៣៣
ព្រះអម្ចាស់​រំដោះ​ក្រុង​យេរូសាឡឹម អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ
១ អ្នក​បាន​បំផ្លាញ​អ្នក​ដទៃ
តែ​គ្មាន​នរណា​បំផ្លាញ​អ្នក​វិញ
អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!
អ្នក​បាន​ក្បត់​អ្នក​ដទៃ
តែ​គ្មាន​នរណា​ក្បត់​អ្នក​វិញ​ទេ។
ពេល​ណា​អ្នក​បំផ្លាញ​អ្នក​ដទៃ​ចប់​ហើយ
នោះ​នឹង​មាន​គេ​បំផ្លាញ​អ្នក​វិញ
ពេល​ណា​អ្នក​ក្បត់​អ្នក​ដទៃ​ចប់​ហើយ
នោះ​នឹង​មាន​គេ​ក្បត់​អ្នក​រាល់​គ្នា​វិញ។
២ ឱ​ព្រះអម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង
យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​ហើយ
រៀង​រាល់​ព្រឹក
សូម​ព្រះអង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។
នៅ​ពេល​មាន​អាសន្ន
សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!
៣ ពេល​ជាតិ​សាសន៍​ទាំងឡាយ​ឮ​ស្នូរ​សន្ធឹក
របស់​ព្រះអង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅ
ពេល​ព្រះអង្គ​ក្រោក​ឡើង
ប្រជាជាតិ​ទាំងឡាយ​បែកខ្ញែក​គ្នា​អស់។
៤ ពេល​នោះ មនុស្សម្នា​ច្រើន​ដូច​កណ្ដូប
នាំ​គ្នា​ប្រមូល​យក​ជយភ័ណ្ឌ
គេ​លើក​គ្នា​ដូច​ស្រមោច
ទៅ​ដណ្ដើម​យក​ជយភ័ណ្ឌ​នោះ។
៥ មនុស្សម្នា​លើក​តម្កើង​ព្រះអម្ចាស់
ព្រោះ​ព្រះអង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត!
ព្រះអង្គ​ប្រទាន​អោយ​ក្រុង​ស៊ីយ៉ូន
មាន​ពោរពេញ​ដោយ
សេចក្ដី​សុចរិត និង​យុត្តិធម៌។
៦ ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខសាន្ត។
ប្រាជ្ញា​វាងវៃ និង​ការ​ស្គាល់​ព្រះអម្ចាស់
នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​អោយ​អ្នក
ហើយ​ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃថ្នូរ​របស់​អ្នក!
៧ នៅ​គ្រា​នោះ​អ្នក​ក្រុង​អើរាល
ស្រែក​តាម​ផ្លូវ​រក​គេ​ជួយ
រីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិភាព
បែរ​ជា​មក​វិញ​នាំ​គ្នា​យំ​យ៉ាង​ខ្លោចផ្សា។
៨ ផ្លូវ​នានា​ស្ងាត់​ជ្រងំ
ឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ
គូ​ភាគី​លែង​គោរព​សន្ធិសញ្ញា
គេ​ប្រមាថ​មាក់ងាយ​សាក្សី​នៃ​សន្ធិសញ្ញា​នេះ
គឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។
៩ ប្រជាជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ
ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ
ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់ នឹង​បាក់​មុខ ហើយ​រុះ​រោយ
វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួតហែង
ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន
ព្រៃ​ឈើ​ទៀត​ហើយ។
១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ឥឡូវ​នេះ​យើង​ក្រោក​ឡើង
យើង​ត្រូវ​ងើប​ឡើង
ដើម្បី​បង្ហាញ​ឫទ្ធិបារមី​របស់​យើង។
១១ គំរោងការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចំបើង
ពេល​ណា​សំរេច​ជា​រូប​រាង​ឡើង
អ្នក​រាល់​គ្នា​នឹង​ឃើញ​មាន​តែ
កំទេច​សំរាម​ប៉ុណ្ណោះ
ដង្ហើម​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភ្លើង
ដែល​ឆេះ​បំផ្លាញ​អ្នក​រាល់​គ្នា។
១២ ជាតិ​សាសន៍​ទាំងឡាយ​នឹង​ឆេះ​ក្នុង​ឡ
និង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។
១៣ អ្នក​រាល់​គ្នា​ដែល​នៅ​ស្រុក​ឆ្ងាយ​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​អំពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ!
អ្នក​រាល់​គ្នា​ដែល​នៅ​ជិតៗ​នេះ​អើយ
ចូរ​ទទួល​ស្គាល់​ឫទ្ធានុភាព​របស់​យើង!
