៥២
ព្រះជាម្ចាស់​នឹង​លើក​ក្រុង​យេរូសាឡឹម​ឡើង​វិញ
១ ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ភ្ញាក់​ឡើង
ចូរ​ក្រោក​ឡើង​សំដែង​ឫទ្ធិ។
យេរូសាឡឹម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ
ចូរ​តាក់​តែង​ខ្លួន​ដោយ​សម្លៀកបំពាក់
ដ៏​ល្អ​ប្រណីត
ដ្បិត​សាសន៍​ដទៃ ដែល​មិន​បរិសុទ្ធ
នឹង​លែង​ចូល​មក​លុកលុយ​អ្នក​ទៀត​ហើយ។
២ យេរូសាឡឹម​អើយ ចូរ​រលាស់​ធូលី​ដី​ចេញ​ពី​អ្នក
ចូរ​ក្រោក​មក​អង្គុយ​នៅ​កន្លែង​ដើម
របស់​អ្នក​វិញ!
ក្រុង​ស៊ីយ៉ូន ដែល​ជាប់​ជា​ឈ្លើយ​អើយ
ចូរ​ស្រាយ​ចំណង​ចេញ​ពី​ក​អ្នក​ទៅ!
៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​បាន​លក់​អ្នក អោយ​គេ​យក​ទៅ​ធ្វើ​ជា​ទាសករ ដោយ​មិន​អោយ​គេ​បង់​ប្រាក់ ព្រះអង្គ​ក៏​លោះ​អ្នក​យក​មក​វិញ ដោយ​មិន​បង់​ប្រាក់​ដែរ។ ៤ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា: ពី​ដំបូង​ប្រជារាស្ត្រ​របស់​យើង​ចុះ​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប នៅ​ទី​បញ្ចប់​ជន​ជាតិ​អាស្ស៊ីរី​ធ្វើ​បាប​ពួក​គេ​យ៉ាង​សែន​ឃោរឃៅ។ ៥ ឥឡូវ​នេះ តើ​យើង​ទទួល​ផល​អ្វី? - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ - គេ​យក​ប្រជាជន​របស់​យើង​ទៅ​ដោយ​មិន​បង់​ថ្លៃ ជន​កំណាច​ទាំង​នោះ​ស្រែក​ជយឃោស -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ - គេ​នាំ​គ្នា​ប្រមាថ​ឈ្មោះ​យើង​ជា​រៀង​រាល់​ថ្ងៃ។ ៦  ហេតុ​នេះ​នៅ​ថ្ងៃ​នោះ ប្រជារាស្ត្រ​របស់​យើង​នឹង​ដឹង​ថា យើង​ជា​នរណា គេ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ដែល​និយាយ​ថា យើង​មក​ដល់​ហើយ។
ដំណឹងល្អ​អំពី​សេចក្ដី​សុខសាន្ត
៧ អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹងល្អៗ​មក
ប្រសើរ​រុងរឿង​ណាស់​ហ្ន៎
គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខសាន្ត!
គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ
គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា
“ព្រះ​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។
៨ នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង!
ពួក​គេ​បន្លឺ​សំឡេង​ឡើង
និង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា
ដ្បិត​ពួក​គេ​ឃើញ​ព្រះអម្ចាស់​យាង​ត្រឡប់​មក
ក្រុង​ស៊ីយ៉ូន​វិញ ដោយ​ផ្ទាល់​នឹង​ភ្នែក។
៩ គំនរ​បាក់​បែក​នៃ​ក្រុង​យេរូសាឡឹម​អើយ
ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា
ដ្បិត​ព្រះអម្ចាស់​សំរាល​ទុក្ខ​ប្រជាជន
របស់​ព្រះអង្គ
ព្រះអង្គ​លោះ​ក្រុង​យេរូសាឡឹម​មក​វិញ​ហើយ!
១០ ព្រះអម្ចាស់​សំដែង​ព្រះបារមី​ដ៏វិសុទ្ធ
របស់​ព្រះអង្គ​អោយ​ប្រជាជាតិ​ទាំង​អស់​ឃើញ
មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី
នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។
១១ អ្នក​រាល់​គ្នា​ដែល​កាន់​គ្រឿង​សម្ភារៈ
របស់​ព្រះអម្ចាស់
ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ
កុំ​ប៉ះពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ!
ចូរ​ចាក​ចេញ​ពី​ក្រុង​បាប៊ីឡូន​នេះ
ហើយ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ!
១២ អ្នក​រាល់​គ្នា​មិន​ចាក​ចេញ​ទៅ​យ៉ាង​រហន់​ទេ
ហើយ​ក៏​មិន​ចាក​ចេញ​ទៅ​ដូច​គេ​រត់​លូន​ដែរ
ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល
គង់​នៅ​មុខ និង​គង់​នៅ​ពី​ក្រោយ​អ្នក​រាល់​គ្នា
ដើម្បី​ការពារ​អ្នក។
ទុក្ខ​លំបាក​នៃ​អ្នក​បំរើ​របស់​ព្រះអម្ចាស់
១៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
អ្នក​បំរើ​របស់​យើង​នឹង​បាន​ចំរុង​ចំរើន
មាន​ឋានៈ​ខ្ពង់ខ្ពស់
និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គឧត្ដម​បំផុត។
១៤ កាល​ពី​មុន ពេល​មហាជន​ឃើញ​លោក
គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង
ព្រោះ​គេ​មើល​មុខ​លោក​លែង​ស្គាល់
លោក​លែង​មាន​ទ្រង់​ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។
១៥ តែ​ឥឡូវ​នេះ​ប្រជាជាតិ​ជា​ច្រើន​ឃើញ​លោក
ហើយ​នាំ​គ្នា​ស្ងើច​សរសើរ
ស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់
ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុការណ៍
ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់
ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗ
ដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។