៥០
ព្រះអម្ចាស់​មិន​បោះ​បង់​អ៊ីស្រាអែល​ទេ
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
លិខិត​បញ្ជាក់​ថា
យើង​លែងលះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?
តើ​យើង​លក់​អ្នក​រាល់​គ្នា
ដើម្បី​សង​បំណុល​នរណា?
យើង​បាន​លក់​អ្នក​រាល់​គ្នា
ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត
យើង​បាន​លែងលះ​ម្ដាយ​អ្នក​រាល់​គ្នា
ព្រោះ​តែ​អ្នក​រាល់​គ្នា​បះបោរ!
២ ពេល​យើង​មក​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ
មាន​នរណា​ម្នាក់​ដូច្នេះ?
យើង​បាន​ស្រែក​ហៅ
ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ?
តើ​ដៃ​របស់​យើង​ខ្លី​ពេក
រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ?
តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង
អ្នក​រាល់​គ្នា​ឬ?
ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត
ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោស្ថាន
ធ្វើ​អោយ​ត្រី​វិនាស​អស់​ព្រោះ​គ្មាន​ទឹក។
៣ យើង​អាច​ធ្វើ​អោយ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត
ព្រម​ទាំង​ធ្វើ​អោយ​វា​អាប់អួ
ដូច​កាន់​ទុក្ខ​ទៀត​ផង។
អ្នក​បំរើ​របស់​ព្រះអម្ចាស់​ត្រូវ​គេ​ធ្វើ​បាប តែ​ព្រះអង្គ​បាន​ជួយ​សង្គ្រោះ​លោក
៤ ព្រះជាអម្ចាស់​បង្រៀន​ខ្ញុំ​អោយ​និយាយ
ពាក្យ​សំដី​ជា​សិស្ស
ដើម្បី​អោយ​ខ្ញុំ​លើក​ទឹក​ចិត្ត
មនុស្ស​ដែល​អស់​សង្ឃឹម។
រៀង​រាល់​ព្រឹក ព្រះអង្គ​រំលឹក​ដាស់​តឿន​ខ្ញុំ
ហើយ​អប់រំ​ខ្ញុំ​អោយ​ចេះ​ស្ដាប់
ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។
៥ ព្រះជាអម្ចាស់​ណែនាំ​ខ្ញុំ​អោយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់
រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះបោរ​ប្រឆាំង
ឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។
៦ ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​អោយ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ
ខ្ញុំ​បាន​បែរ​មុខ​ទៅ​អោយ​អ្នក​ដែល​ចង់
បោច​ពុក​ចង្កា​របស់​ខ្ញុំ
ពេល​គេ​ប្រមាថ​មើលងាយ
និង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ
ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។
៧ ព្រះជាអម្ចាស់​យាង​មក​ជួយ​ខ្ញុំ
ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខ
ខ្ញុំ​រក្សា​ទឹក​មុខ​រឹងប៉ឹង
ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។
៨ ព្រះអង្គ​ដែល​រក​យុត្តិធម៌​អោយ​ខ្ញុំ
ទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំ
តើ​នរណា​ចង់​ប្ដឹង​ខ្ញុំ?
សុំ​អញ្ជើញ​មក យើង​ទៅ​តុលាការ​ជា​មួយ​គ្នា!
តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ
សុំ​អញ្ជើញ​មក​ជួប​ខ្ញុំ​ចុះ!
៩ មែន​ហើយ! ព្រះជាអម្ចាស់​យាង​មក​ជួយ​ខ្ញុំ
តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ?
ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិនហោច
ដូច​សម្លៀកបំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។
១០ ក្នុង​ចំណោម​អ្នក​រាល់​គ្នា
បើ​អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បំរើ​របស់​ព្រះអង្គ
បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត
ហើយ​មិន​ឃើញ​ពន្លឺ​ទេ
អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះនាម​ព្រះអម្ចាស់
និង​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ចុះ!
១១ រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​បង្កាត់​ភ្លើង
ហើយ​ដុត​ព្រួញ​ភ្លើង
អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល
ឆេះ​យ៉ាង​សន្ធោសន្ធៅ
ព្រួញ​ភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុត
ក៏​នឹង​ឆាបឆេះ​អ្នក​រាល់​គ្នា​ដែរ។
យើង​ដាក់​ទោស​អ្នក​រាល់​គ្នា
ដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នា
នឹង​ត្រូវ​ស្លាប់​យ៉ាង​សែន​វេទនា។