៤២
អ្នក​បំរើ​របស់​ព្រះអម្ចាស់
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
លោក​នេះ​ហើយ​ជា​អ្នក​បំរើ
ដែល​យើង​គាំទ្រ
ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស
និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។
យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​លោក។
លោក​នឹង​បង្ហាញ​អោយ​ប្រជាជាតិ​ទាំងឡាយ
ស្គាល់​ការ​វិនិច្ឆ័យ។
២ លោក​មិន​ស្រែក ឬ​គំហក​កំហែង
ដាក់​នរណា​ឡើយ
ហើយ​ក៏​មិន​បន្លឺ​សំឡេង​នៅ​តាម​ផ្លូវ​ដែរ។
៣ លោក​នឹង​មិន​កាច់​ផ្ដាច់​ដើម​ត្រែង​ណា
ដែល​ទក់​ហើយ​នោះ​ទេ
ហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង
ដែល​ហៀប​នឹង​រលត់​នោះ​ដែរ
លោក​នឹង​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ពិត​មែន!
៤ លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយ
លោក​អង់អាច​ជានិច្ច
រហូត​ទាល់​តែ​ធ្វើ​អោយ​មាន​ការ​វិនិច្ឆ័យ
នៅ​លើ​ផែនដី
ហើយ​មនុស្ស​នៅ​តាម​កោះ​នានា​នាំ​គ្នា
រង់ចាំ​ទទួល​វិន័យ​ពី​លោក។
៥ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ
ព្រះអង្គ​បាន​សន្ធឹង​ផែនដី និង​ធ្វើ​អោយ​អ្វីៗ
ទាំង​អស់​កកើត​ឡើង។
ព្រះអង្គ​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​អោយ
សត្វ​លោក​ទាំងឡាយ​នៅ​លើ​ផែនដី
ហើយ​ប្រទាន​ជីវិត​អោយ​អស់​អ្នក​ដែល
ចរយាត្រា​នៅ​លើ​ផែនដី​នេះ។
៦ យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់!
យើង​បាន​ហៅ​អ្នក​មក
ស្រប​តាម​សេចក្ដី​សុចរិត​របស់​យើង។
យើង​កាន់​ដៃ​អ្នក យើង​ទុក​អ្នក​ដោយ​ឡែក
ហើយ​តែងតាំង​អ្នក​ជា​សម្ពន្ធមេត្រី
សំរាប់​ប្រជាជន
អោយ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​ប្រជាជាតិ​នានា
៧ ប្រោស​មនុស្ស​ខ្វាក់​អោយ​បាន​ភ្លឺ
នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំឃាំង
ព្រម​ទាំង​រំដោះ​ប្រជាជន​ដែល​រស់​នៅ​ក្នុង
ភាព​ងងឹត អោយ​បាន​ចេញ​រួច​ផង។
៨ យើង​មាន​នាម​ថា ព្រះអម្ចាស់
យើង​មិន​ប្រគល់​សិរីរុងរឿង​របស់​យើង
ទៅ​អោយ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ!
យើង​ក៏​មិន​អោយ​ព្រះ​ក្លែងក្លាយ​ណា
ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ!
៩ មើល​ចុះ! ហេតុការណ៍​ផ្សេងៗ​ដែល​កើត​មាន
នៅ​គ្រា​ដំបូង​បាន​សំរេច​ជា​រូប​រាង​អស់​ហើយ
យើង​ក៏​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង
នូវ​ហេតុការណ៍​ឯ​ទៀតៗ​ដែល​នឹង​កើត​មាន
គឺ​យើង​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង
មុន​ហេតុការណ៍​ទាំង​នោះ​កកើត​ជា​រូប​រាង។
បទ​ចំរៀង​ថ្មី
១០ អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី
អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ
និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​សមុទ្រ
កោះ​ទាំងឡាយ
ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​អើយ
ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអម្ចាស់
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
១១ អស់​អ្នក​ដែល​រស់​នៅ​តាម​វាល​រហោស្ថាន
និង​តាម​ភូមិ​នានា​ក្នុង​វាល​រហោស្ថាន​អើយ
ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង!
អស់​អ្នក​ដែល​រស់​នៅ​ភូមិ​របស់​កុលសម្ព័ន្ធ​កេដារ
និង​អ្នក​ក្រុង​សេឡា​អើយ
ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​រំពង​ឡើង!
អស់​អ្នក​ដែល​រស់​នៅ​តាម​កំពូល​ភ្នំ​អើយ
ចូរ​នាំ​គ្នា​ស្រែក​អបអរសាទរ!
១២ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​ព្រះអម្ចាស់
ហើយ​សរសើរ​តម្កើង​ព្រះអង្គ
នៅ​តាម​កោះ​ទាំងឡាយ!
