៤៩
អ្នក​បំរើ​ព្រះអម្ចាស់ ជា​ពន្លឺ​របស់​ប្រជាជាតិ​នានា
១ ម្នាល​អ្នក​កោះ​ទាំងឡាយ​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ!
ម្នាល​ប្រជាជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ!
ចូរ​ត្រងត្រាប់​ស្ដាប់​ខ្ញុំ​និយាយ!
ព្រះអម្ចាស់​ត្រាស់​ហៅ​ខ្ញុំ
តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ
ព្រះអង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ
តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។
២ ព្រះអង្គ​បាន​ប្រទាន​អោយ​មាត់​ខ្ញុំ​មុត​ដូច​ដាវ
ព្រះអង្គ​លាត​ព្រះហស្ដ​ការពារ​ខ្ញុំ។
ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច
ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះអង្គ។
៣ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា:
អ៊ីស្រាអែល​អើយ អ្នក​ជា​អ្នក​បំរើ​របស់​យើង
យើង​នឹង​បង្ហាញ​ភាព​ថ្កុំថ្កើង​របស់​យើង
តាម​រយៈ​អ្នក។
៤ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ
តែ​បែរ​ជា​ឥត​អំពើ
ខ្ញុំ​ខាត​កម្លាំង​ជា​អសារបង់
ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។
ប៉ុន្តែ តាម​ពិត ព្រះអម្ចាស់​នៅ​តែ​រក​យុត្តិធម៌​អោយ​ខ្ញុំ
ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។
៥ ឥឡូវ​នេះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ
ព្រះអង្គ​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ
អោយ​ធ្វើ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ដើម្បី​ណែនាំ​កូន​ចៅ​លោក​យ៉ាកុប
អោយ​វិល​ត្រឡប់​មក​រក​ព្រះអង្គ និង​ប្រមូល
ប្រជាជន​អ៊ីស្រាអែល​មក​នៅ​ជុំវិញ​ព្រះអង្គ។
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ចាត់​ទុក​ខ្ញុំ
ថា​ជា​មនុស្ស​ថ្លៃថ្នូរ
ហើយ​ព្រះ​នៃ​ខ្ញុំ ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។
៦ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា:
អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បំរើ
ដែល​ណែនាំ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ
របស់​លោក​យ៉ាកុប​អោយ​ងើប​ឡើង
និង​នាំ​កូន​ចៅ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់
អោយ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ
គឺ​យើង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ពន្លឺ
សំរាប់​បំភ្លឺ​ប្រជាជាតិ​ទាំងឡាយ
ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង
រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។
៧ ព្រះអម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ
និង​ជា​ព្រះ​ដែល​លោះ​ជន​ជាតិ​អ៊ីស្រាអែល
ទ្រង់​មាន​ព្រះបន្ទូល​មក​កាន់
អ្នក​ដែល​គេ​មើលងាយ
និង​អ្នក​ដែល​មនុស្សម្នា​ស្អប់​ខ្ពើម
ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​អ្នក
ដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា:
ពេល​ស្ដេច​ទាំងឡាយ​ឃើញ​អ្នក
គេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង​ដើម្បី​គោរព
ពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នក
គេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ
គេ​ធ្វើ​ដូច្នេះ​ដោយ​យល់​ដល់​ព្រះអម្ចាស់
ដែល​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ
ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល
ដែល​បាន​ជ្រើស​រើស​អ្នក។
៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
នៅ​គ្រា​ដែល​យើង​គាប់​ចិត្ត
យើង​បាន​ឆ្លើយ​តប​មក​អ្នក
ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ
យើង​ក៏​បាន​ជួយ​អ្នក។
យើង​បាន​ញែក​អ្នក​អោយ​នៅ​ដាច់​ឡែក​ពី​គេ
ដើម្បី​ធ្វើ​ជា​សម្ពន្ធមេត្រី​សំរាប់​ប្រជាជន។
យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ
យើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោល
អោយ​ប្រជាជន
៩ ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!”
រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា
“ចូរ​បង្ហាញ​ខ្លួន​មក!”
ពួក​គេ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​សុខសាន្ត
ដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវ
និង​ស្វែង​រក​អាហារ តាម​វាល​ស្មៅ
នៅ​លើ​កំពូល​ភ្នំ។
១០ ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ
ខ្យល់​ក្ដៅ និង​ព្រះអាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ
ដ្បិត​ព្រះ​ដែល​មាន​ព្រះហឫទ័យ
មេត្តា​ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ
ព្រះអង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក​។
១១ យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​អោយ​ទៅ​ជា​ផ្លូវ
ហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​អោយ​ខ្ពស់​ឡើង
សំរាប់​ប្រជាជន​របស់​យើង។
១២ មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់
អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច
អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។
១៣ ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ!
ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ!
ភ្នំ​ទាំងឡាយ​អើយ ចូរ​ស្រែក​អបអរសាទរ!
ដ្បិត​ព្រះអម្ចាស់​សំរាល​ទុក្ខ
ប្រជារាស្ត្រ​របស់​ព្រះអង្គ
ព្រះអង្គ​អាណិត​មេត្តា​កូន​ចៅ​របស់​ព្រះអង្គ
ដែល​រង​ទុក្ខ​វេទនា។
១៤ ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា
ព្រះអម្ចាស់​បាន​បោះ​បង់​ខ្ញុំ​ចោល
ព្រះអម្ចាស់​ភ្លេច​ខ្ញុំ​ហើយ!។
១៥ តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន
ដែល​នៅ​បៅ​បាន​ឬ?
តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែល
កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ?
ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ
ចំណែក​ឯ​យើង​វិញ
យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ!
១៦ យើង​បាន​ចារ​ឈ្មោះ​អ្នក
នៅ​លើ​បាត​ដៃ​របស់​យើង
ហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែង
របស់​អ្នក​ជានិច្ច។
១៧ ប្រជាជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ
កំពុង​តែ​រូតរះ​ធ្វើ​ដំណើរ​មក
រីឯ​សត្រូវ​ដែល​បាន​កំទេច និង​បំផ្លាញ​អ្នក
នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។
១៨ ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំវិញ​ខ្លួន​ទៅ
កូន​ចៅ​របស់​អ្នក​មក​ជួបជុំ​គ្នា​អស់​ហើយ
គេ​នាំ​គ្នា​មក​រក​អ្នក។
យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន!
- នេះ​ជា​ព្រះបន្ទូល​របស់ព្រះអម្ចាស់-
អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ
សំរាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន
នៅ​ពេល​រៀប​មង្គលការ។
១៩ ក្រុង​ដែល​គេ​បំផ្លាញ​ចោល​អោយ​នៅ​ស្ងាត់​ជ្រងំ
ហើយ​មាន​តែ​គំនរ​បាក់​បែក​នេះ
មុខ​ជា​មាន​ប្រជាជន​មក​រស់​នៅ​កកកុញ
ឥត​សល់​កន្លែង​ទំនេរ​ឡើយ
រីឯ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន
នឹង​ចាក​ចេញ​ឆ្ងាយ​ពី​ទី​នេះ។
២០ អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ
តែ​ឥឡូវ​នេះ​អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា
“ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ
ទុក​កន្លែង​អោយ​ខ្ញុំ​នៅ​ផង!”។
២១ ពេល​នោះ អ្នក​នឹង​រិះគិត​ថា
តើ​នរណា​បាន​បង្កើត​កូន​ចៅ​អោយ​ខ្ញុំ
ដ្បិត​ពី​មុន​ខ្ញុំ​បាត់​បង់​កូន​អស់​ហើយ
ខ្ញុំ​ពុំ​អាច​បង្កើត​កូន​បាន​ទៀត​ឡើយ។
ខ្ញុំ​ត្រូវ​គេ​ជន្លៀស​អោយ​ទៅ​នៅ​ដាច់​ឡែក
ដូច្នេះ តើ​នរណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ?
ខ្ញុំ​នៅ​ឯកោ​តែ​ម្នាក់​ឯង
ចុះ​អ្នក​ទាំង​នេះ​មក​ពី​ណា?
២២ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
យើង​នឹង​លើក​ដៃ​ធ្វើ​សញ្ញា​ដល់​ប្រជាជាតិ​នានា
យើង​លើក​ទង់​របស់​យើង​ឡើង
អោយ​ប្រជាជន​ទាំងឡាយ​ឃើញ
គេ​នឹង​បី​កូន​ប្រុសៗ​របស់​អ្នក
ហើយ​បញ្ជិះ​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មា
នាំ​ត្រឡប់​មក​វិញ។
២៣ គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច
ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់ក្សត្រី
ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​អ្នក
អោន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។
ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះអម្ចាស់
អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង
នឹង​មិន​ខក​ចិត្ត​ឡើយ។
២៤ អ្វីៗ​ដែល​អ្នក​ចំបាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយ
តើ​នរណា​អាច​ដណ្ដើម​យក​មក​វិញ​បាន?
រីឯ​អ្នក​ដែល​ជន​កំណាច​ចាប់​យក​ទៅ​ហើយ
តើ​នរណា​អាច​រំដោះ​បាន?
២៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
ពិត​មែន​ហើយ អ្វីៗ​ដែល​អ្នក​ចំបាំង​ដ៏​ជំនាញ
រឹប​អូស​យក​ទៅ
មុខ​ជា​ត្រូវ​ដណ្ដើម​យក​មក​វិញ​បាន
រីឯ​មនុស្ស​ដែល​ជន​កំណាច​ចាប់​យក​ទៅ
ក៏​នឹង​ត្រូវ​រំដោះ​រួច​ចេញ​មក​វិញ​បាន​ដែរ។
យើង​នឹង​រក​រឿង​បច្ចាមិត្ត​ដែល​រក​រឿង​អ្នក
ហើយ​យើង​នឹង​សង្គ្រោះ​កូន​ចៅ​របស់​អ្នក។
២៦ យើង​នឹង​អោយ​ពួក​សង្កត់សង្កិន​អ្នក
ស៊ី​សាច់​ខ្លួន​ឯង
ហើយ​អោយ​គេ​ស្រវឹង​នឹង​ហុត​ឈាម​របស់​ខ្លួន
ដូច​ផឹក​ស្រា​ថ្មី។
ពេល​នោះ សត្វ​លោក​ទាំង​អស់​នឹង​ដឹង​ថា
យើង​នេះ​ហើយ​ជា​ព្រះអម្ចាស់
ដែល​សង្គ្រោះ និង​លោះ​អ្នក
យើង​ជា​ព្រះ​របស់​យ៉ាកុប
ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធានុភាព។