២៨
ខ្យល់​ព្យុះ​កំទេច​រាជាណាចក្រ​ខាង​ជើង
១ ក្រុង​សាម៉ារី
ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក
នៅ​រាជាណាចក្រ​អេប្រាអ៊ីម
មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
សម្ផស្ស​របស់​ក្រុង​ដែល​ស្ថិត​នៅ​ពី​លើ​វាល​ទំនាប
ដ៏​សម្បូណ៌​សប្បាយ​នេះ
ប្រៀប​ដូច​ជា​ភួង​ផ្កា​ស្រពោន​នៅ​លើ​ក្បាល
របស់​ពួក​ប្រមឹក​ទាំង​នោះ។
២ ព្រះអម្ចាស់​ចាត់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​អោយ​មក
អ្នក​នោះ​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ​សង្ឃរា
ដែល​ធ្វើ​អោយ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ចុះ​មក
ឬ​ដូច​ភ្លៀង​ដែល​បង្អុរ​ចុះ​មក​ធ្វើ​អោយ
មាន​ទឹក​ជំនន់​យ៉ាង​ធំ។
ព្រះអង្គ​នឹង​ច្រាន​ក្រុង​នោះ​អោយ​រលំ​ដល់​ដី។
៣ ក្រុង​ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក​អេប្រាអ៊ីម
នឹង​ត្រូវ​ខ្មាំង​ជាន់​ឈ្លី។
៤ រីឯ​ភួង​ផ្កា​ស្រពោន​ជា​សម្ផស្ស​របស់​ក្រុង​ដែល
ស្ថិត​នៅ​ពី​លើ​វាល​ទំនាប​ដ៏​សម្បូណ៌​សប្បាយ
ក៏​ត្រូវ​វិនាស​ដូច​ក្ដឹប​ឧទុម្ពរ​នៅ​ដើម​រដូវ
ត្រូវ​គេ​បេះ​ហើយ​ទំពា​លេប​អស់​ទៅ។
៥ នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សំរាប់​ប្រជាជន​របស់​ព្រះអង្គ​ដែល​នៅ​សេសសល់។ ៦ ព្រះអង្គ​នឹង​ប្រោស​ប្រទាន​អោយ​ចៅក្រម​កាត់​ក្ដី​ដោយ​យុត្តិធម៌ ព្រះអង្គ​នឹង​ប្រទាន​អោយ​អស់​អ្នក​ការពារ​ទឹក​ដី មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។
ពួក​ប្រមឹក​នាំ​គ្នា​ចំអក​អោយ​ព្យាការី​អេសាយ
៧ រីឯ​អ្នក​ទាំង​នេះ​​ក៏​ត្រូវ​ស្រា​ទំពាំងបាយជូរ
និង​ស្រា​ខ្លាំងៗ​នាំ​អោយ​វង្វេងវង្វាន់​ដែរ។
ពួក​បូជាចារ្យ និង​ព្យាការី ត្រូវ​ស្រា​ខ្លាំងៗ
នាំ​អោយ​វង្វេង។
សុរា​នាំ​អោយ​ពួក​គេ​ស្រវឹង​ទ្រេតទ្រោត
ស្រា​ខ្លាំង​នាំ​អោយ​គេ​វង្វេងវង្វាន់
បណ្ដាល​អោយ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្ដេសផ្ដាស
ហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាស
ក៏​មិន​ច្បាស់​លាស់​ដែរ។
៨ តុ​របស់​គេ​ប្រឡាក់​ពេញ​ដោយ​កំអួត
គួរ​អោយ​ខ្ពើម
គឺ​រក​កន្លែង​ស្អាត​ត្រង់​ណា​គ្មាន​សោះ។
៩ គេ​ពោល​ថា:
«អេសាយ​នេះ​ចង់​បង្រៀន​អ្វី?
តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់
ប្រាប់​នរណា?
តើ​គាត់​ចង់​បង្ហាត់​បង្រៀន
កូន​ង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះ
កូន​ង៉ា​ដែល​គេ​លែង​អោយ​បៅ​នោះ​ឬ?
