៥៥
ព្រះអម្ចាស់​ប្រោស​ប្រទាន​ការ​សង្គ្រោះ
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ
ចូរ​នាំ​គ្នា​មក​រក​ទឹក​ឯណេះ!
ទោះ​បី​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយ
ចូរ​មក​ហើយ​ពិសា​ទៅ។
ចូរ​មក​យក​អាហារ​បរិភោគ
ចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំងបាយជូរ
និង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់
ឬ​បង់​ថ្លៃ​អ្វី​ឡើយ!
២ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ
អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង
រក​អាហារ​ដែល​មិន​អាច​ចំអែត​ក្រពះ​ដូច្នេះ?
ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន
បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់
ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជារស។
៣ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង
ចូរ​ត្រងត្រាប់​ស្ដាប់
នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។
យើង​នឹង​ចង​សម្ពន្ធមេត្រី​មួយ​ដែល
នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា
ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើង
ចំពោះ​ដាវីឌ។
៤ យើង​បាន​តែងតាំង​ដាវីឌ
អោយ​ធ្វើ​ជា​សាក្សី​របស់​យើង
នៅ​មុខ​កុលសម្ព័ន្ធ​ទាំង​អស់
ព្រម​ទាំង​អោយ​ធ្វើ​ជា​មគ្គទេសក៍
ដឹក​នាំ​ប្រជាជាតិ​ទាំងឡាយ។
៥ អ៊ីស្រាអែល​អើយ អ្នក​នឹង​ហៅ​ប្រជាជាតិ​មួយ
ដែល​អ្នក​មិន​ស្គាល់​ពី​មុន​អោយ​មក
ហើយ​ប្រជាជាតិ​ដែល​មិន​ស្គាល់​អ្នក
នឹង​រត់​មក​រក​អ្នក
ព្រោះ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក
និង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល
ប្រទាន​អោយ​អ្នក​បាន​ថ្កុំថ្កើង​រុងរឿង។
៦ ចូរ​ស្វែង​រក​ព្រះអម្ចាស់
ក្នុង​ពេល​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ
អោយ​អ្នក​រាល់​គ្នា​រក​ព្រះអង្គ​ឃើញ
ចូរ​អង្វរ​រក​ព្រះអង្គ
ក្នុង​ពេល​ដែល​ទ្រង់​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។
៧ មនុស្ស​អាក្រក់​ត្រូវ​លះបង់​ផ្លូវ​របស់​ខ្លួន
មនុស្ស​ពាល​ក៏​ត្រូវ​លះបង់​ចិត្ត​គំនិត​អាក្រក់​ដែរ
អ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះអម្ចាស់​វិញ
ព្រះអង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំខាន
អោយ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញ
ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​ទូលំ​ទូលាយ
អត់ទោស​អោយ​គេ។
៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នា
រីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពី
របៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។
៩ មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា
របៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពី
បៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត
ហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពី
គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។
១០ ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក
ស្រោច​ស្រព​ផែនដី។
ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ
ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង
បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សំរាប់​អ្នក​សាប​ព្រោះ
និង​ផ្ដល់​អាហារ​អោយ​គេ​បរិភោគ។
១១ រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ
គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង
នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ
ដរាប​ណា​ទាល់​តែ​បាន​សំរេច
តាម​បំណង​របស់​យើង​ជា​មុន​សិន
គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​អោយ​មក​ធ្វើ​រួច​រាល់​សព្វ​គ្រប់។
១២ ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក
ប្រកប​ដោយ​អំណរ​សប្បាយ
យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខសាន្ត។
ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
ហើយ​រុក្ខជាតិ​នៅ​តាម​វាល
ក៏​នាំ​គ្នា​អបអរសាទរ​ដែរ។
១៣ ដើម​កកោះ​នឹង​ដុះ​ឡើង​ជំនួស​បន្លា
ដើម​ចំប៉ី​នឹង​ដុះ​ជំនួស​ខ្ញែរ
ទុក​ជា​ទី​សំគាល់​ដែល​ឥត​ប្រែប្រួល
អោយ​មនុស្សម្នា​ដឹង​ឮ​រហូត​ត​ទៅ​ថា
ព្រះអម្ចាស់​បាន​ធ្វើ​ការ​នេះ។