១៣ ព្រះអម្ចាស់​ស្រឡាញ់​ប្រជាជន
របស់​ព្រះអង្គ​យ៉ាង​ខ្លាំង
ព្រះអង្គ​យាង​ចេញ​ទៅ​ដូច​វីរជន
ដូច​អ្នក​ចំបាំង​ដ៏​ចំណាន
ព្រះអង្គ​បន្លឺ​ព្រះ​សូរសៀង ស្រែក​កម្លា
ហើយ​យក​ជ័យជំនះ​លើ​ខ្មាំង​សត្រូវ។
១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយ
យើង​នៅ​សំងំ យើង​ខំ​ទប់​ចិត្ត
ឥឡូវ​នេះ យើង​ស្រែក​ដង្ហក់
ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សំរាល​កូន!
១៥ យើង​នឹង​កំទេច​ទាំង​ភ្នំ​ធំ ទាំង​ភ្នំ​តូច
យើង​នឹង​ធ្វើ​អោយ​រុក្ខជាតិ​ក្រៀម​ស្វិត
យើង​នឹង​ធ្វើ​អោយ​ទន្លេ​ក្លាយ​ទៅ​ជា​ដី​គោក
ហើយ​អោយ​បឹងបួ​រីង​ហួតហែង។
១៦ យើង​នឹង​ធ្វើ​អោយ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ
ដែល​គេ​ពុំ​ស្គាល់
យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ
ដែល​គេ​ពុំ​ធ្លាប់​ដើរ
យើង​នឹង​ប្ដូរ​ភាព​ងងឹត​អោយ​ទៅ​ជា​ពន្លឺ
នៅ​មុខ​ពួក​គេ
ហើយ​ធ្វើ​អោយ​ផ្លូវ​រដិបរដុប​ប្រែ​ទៅ​ជា
ផ្លូវ​រាប​ស្មើ។
យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន
គឺ​យើង​នឹង​សំរេច​ការ​ទាំង​នោះ​ពុំខាន។
១៧ រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែងក្លាយ
ហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួន
មុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។
១៨ មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ឮ​ឡើង!
មនុស្ស​ខ្វាក់​អើយ ចូរ​បើក​ភ្នែក
ហើយ​មើល​ឃើញ​ទៅ!
១៩ តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បំរើ​របស់​យើង
តើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យ
ដែល​យើង​ចាត់​អោយ​មក?
តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើង
ស្រោច​ស្រង់​ឡើង​វិញ
គឺ​ខ្វាក់​ដូច​អ្នក​បំរើ​របស់​ព្រះអម្ចាស់?
២០ អ្នក​បាន​ឃើញ​ហេតុការណ៍​ជា​ច្រើន
តែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ
អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។
២១ ដោយ​ព្រះអម្ចាស់​សុចរិត
ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ធ្វើ​អោយ​ក្រឹត្យវិន័យ​របស់
ព្រះអង្គ​បាន​ថ្កុំថ្កើង​រុងរឿង។
២២ ក៏​ប៉ុន្តែ ប្រជារាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់
ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ
ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់
ហើយ​ត្រូវ​គេ​ឃុំឃាំង​ទាំង​អស់​គ្នា។
ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ
តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ
ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ
តែ​គ្មាន​នរណា​អើពើ​ទាមទារ​របស់​ទាំង​នោះ អោយ​ពួក​គេ​វិញ​ដែរ។
២៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណា
ត្រងត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ?
ទៅ​អនាគត តើ​មាន​នរណា
យក​ចិត្ត​ទុក​ដាក់​ស្ដាប់?
២៤ តើ​នរណា​បាន​ប្រគល់​ពូជពង្ស​លោក​យ៉ាកុប
ទៅ​អោយ​ខ្មាំង​រឹប​អូស?
តើ​នរណា​បាន​ប្រគល់​កូន​ចៅ​អ៊ីស្រាអែល
ទៅ​អោយ​ខ្មាំង​ប្លន់​ដូច្នេះ?
គឺ​ព្រះអម្ចាស់​ដែល​ធ្វើ​ដូច្នេះ
ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ
យើង​ខ្ញុំ​មិន​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ
ហើយ​មិន​ព្រម​ស្ដាប់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ទេ។
២៥ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ជះ​ព្រះពិរោធ
មក​លើ​ស្រុក​អ៊ីស្រាអែល
ដោយ​ធ្វើ​អោយ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើង
ឆេះ​រាលដាល​គ្រប់​ទិសទី។
ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី
ក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួន
ហើយ​ទោះ​បី​គេ​ហិនហោច​យ៉ាង​នេះ​ក្ដី
ក៏​គេ​ពុំ​អើពើ​ដែរ។