១៤ នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់
ពួក​ទមិឡ​នឹង​ភ័យ​តក់ស្លុត​ទាំង​ពោល​ថា:
“ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ
ក្បែរ​ភ្លើង​ដ៏​សន្ធោសន្ធៅ​នេះ​បាន?
តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង
ដែល​ឆេះ​អស់កល្ប​ជានិច្ច​នេះ​បាន?”។
១៥ មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត
និង​អ្នក​និយាយ​ការ​ពិត
ទើប​អាច​នៅ​ក្បែរ​បាន
គឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដើម្បី​រក​កំរៃ
អ្នក​មិន​ព្រម​ទទួល​សំណូក
អ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យ
គេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃ
អ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។
១៦ មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗ
គេ​នឹង​មាន​ថ្មដា​ដ៏​រឹងមាំ​ជា​ជំរក
គេ​នឹង​មាន​អាហារ មាន​ទឹក គ្រប់​គ្រាន់
ឥត​ខ្វះ​អ្វី​ឡើយ។
១៧ ពេល​នោះ អ្នក​នឹង​ឃើញ​ព្រះមហាក្សត្រ
ប្រកប​ដោយ​ភាព​ថ្កុំថ្កើង
អ្នក​នឹង​ឃើញ​ស្រុក​ទេស​របស់​អ្នក
មាន​ទឹក​ដី​ធំ​ល្វឹងល្វើយ។
១៨ អ្នក​នឹក​ដល់​អតីតកាល
ដែល​ធ្វើ​អោយ​អ្នក​ញ័រ​រន្ធត់​ហើយ​សួរ​ថា:
“តើ​ពួក​ត្រួតត្រា ពួក​ទារ​ពន្ធ
និង​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​តាម​កំពែង
ទៅ​ណា​បាត់​អស់​ហើយ?”។
១៩ អ្នក​នឹង​លែង​ឃើញ​ជាតិ​សាសន៍​ដែល​វាយ​ឫក​ខ្ពស់
ហើយ​និយាយ​ភាសា​ចម្លែក​ស្ដាប់​ពុំ​បាន
គួរ​អោយ​អស់​សំណើច នោះ​ទៀត​ហើយ។
២០ ចូរ​សម្លឹង​មើល​ទៅ​ក្រុង​ស៊ីយ៉ូន ជា​ក្រុង​ដែល
យើង​តែង​ជួបជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ទៅ
អ្នក​នឹង​ឃើញ​ថា
យេរូសាឡឹម​ជា​ក្រុង​មួយ​ដ៏​សុខ​ក្សេមក្សាន្ត
ជា​ពន្លា​ដែល​គ្មាន​នរណា​រុះ​រើ​បាន​ទៀត
ហើយ​ក៏​គ្មាន​នរណា​ដក​ចម្រឹង និង​ស្រាយ​ខ្សែ
ចេញ​ពី​ពន្លា​នេះ​បាន​ទៀត​ដែរ។
២១ នៅ​ទី​នោះ​ព្រះអម្ចាស់​សំដែង​ភាព​ថ្កុំថ្កើង
របស់​ព្រះអង្គ​អោយ​យើង​ឃើញ
គឺ​ព្រះអង្គ​ប្រទាន​ទន្លេ​ដ៏​ធំ​ទូលាយ
ជា​ទន្លេ​ដែល​នាវា​ចំបាំង​ពុំ​អាច​ចូល​បាន
ហើយ​សំពៅ​ដ៏​ធំៗ​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ដែរ។
២២ ព្រះអម្ចាស់​គ្រប់គ្រង​លើ​យើង
ព្រះអង្គ​ប្រទាន​ច្បាប់​ទម្លាប់​មក​យើង
ព្រះអង្គ​ជា​ព្រះមហាក្សត្រ​របស់​យើង
មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង។
២៣ ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយ
វា​ពុំ​អាច​ទប់​ដង​ក្ដោង​អោយ​នៅ​រឹងប៉ឹង​បាន​ទេ
ហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។
ពេល​នោះ គេ​នឹង​យក​ជយភ័ណ្ឌ​ដ៏​ច្រើន
មក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិន
ក៏​មក​យក​ជយភ័ណ្ឌ​នេះ​ដែរ។
២៤ នៅ​ក្រុង​យេរូសាឡឹម គ្មាន​នរណា​ម្នាក់​ពោល​ថា
«ខ្ញុំ​មាន​ជំងឺ» ទៀត​ឡើយ
ព្រោះ​ព្រះអម្ចាស់​បាន​លើកលែង​ទោស​អោយ
ប្រជាជន​នៅ​ក្នុង​ទីក្រុង​រួច​ពី​បាប។