៤៦
ព្រះ​របស់​ជន​ជាតិ​បាប៊ីឡូន និង​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល
១ ព្រះ​បាល​បរាជ័យ​ហើយ
ព្រះនេបូ​ក៏​អស់​ឫទ្ធិ​ដែរ។
គេ​ដឹក​រូប​ព្រះ​ទាំង​នោះ
ដោយ​ដាក់​នៅ​លើ​សត្វ​តិរច្ឆាន
ធ្វើ​អោយ​សត្វ​ទាំង​នោះ​នឿយហត់
ព្រោះ​មាន​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ខ្នង​វា។
២ ព្រះ​ទាំង​នោះ​បរាជ័យ និង​អស់​ឫទ្ធិ
ពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយ
ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។
៣ អ្នក​ទាំង​អស់​គ្នា​ជា​ពូជពង្ស​អ៊ីស្រាអែល
ដែល​នៅ​សេសសល់
កូន​ចៅ​យ៉ាកុប​អើយ ចូរ​ស្ដាប់​យើង!
យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា
តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ
យើង​បាន​បី​បាច់​ថែរក្សា​អ្នក​រាល់​គ្នា
តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។
៤ យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា
រហូត​អស់​មួយ​ជីវិត
យើង​មិន​ប្រែប្រួល​ឡើយ។
យើង​នឹង​បី​បាច់​ថែរក្សា​អ្នក​រាល់​គ្នា
ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ
យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។
៥ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង​ទៅ​ព្រះ​ណា
អ្នក​រាល់​គ្នា​យក​ព្រះ​ណា​មក​ផ្ទឹម​ស្មើ​នឹង​យើង?
តើ​អ្នក​រាល់​គ្នា​ចង់​អោយ​យើង​ដូច​ព្រះ​ណា?
៦ មាន​អ្នក​ខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួន
ពួក​គេ​ថ្លឹង​ប្រាក់
ហើយ​ជួល​ជាង​មាស​អោយ​សិត​ធ្វើ​រូប​ព្រះ
រួច​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយបង្គំ​រូប​នោះ។
៧ ពួក​គេ​លើក​រូប​ព្រះ​នោះ​សែង​យក​ទៅ​តម្កល់
នៅ​កន្លែង​របស់​វា
រូប​ព្រះ​នោះ​មិន​កំរើក​ទៅ​ណា​ឡើយ!
ទោះ​បី​ពួក​គេ​ស្រែក​អង្វរ​យ៉ាង​ណា
ក៏​រូប​ព្រះ​នោះ​មិន​ឆ្លើយ ហើយ​ក៏​មិន​សង្គ្រោះ
ពួក​គេ​អោយ​រួច​ពី​ភាព​អាសន្ន​ដែរ!
៨ អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះបោរ​អើយ
ចូរ​នឹក​ចាំ​អំពី​ការ​នេះ
ចូរ​ភ្ញាក់​រលឹក​ហើយ​រិះគិត​ពិចារណា​ឡើង។
៩ ចូរ​នឹក​ចាំ​អំពី​ព្រឹត្តិការណ៍
ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង
ហើយ​ដឹង​ថា យើង​ជា​ព្រះជាម្ចាស់
ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ទេ
យើង​ជា​ព្រះជាម្ចាស់
គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ផ្ទឹម​ស្មើ
នឹង​យើង​បាន​ឡើយ។
១០ យើង​បាន​ប្រាប់​ទុក​ជា​មុន​តាំង​ពី​គ្រា​ដំបូង
នូវ​ហេតុការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ
យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរលង់
នូវ​ហេតុការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ
យើង​ពោល​ថា គំរោងការ​របស់​យើង
មុខ​ជា​បាន​សំរេច​មិន​ខាន
យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។
១១ យើង​ហៅ​សត្វ​ត្មាត​មួយ​ពី​ទិស​ខាង​កើត
គឺ​បុរស​ម្នាក់​ពី​ស្រុក​ឆ្ងាយ​ដែល​នឹង​សំរេច​តាម
គំរោងការ​របស់​យើង។
អ្វី​ដែល​យើង​និយាយ
យើង​នឹង​ធ្វើ​អោយ​សំរេច​ជា​រូប​រាង
អ្វី​ដែល​យើង​គិតគូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។
១២ មនុស្ស​មាន​ចិត្ត​រឹងរូស ដែល​នៅ​ឆ្ងាយ​ពី
សេចក្ដី​សុចរិត​អើយ ចូរ​ស្ដាប់​យើង!
១៣ យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មក
សេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយ
ហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរ
យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន
យើង​នឹង​នាំ​ស្រុក​អ៊ីស្រាអែល
អោយ​ស្គាល់​ភាព​ថ្កុំថ្កើង។