១០ គាត់​ចេះ​តែ​ពោល​ថា: “ក កា កិ កី…
អា​នាង​ធ្វើ​នេះ!
អា​នាង​ធ្វើ​នោះ!”​»
១១ ពិត​មែន​ហើយ! ព្រះអម្ចាស់​នឹង​មាន​ព្រះបន្ទូល
មក​កាន់​ប្រជាជន​នេះ
ដោយ​ប្រើ​ភាសា​ដែល​ពួក​គេ​ស្ដាប់​មិន​បាន
ព្រះអង្គ​នឹង​យក​ភាសា​ដទៃ​ទៀត
មក​និយាយ​ជា​មួយ​ពួក​គេ។
១២ ព្រះអង្គ​ធ្លាប់​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​ថា
“ទុក​អោយ​អ្នក​ហត់​នឿយ
មក​រក​សំរាក​លំហែ​កាយ​ចុះ”
តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​ព្រះអង្គ​ទេ។
១៣ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​គេ​ដូច​បង្ហាត់​កូន​ក្មេង​ថា: “ក កា កិ កី… អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!” ដូច្នេះ ពួក​គេ​នឹង​ជំពប់​ដួល​បាក់​ដៃ​បាក់​ជើង ហើយ​ជាប់​អន្ទាក់​ចេញ​ពុំ​រួច​ឡើយ។
១៤ មេ​ដឹក​នាំ​ក្រុង​យេរូសាឡឹម
ដែល​ចូល​ចិត្ត​តែ​និយាយ​ចំអក​អើយ!
ចូរ​នាំ​គ្នា​ស្ដាប់​ព្រះអម្ចាស់​មាន​ព្រះបន្ទូល
ដូច​ត​ទៅ:
១៥ អ្នក​រាល់​គ្នា​អះអាង​ថា
អ្នក​រាល់​គ្នា​ចុះ​សន្ធិសញ្ញា​ជា​មួយ​មច្ចុរាជ
ព្រម​ទាំង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ
ស្ថាន​មនុស្ស​ស្លាប់។
កាល​ណា​មាន​គ្រោះ​កាច​មក​ដល់
អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​អន្តរាយ​ឡើយ
ព្រោះ​អ្នក​រាល់​គ្នា​យក​ការ​កុហក​ធ្វើ​ជា​ទី​ពឹង
និង​យក​ការ​ភូតភរ​ជា​ជំរក។
១៦ ហេតុ​នេះ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះ
នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។
ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃ
ហើយ​ជា​គ្រឹះ​ដ៏​មាំ។
អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះ
អ្នក​នោះ​មុខ​ជា​បាន​រឹងប៉ឹង​មិន​ខាន។
១៧ យើង​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​រង្វាស់
ហើយ​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​ខ្នាត។
ខ្យល់​ព្យុះ​នឹង​បក់​រំលើង​ការ​កុហក
ដែល​ជា​ទី​ពឹង​របស់​អ្នក​រាល់​គ្នា
ហើយ​ទឹក​ក៏​នឹង​ជន់​ឡើង កួច​យក​ការ​ភូតភរ
ដែល​ជា​ជំរក​របស់​អ្នក​រាល់​គ្នា​ទៅ​ដែរ។
១៨ សន្ធិសញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ
ជា​មួយ​មច្ចុរាជ នឹង​ត្រូវ​លុប​បំបាត់
កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ​ជា​មួយ
ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​នៅ​ស្ថិតស្ថេរ​បាន​ដែរ
ពេល​គ្រោះ​កាច​មក​ដល់
អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ​ជា​មិន​ខាន។
១៩ រាល់​ពេល​ដែល​គ្រោះ​កាច​នោះ​មក​ដល់ វា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា គ្រោះ​កាច​នោះ​នឹង​កើត​មាន​រៀង​រាល់​ព្រឹក​រៀង​រាល់​ថ្ងៃ និង​រៀង​រាល់​យប់។ បើ​គ្រាន់​តែ​ឮ​សូរ​គេ​និយាយ ក៏​ធ្វើ​អោយ​ញ័រ​រន្ធត់​ដែរ។
២០ ពេល​នោះ គ្រែ​ដេក​បែរ​ទៅ​ជា​ខ្លី​ពេក
រីឯ​ភួយ​ក៏​តូច​ពេក​រក​ដណ្ដប់​ពុំ​បាន​ដែរ។
២១ ព្រះអម្ចាស់​នឹង​យាង​មក
ដូច​កាល​ព្រះអង្គ​យាង​មក​នៅ​ភ្នំ​ពេរ៉ាស៊ីម
និង​វាល​ទំនាប​គីបៀន​ដែរ
ព្រះអង្គ​ក្រោក​ឡើង សំដែង​ប្ញទ្ធិបារមី
ដែល​ជា​ប្ញទ្ធិបារមី​ដ៏​ចម្លែក
ព្រះអង្គ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ
ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។
២២ ឥឡូវ​នេះ ចូរ​ឈប់​និយាយ​ចំអក​ទៀត​ទៅ ក្រែង​លោ​ចំណង​រួប​រឹត​អ្នក​រាល់​គ្នា​កាន់​តែ​តឹង​ថែម​ទៀត ដ្បិត​ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ប្រាប់​អោយ​ខ្ញុំ​ដឹង​ថា ព្រះអង្គ​សំរេច​រំលាយ​ស្រុក​នេះ​ទាំង​មូល​រួច​ហើយ។
២៣ ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំ
ចូរ​ត្រងត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ!
២៤ តើ​អ្នក​ភ្ជួរ​ដី ដើម្បី​សាប​ព្រោះ
ចេះ​តែ​ភ្ជួរ​ជានិច្ច​រហូត​ទៅ​ឬ?
តើ​គាត់​នៅ​តែ​ត្រឡប់ និង​រាស់​ដី​ជានិច្ច​ឬ?
២៥ ទេ មិន​ដូច្នោះ​ទេ!
ពេល​ណា​គាត់​ភ្ជួរ​រាស់​ដី​រាប​ស្មើ​ហើយ
គាត់​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ល្ង​មក​ព្រោះ
គាត់​ព្រោះ​ពូជ​ស្រូវ
ហើយ​ព្រោះ​ពូជ​ស្រូវ​ដំណើប
តាម​កន្លែង​ដែល​គាត់​បាន​កំណត់​ទុក
ព្រម​ទាំង​ព្រោះ​ពូជ​ស្រូវ​ដែល​មិន​សូវ​ល្អ
នៅ​កៀនៗ។
២៦ ព្រះជាម្ចាស់​ប្រាប់​អោយ​គាត់​ដឹង​ថា
តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ
ព្រះអង្គ​បង្ហាត់​បង្រៀន​គាត់។
២៧ ពេល​បេះ​សណ្ដែក បេះ​ល្ង​រួច​ហើយ
គាត់​យក​ឈើ​មក​វាយ​គ្រាប់​សណ្ដែក
និង​យក​រំពាត់​មក​វាយ​គ្រាប់​ល្ង
គឺ​គាត់​មិន​យក​រនាស់​មក​រាស់​សណ្ដែក
ឬ​ក៏​យក​រទេះ​មក​បរ​ពី​លើ​ល្ង​ឡើយ។
២៨ រីឯ​ស្រូវ​វិញ គាត់​មិន​កិន​ទេ
គឺ​គាត់​គ្រាន់​តែ​បោក​បែន​ប៉ុណ្ណោះ
តែ​មិន​មែន​បោក​បែន​រហូត​ឡើយ។
គាត់​បរ​រទេះ​សេះ​បញ្ជាន់​ស្រូវ​នោះ
តែ​គាត់​មិន​កិន​វា​អោយ​ទៅ​ជា​ម្សៅ​ទេ។
២៩ គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែនាំ
ដំបូន្មាន​របស់​ព្រះអង្គ
គួរ​អោយ​កោត​សរសើរ
ហើយ​ព្រះប្រាជ្ញាញាណ​របស់​ព្រះអង្គ
ប្រសើរ​ឧត្ដុង្គឧត្ដម​ក្រៃលែង។