៦២
ព្រះអម្ចាស់​នឹង​សង់​ក្រុង​យេរូសាឡឹម​ឡើង​វិញ
១ យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូន
យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ
ដោយ​យើង​គិត​ដល់​ក្រុង​យេរូសាឡឹម
យើង​នឹង​មិន​នៅ​សំងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយ
ដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញ
ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ
ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ
យ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។
២ ពេល​នោះ ប្រជាជាតិ​នានា​នឹង​ឃើញ
សេចក្ដី​សុចរិត​របស់​អ្នក
ហើយ​ស្ដេច​ទាំង​ប៉ុន្មាន​នឹង​ឃើញ​សិរីរុងរឿង
របស់​អ្នក​ដែរ។
គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មី
ជា​ឈ្មោះ​ដែល​ព្រះអម្ចាស់​ប្រទាន​អោយ។
៣ អ្នក​នឹង​ប្រៀប​ដូច​ជា​ភួង​ជ័យ ដ៏​ល្អ​ប្រណីត
នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់
និង​ជា​មកុដ​រាជ្យ​ក្នុង​ព្រះហស្ដ​ព្រះ​របស់​អ្នក។
៤ គេ​នឹង​លែង​ហៅ​អ្នក​ថា
“ស្ត្រី​ដែល​ស្វាមី​លះបង់​ចោល” ទៀត​ហើយ
គេ​ក៏​នឹង​លែង​ហៅ​ទឹក​ដី​របស់​អ្នក​ថា
“ដី​ដែល​គេ​បោះ​បង់​ចោល​ដែរ”។
ផ្ទុយ​ទៅ​វិញ​គេ​នឹង​ហៅ​អ្នក​ថា
“ព្រលឹង​មាស​បង!”
ហើយ​គេ​នឹង​ហៅ​ទឹក​ដី​របស់​អ្នក​ថា
“ភរិយា​សម្លាញ់​ចិត្ត”
ដ្បិត​ព្រះអម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​អ្នក
ហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​ដូច​ជា
ស្ត្រី​ដែល​ជា​នា​នឹង​ប្ដី​ឡើង​វិញ។
៥ ព្រះអង្គ​ដែល​បាន​សង់​អ្នក
នឹង​រៀបការ​ជា​មួយ​អ្នក
ដូច​កំលោះ​ម្នាក់​រៀបការ​នឹង​ស្រី​ក្រមុំ។
ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយ
អោយ​ស្វាមី​យ៉ាង​ណា
អ្នក​ក៏​ផ្ដល់​អំណរ​សប្បាយ
ដល់​ព្រះ​របស់​អ្នក​យ៉ាង​នោះ​ដែរ។
៦ យេរូសាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម
នៅ​តាម​កំពែង​របស់​អ្នក
ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី
អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ
គឺ​ត្រូវ​រំលឹក​ព្រះអម្ចាស់​ពី​ក្រុង​យេរូសាឡឹម
អ្នក​ទាំង​នោះ​មិន​ត្រូវ​សំរាក​ឡើយ!។
៧ អ្នក​ត្រូវ​ទទូច​អង្វរ​ឥត​ឈប់​ឈរ
រហូត​ទាល់​តែ​ព្រះអង្គ​ស្ដារ​ក្រុង​យេរូសាឡឹម
អោយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី លើ​ផែនដី​ឡើង​វិញ
៨ ព្រះអម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឹងម៉ាត់ ដោយ​យក
ឫទ្ធិបារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​ធ្វើ​ជា​សាក្សី​ថា
យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នក
ទៅ​អោយ​ខ្មាំង​សត្រូវ​ទៀត​ឡើយ
កូន​ចៅ​របស់​សាសន៍​ដទៃ​ក៏​លែង​ផឹក
ស្រា​ទំពាំងបាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយហត់
នោះ​ទៀត​ដែរ។
៩ ផ្ទុយ​ទៅ​វិញ​អស់​អ្នក​ដែល​ច្រូត​កាត់
នឹង​បាន​ស្រូវ​អង្ករ​បរិភោគ
ហើយ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអម្ចាស់
រីឯ​អស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំងបាយជូរ
នឹង​បាន​ស្រា​ទំពាំងបាយជូរ​ផឹក​នៅ
ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង។
១០ ចូរ​នាំ​គ្នា​ចាក​ចេញ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ!
ចូរ​រៀបចំ​ផ្លូវ​សំរាប់​ប្រជារាស្ត្រ​របស់​យើង!
ចូរ​ត្រួសត្រាយ ចូរ​ត្រួសត្រាយ​ផ្លូវ
ចូរ​យក​ដុំ​ថ្ម​ចេញ
ហើយ​លើក​ទង់​សញ្ញា​មួយ​អោយ
ប្រជាជន​ទាំងឡាយ​ឃើញ!
១១ ព្រះអម្ចាស់​ប្រកាស​ប្រាប់​មនុស្សម្នា​ដែល
នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ដូច​ត​ទៅ:
ចូរ​ប្រាប់​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន​ថា
មើល​ហ្ន៎! ព្រះសង្គ្រោះ​របស់​អ្នក
ទ្រង់​យាង​មក​ដល់ ទាំង​នាំ​យក​អស់​អ្នក
ដែល​ព្រះអង្គ​បាន​លោះ​មក​ជា​មួយ​ផង
ពួក​គេ​នាំ​គ្នា​ដើរ​នៅ​មុខ​ព្រះអង្គ។
១២ គេ​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា ប្រជារាស្ត្រ​ដ៏វិសុទ្ធ
ប្រជារាស្ត្រ​ដែល​ព្រះអម្ចាស់​បាន​លោះ។
រីឯ​អ្នក​វិញ​មនុស្សម្នា​នឹង​ហៅ​អ្នក​ថា
ទីក្រុង​បណ្ដូល​ចិត្ត
ក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល។