៥៣
១ ប្រជាជន​តប​ថា តើ​នរណា​ជឿ
សេចក្ដី​ដែល​គេ​ប្រាប់​យើង?
តើ​ព្រះអម្ចាស់​បាន​សំដែង​ប្ញទ្ធិបារមី
ចំពោះ​នរណា?
២ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់
អ្នក​បំរើ​ប្រៀប​បាន​នឹង​ពន្លក​មួយ
ដែល​លូត​លាស់​មិន​សូវ​ល្អ ដូច​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​ហួតហែង។
លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិយស​ថ្លៃថ្នូរ
គួរ​អោយ​ចាប់​អារម្មណ៍​ឡើយ
ហើយ​លោក​ក៏​គ្មាន​រូប​រាង​អ្វី​គួរ​អោយ
ទាក់ទាញ​ចិត្ត​យើង​ដែរ។
៣ លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើលងាយ
គ្មាន​នរណា​រាប់​រក។
លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់
ធ្លាប់​តែ​រង​ទុក្ខ​វេទនា
លោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើម
គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។
យើង​បាន​មើលងាយ​លោក
ហើយ​មិន​រាប់​រក​លោក​ឡើយ។
៤ តាម​ពិត​លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង
លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើង
មក​ដាក់​លើ​ខ្លួន​លោក។
រីឯ​យើង​វិញ យើង​ស្មាន​ថា
ព្រះជាម្ចាស់​បាន​ដាក់​ទោស​លោក
ព្រះអង្គ​បាន​វាយ និង​បន្ទាប​បន្ថោក​លោក។
៥ ប៉ុន្តែ លោក​ត្រូវ​គេ​ចាក់​ទម្លុះ
ព្រោះ​តែ​ការ​បះបោរ​របស់​យើង
លោក​ត្រូវ​គេ​ជាន់​ឈ្លី
ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​យើង
លោក​បាន​រង​ទារុណកម្ម
ដើម្បី​អោយ​យើង​ទទួល​សេចក្ដី​សុខសាន្ត
ហើយ​ដោយសារ​ស្នាម​របួស​របស់​លោក
យើង​ក៏​បាន​ជា​សះស្បើយ។
៦ កាល​ពី​មុន​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង
ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង
ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់
តែ​ព្រះអម្ចាស់​បាន​ទម្លាក់​កំហុស​របស់
យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។
៧ លោក​ត្រូវ​គេ​ធ្វើ​ទារុណកម្ម លោក​បន្ទាប​ខ្លួន
មិន​ហើប​មាត់​ទាល់​តែ​សោះ
ដូច​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​ទី​ពិឃាត
ឬ​ដូច​ចៀម​ឈរ​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោម
លោក​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។
៨ គេ​ចាប់​លោក​ទាំង​បង្ខំ​យក​ទៅ​កាត់​ទោស
ហើយ​នាំ​ទៅ​សម្លាប់
គ្មាន​នរណា​រវីរវល់​យក​ចិត្ត​ទុក​ដាក់
នឹង​ពូជពង្ស​របស់​លោក​ឡើយ។
គេ​បាន​ដក​លោក​ចេញ​ពី​ចំណោម​មនុស្ស
ដែល​រស់​នៅ​លើ​ផែនដី​នេះ
លោក​ត្រូវ​គេ​វាយ​រហូត​ដល់​បាត់​បង់​ជីវិត
ព្រោះ​តែ​អំពើ​បាប​នៃ​ប្រជាជន​របស់​លោក។
៩ ទោះ​បី​លោក​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ
ឬ​និយាយ​បោក​បញ្ឆោត​នរណា​ក្ដី
ក៏​គេ​បញ្ចុះ​សព​លោក​ក្នុង​ចំណោម​មនុស្ស​ពាល
និង​ក្នុង​ផ្នូរ​របស់​អ្នក​មាន។
១០ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​បំរើ
របស់​ព្រះអង្គ​រង​ទុក្ខ​លំបាក​ដ៏​ខ្លោចផ្សា។
ដោយ​លោក​បាន​បូជា​ជីវិត
ធ្វើ​ជា​យញ្ញបូជា​លោះ​បាប​សំរាប់​អ្នក​ដទៃ
ព្រះអង្គ​នឹង​ធ្វើ​អោយ​លោក​មាន​ពូជពង្ស
ព្រះអង្គ​នឹង​បន្ត​អាយុ​ជីវិត​របស់​លោក
ហើយ​ព្រះអម្ចាស់​នឹង​សំរេច​តាម​ព្រះហឫទ័យ
របស់​ព្រះអង្គ​តាម​រយៈ​លោក។
១១ “ក្រោយ​ពី​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក
ជីវិត​របស់​អ្នក​បំរើ​នឹង​មាន​ពន្លឺ
មនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់
ចំណេះ​ដឹង​របស់​លោក។
អ្នក​បំរើ​របស់​យើង​សុចរិត
លោក​ក៏​ប្រោស​មហាជន​អោយ​បាន​សុចរិត
ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។
១២ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់
អោយ​លោក​គ្រប់គ្រង​លើ​មនុស្ស​ជា​ច្រើន
លោក​នឹង​ចែក​ជយភ័ណ្ឌ​រួម​ជា​មួយ
ពួក​កាន់​អំណាច
ព្រោះ​លោក​បាន​លះបង់​អ្វីៗ​ទាំង​អស់
រហូត​ដល់​បាត់​បង់​ជីវិត និង​សុខ​ចិត្ត​អោយ
គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ជន​ឧក្រិដ្ឋ
ដ្បិត​លោក​ទទួល​យក​បាប​របស់​មនុស្ស​ទាំង​អស់
មក​ដាក់​លើ​ខ្លួន​លោក
ព្រម​ទាំង​ទូលអង្វរ​អោយ​មនុស្ស​បាប​ផង”។