស
ពូជពង្ស​របស់​លោក​អ៊ីស្រាអែល
នឹង​មាន​ពន្លក​ដុះ​ចេញ​មក
រួច​មាន​ផ្កា មាន​ផ្លែ​ពាសពេញ​លើ​ផែនដី។
៧ តើ​ព្រះអម្ចាស់​បាន​វាយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ដូច​ព្រះអង្គ​វាយ​អស់​អ្នក​ដែល​បាន​វាយ​ពួក​គេ​ឬ​ទេ?
តើ​ព្រះអង្គ​ប្រហារ​ជីវិត​ពួក​គេ
ដូច​ព្រះអង្គ​ប្រហារ​ជីវិត​អស់​អ្នក​ដែល
បាន​សម្លាប់​ពួក​គេ​ឬ​ទេ?។
៨ ទេ! ព្រះអម្ចាស់​ដាក់​ទោស​ប្រជារាស្ត្រ
របស់​ព្រះអង្គ ដោយ​និរទេស​ពួក​គេ
គឺ​ព្រះអង្គ​បាន​បណ្ដេញ​ពួក​គេ
ដោយសារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង
ពី​បូព៌ា​ប្រទេស។
៩ ដោយ​ព្រះអម្ចាស់​លើកលែង​ទោស​អោយ
កូន​ចៅ​របស់​លោក​យ៉ាកុប​រួច​ពី​បាប
ពួក​គេ​នឹង​កំទេច​ថ្ម​អាសនៈ
របស់​ព្រះ​ក្លែងក្លាយ​អោយ​ខ្ទេច
ដូច​ថ្ម​កំបោរ​ដែល​គេ​កំទេច​អោយ​ទៅ​ជា​ធូលី​ដី
ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​របស់​ព្រះអាសេរ៉ា
និង​កន្លែង​ថ្វាយ​សក្ការបូជា​ដល់​ព្រះ​ទាំង​នោះ។
១០ ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ
នឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយ
គឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ​បង់​ចោល​អោយ​នៅ
ស្ងាត់​ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅ
សំរាប់​គោ​មក​ដេក
ហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។
១១ ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម
ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។
ប្រជាជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអាទិករ​របស់​ពួក​គេ
លែង​អាណិត​មេត្តា​ពួក​គេ
ព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មក
លែង​អត់អោន​ដល់​ពួក​គេ​ទៀត​ហើយ។
១២ នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​នឹង​បោក​បែន​ស្រូវ
ចាប់​ពី​ទន្លេ​អឺប្រាត
រហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីប
ជន​ជាតិ​អ៊ីស្រាអែល​អើយ នៅ​ពេល​នោះ
ព្រះអង្គ​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ម្ដង​មួយៗ។ ១៣ នៅ​ថ្ងៃ​នោះ​គេ​នឹង​ផ្លុំ​ត្រែ​ធំ
ប្រជាជន​ដែល​ខ្ចាត់​ព្រាត់​នៅ​ស្រុក​អាស្ស៊ីរី
ប្រជាជន​ដែល​បែកខ្ញែក​នៅ​ស្រុក​អេស៊ីប
នឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ
គេ​នឹង​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់
នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ គឺ​នៅ​ក្រុង​យេរូសាឡឹម។