៤៣
ព្រះអម្ចាស់​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល
១ ជន​ជាតិ​អ៊ីស្រាអែល​ជា​កូន​ចៅ
របស់​លោក​យ៉ាកុប​អើយ
ឥឡូវ​នេះ ព្រះអម្ចាស់​ដែល​បាន​បង្កើត
និង​សូន​អ្នក ទ្រង់​មាន​ព្រះបន្ទូល​ថា៖
កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ
ដ្បិត​យើង​បាន​លោះ​អ្នក
យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ
ដើម្បី​អោយ​អ្នក​ធ្វើ​ជា​ប្រជាជន​របស់​យើង។
២ ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក
ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។
ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ
អណ្ដាត​ភ្លើង​ក៏​មិន​ឆាបឆេះ​អ្នក​ដែរ
៣ ដ្បិត​យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក
យើង​ជា​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល
ជា​ព្រះសង្គ្រោះ​របស់​អ្នក។
យើង​បាន​ប្រគល់​ប្រជាជន​អេស៊ីប​អោយ​សត្រូវ
ដើម្បី​លោះ​អ្នក
យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូពី និង​ស្រុក​សេបា
ជា​ថ្នូរ​អោយ​គេ ដើម្បី​លោះ​អ្នក​ដែរ។
៤ យើង​ប្រគល់​មនុស្ស​ជា​ច្រើន​អោយ​គេ​ជំនួស​អ្នក
គឺ​យើង​ក៏​ប្រគល់​ប្រជាជន​ផ្សេងៗ​អោយ​គេ
ជា​ថ្នូរ​លោះ​អ្នក
ដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើសលប់
ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។
៥ កុំ​ភ័យ​ខ្លាច​អ្វី! យើង​នៅ​ជា​មួយ​អ្នក
យើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ស្រុក​ខាង​កើត
អោយ​វិល​ត្រឡប់​មក​វិញ
ហើយ​ប្រមូល​ពូជពង្ស​របស់​អ្នក
ពី​ស្រុក​ខាង​លិច អោយ​វិល​មក​វិញ​ដែរ។
៦ យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ជើង
អោយ​ប្រគល់​កូន​ចៅ​របស់​អ្នក​មក​យើង​វិញ
យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ត្បូង
មិន​អោយ​ឃាត់​គេ​ទៀត​ឡើយ។
យើង​នឹង​ប្រាប់​ស្រុក​ទាំង​នោះ​អោយ​ប្រមូល
កូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុក
ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​វិញ
៧ គឺ​អស់​អ្នក​ដែល​យក​ឈ្មោះ​យើង​ធ្វើ​ជា​ត្រកូល
ជា​អស់​អ្នក​ដែល​យើង​បាន​សូន និង​បង្កើត
ដើម្បី​បង្ហាញ​សិរីរុងរឿង​របស់​យើង។
អ៊ីស្រាអែល​ជា​សាក្សី​របស់​ព្រះអម្ចាស់
៨ ចូរ​នាំ​ប្រជាជន​នោះ​ចេញ​មក
ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ
មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។
៩ ចូរ​អោយ​ប្រជាជាតិ​ទាំង​អស់​មក​ជួបជុំ​គ្នា
អោយ​ប្រជាជន​ទាំងឡាយ​មក​ប្រមូល​ផ្ដុំ​គ្នា
ក្នុង​ចំណោម​ព្រះ​របស់​ពួក​គេ
តើ​មាន​ព្រះ​ណា​បាន​ប្រាប់
ដំណឹង​ជា​មុន​អំពី​ហេតុការណ៍​ទាំង​នេះ?
តើ​ព្រះ​ណា​បាន​ប្រាប់​អោយ​យើង​ដឹង
អំពី​ព្រឹត្តិការណ៍​ដើម​ដំបូង?
អោយ​ព្រះ​ទាំង​នោះ​រក​សាក្សី
និង​បង្ហាញ​ភស្ដុតាង​មក
ដើម្បី​អោយ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា
ពាក្យ​សំដី​របស់​ព្រះ​នោះ​ត្រឹម​ត្រូវ​មែន។
១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើង
អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បំរើ​របស់​យើង។
យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា
ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើង
ព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេ
ជា​ព្រះជាម្ចាស់។
នៅ​មុន​យើង​គ្មាន​ព្រះ​ណា​ទេ
នៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។
១១ មាន​តែ​យើង​ទេ​ជា​ព្រះអម្ចាស់
ក្រៅ​ពី​យើង​គ្មាន​ព្រះសង្គ្រោះ​ណា​ទៀត​ឡើយ
១២ មាន​តែ​យើង​ទេ
ដែល​ប្រាប់​អ្នក​រាល់​គ្នា​អោយ​ដឹង
និង​សង្គ្រោះ​អ្នក​រាល់​គ្នា
រីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះ
ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។
ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង
ហើយ​យើង​ជា​ព្រះជាម្ចាស់
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១៣ អំណើះ​ត​ទៅ​យើង​ចង់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា
មាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះអម្ចាស់
គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ
របស់​យើង​បាន​ទេ
អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ
គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។
១៤ ព្រះអម្ចាស់​ដែល​បាន​លោះ​អ្នក​រាល់​គ្នា
គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល
មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
ដោយ​យល់​ដល់​អ្នក​រាល់​គ្នា
យើង​នឹង​ចាត់​ទ័ព​អោយ​ទៅ​វាយ​ក្រុង​បាប៊ីឡូន
ដើម្បី​រំលំ​អំណាច​របស់​ពួក​គេ។
ពេល​នោះ ជន​ជាតិ​ខាល់ដេ​នឹង​រត់​ខ្ចាត់ខ្ចាយ
ដោយ​ជិះ​សំពៅ
ជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ហ៊ោ​សប្បាយ។
១៥ យើង​ជា​ព្រះអម្ចាស់
ជា​ព្រះ​ដ៏វិសុទ្ធ​របស់​អ្នក​រាល់​គ្នា
យើង​ជា​ព្រះមហាក្សត្រ​ដែល​បាន
បង្កើត​អ្នក​រាល់​គ្នា។
ផ្លូវ​ថ្មី​នៅ​ក្នុង​វាល​រហោស្ថាន
១៦ ព្រះអម្ចាស់​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយ
គឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ
១៧ ព្រះអង្គ​ដែល​បាន​ប្រមូល​កងទ័ព
មាន​រទេះ​ចំបាំង កងពល​សេះ
ព្រម​ទាំង​ទាហាន​ដ៏​អង់អាច
ព្រះអង្គ​ដែល​ធ្វើ​អោយ​ពួក​គេ​បរាជ័យ
ក្រោក​ពុំ​រួច
គឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេង
ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:
១៨ កុំ​គិត​អំពី​ព្រឹត្តិការណ៍​ដែល​កើត​មាន
នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី
កុំ​នឹក​នា​អំពី​ហេតុការណ៍​ដែល​កើត​មាន
នៅ​បុរាណ​កាល​ដែរ។
១៩ បន្តិច​ទៀត​យើង​នឹង​ធ្វើ​អោយ​មាន
ព្រឹត្តិការណ៍​ថ្មី​កើត​ឡើង
ព្រឹត្តិការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក
តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ?
យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោស្ថាន
ព្រម​ទាំង​ធ្វើ​អោយ​មាន​ទន្លេ​ហូរ
នៅ​វាល​ហួតហែង​ទៀត​ផង។
២០ សត្វ​ព្រៃ​ទាំងឡាយ
គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម
នឹង​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​យើង
ដ្បិត​យើង​ធ្វើ​អោយ​មាន​ទឹក
ក្នុង​វាល​រហោស្ថាន
និង​ធ្វើ​អោយ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួតហែង
ដើម្បី​ផ្ដល់​ទឹក​អោយ​ប្រជាជន
ដែល​យើង​បាន​ជ្រើស​រើស
២១ គឺ​ប្រជាជន​ដែល​យើង​បាន​បង្កើត​សំរាប់​យើង
ដើម្បី​សរសើរ​តម្កើង​យើង។
២២ ពូជពង្ស​យ៉ាកុប​អើយ
អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ
អ៊ីស្រាអែល​អើយ អ្នក​នឿយ​ណាយ​នឹង​បំរើ​យើង។
២៣ អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញបូជា
តែ​មិន​មែន​ថ្វាយ​យើង​ទេ
អ្នក​ធ្វើ​យញ្ញបូជា
តែ​មិន​បាន​បន្ថែម​សិរីរុងរឿង​របស់​យើង​ទេ។
យើង​មិន​បាន​បង្ខិតបង្ខំ​អ្នក
អោយ​យក​តង្វាយ​មក​អោយ​យើង
យើង​ក៏​មិន​បាន​អោយ​អ្នក
នឿយហត់​ដុត​ធូប​ដែរ។
២៤ អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប
តែ​មិន​មែន​សំរាប់​យើង​ទេ
ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញបូជា
តែ​មិន​មែន​ដើម្បី​ចំអែត​យើង​ឡើយ។
ផ្ទុយ​ទៅ​វិញ ដោយសារ​អំពើ​បាប​របស់​អ្នក
អ្នក​បែរ​ជា​បង្ខិតបង្ខំ​យើង
អោយ​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​អ្នក​ទៅ​វិញ
អ្នក​បាន​ធ្វើ​អោយ​យើង​នឿយ​ណាយ
ដោយសារ​អំពើ​អាក្រក់​របស់​អ្នក។
២៥ ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស
និង​ដោយ​យល់​ដល់​នាម​របស់​យើង
យើង​យល់​ព្រម​លើកលែង​ទោស​អោយ​អ្នក
យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប
របស់​អ្នក​ទៀត​ឡើយ។
២៦ ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល!
យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នា
ចូរ​និយាយ​ការពារ​ខ្លួន
ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស!
២៧ យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក
បាន​ប្រព្រឹត្ត​អំពើ​បាប
ហើយ​ពួក​តំណាង​របស់​អ្នក
ក៏​បាន​បះបោរ​ប្រឆាំង​នឹង​យើង​ដែរ។
២៨ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បន្ទាបបន្ថោក
មេ​ដឹក​នាំ​ព្រះវិហារ
យើង​អោយ​គេ​បំផ្លាញ​កូន​ចៅ​យ៉ាកុប
យើង​អោយ​គេ​ប្រមាថ​មើលងាយ
ប្រជាជន​អ៊ីស្រាអែល។