ក្រុង​យេរូសាឡឹម​ពោរពេញ​ដោយ​អំពើ​បាប
១ ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូសាឡឹម
ចូរ​សង្កេត​មើល
ហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារ
ក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ​ត្រង់
និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត
ប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់
នោះ​យើង​អត់ទោស​អោយ​ក្រុង​យេរូសាឡឹម។
២ ទោះ​បី​គេ​ស្បថ ដោយ​យក​ព្រះអម្ចាស់
ដែល​មាន​ព្រះជន្ម​គង់​នៅ​ធ្វើ​ជា​សាក្សី​ក្ដី
ក៏​ពាក្យ​សម្បថ​របស់​គេ​មិន​ពិត​ដែរ។
៣ បពិត្រ​ព្រះអម្ចាស់ ព្រះអង្គ​រំពៃ​មើល
ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។
ព្រះអង្គ​បាន​វាយ​ប្រហារ​ពួក​គេ
តែ​ពួក​គេ​ធ្វើ​ព្រងើយ
ព្រះអង្គ​បាន​ធ្វើ​អោយ​ពួក​គេ​វិនាស
តែ​ពួក​គេ​មិន​រាងចាល​ទេ
ពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្ម
ពួក​គេ​មិន​ព្រម​វិល​មក​រក​ព្រះអង្គ​វិញ​ទេ។
៤ ខ្ញុំ​គិត​ថា: អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា
មនុស្ស​តូចតាច មិន​សូវ​ដឹង​អី
គេ​ពុំ​ស្គាល់​មាគ៌ា​របស់​ព្រះអម្ចាស់
ហើយ​ក៏​មិន​ស្គាល់​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។
៥ ខ្ញុំ​គួរ​តែ​ទៅ​រក​ពួក​អ្នក​ធំ​វិញ
ដើម្បី​និយាយ​ជា​មួយ​ពួក​គេ
អ្នក​ទាំង​នោះ​ពិត​ជា​ស្គាល់​មាគ៌ា​របស់​ព្រះអម្ចាស់
ហើយ​ស្គាល់​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​ខ្លួន។
ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ
ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​ព្រះអង្គ
ដូច​អ្នក​តូចតាច​ដែរ។
៦ ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​តោ​ចេញ​ពី​ព្រៃ
មក​ប្រហារ​ពួក​គេ
សត្វ​ចចក​ចេញ​ពី​ព្រៃ​ល្បោះ​មក​ហែក​ពួក​គេ​ស៊ី
ខ្លា​រខិន​មក​សំងំ​ចាំ​ចាប់​ពួក​គេ​នៅ​មាត់​ទ្វារ​ក្រុង
អស់​អ្នក​ដែល​ចេញ​ពី​ទីក្រុង​នឹង​ត្រូវ​ខ្លា​ហែក​ស៊ី
ដ្បិត​ពួក​គេ​បាន​បះបោរ​ជា​ច្រើន​ដង
និង​ក្បត់​ព្រះអម្ចាស់​ជា​ច្រើន​លើក​ច្រើន​សា។
៧ «តើ​យើង​អត់ទោស​អោយ​អ្នក​ដូច​ម្ដេច​បាន?
កូន​ចៅ​របស់​អ្នក​បាន​បោះ​បង់​ចោល​យើង
គេ​ស្បថ​ដោយ​យក​ព្រះ​ក្លែងក្លាយ
ធ្វើ​ជា​សាក្សី។
យើង​បាន​អោយ​ពួក​គេ​មាន​ភោគ​ទ្រព្យ​បរិបូណ៌
តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ផិត​ក្បត់​ទៅ​វិញ
គឺ​ពួក​គេ​លើក​គ្នា​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់
ក្នុង​វិហារ​របស់​ព្រះ​ក្លែងក្លាយ។
៨ ពួក​គេ​ប្រៀប​បាន​នឹង​សេះ​បា​ដែល​ពេញ​កម្លាំង
គឺ​ម្នាក់ៗ​គិត​តែ​ចែចង់​ប្រពន្ធ​គេ។
៩ ដូច្នេះ តើ​មិន​គួរ​អោយ​យើង​ដាក់​ទោស
ពួក​គេ​ទេ​ឬ?
តើ​មិន​គួរ​អោយ​យើង​ធ្វើ​ទណ្ឌកម្ម​ប្រជាជាតិ
អាក្រក់​បែប​នេះ​ទេ​ឬ?
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១០ ចូរ​ឡើង​ទៅ​ចំការ​ទំពាំងបាយជូរ​របស់​ពួក​គេ
ហើយ​កំទេច​ចោល​ទៅ
តែ​កុំ​កំទេច​អោយ​អស់​ទាំង​ស្រុង​ឡើយ។
ចូរ​កាប់​មែក​វា​ចោល
ព្រោះ​មិន​មែន​ជា​មែក​របស់​ព្រះអម្ចាស់​ទេ!
១១ ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា
សុទ្ធ​តែ​បាន​ក្បត់​យើង​ទាំង​ស្រុង»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ផល​វិបាក​នៃ​ការ​បោះ​បង់​ចោល​ព្រះអម្ចាស់
១២ ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះអម្ចាស់
គេ​ពោល​ថា «គ្មាន​ព្រះអម្ចាស់​ទេ
ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​ដល់​យើង​ដែរ
យើង​នឹង​មិន​ជួប​ប្រទះ​សង្គ្រាម ឬ​ទុរ្ភិក្ស​ឡើយ។
១៣ រីឯ​ពួក​ព្យាការី​គ្មាន​បាន​ការ​អ្វី​ទេ
សេចក្ដី​ដែល​ថ្លែង​ចេញ​មក​គ្មាន​ខ្លឹមសារ​អ្វី​ទេ
សូម​អោយ​សេចក្ដី​ដែល​ពួក​គេ​គំរាម​នោះ
កើត​មាន​ដល់​ពួក​គេ!»។
១៤ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់ ជា​ព្រះ​នៃ
ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖
«យេរេមា​អើយ ដោយ​ពួក​គេ​ពោល​ដូច្នេះ
យើង​នឹង​យក​ពាក្យ​ដែល​យើង​ដាក់
ក្នុង​មាត់​អ្នក​ធ្វើ​ជា​ភ្លើង
ហើយ​យក​ប្រជាជន​នេះ​ធ្វើ​ជា​អុស
ដែល​ភ្លើង​ឆេះ​បំផ្លាញ។
១៥ អ៊ីស្រាអែល​អើយ!
យើង​នាំ​ប្រជាជាតិ​មួយ​មក​ពី​ស្រុក​ឆ្ងាយ
ដើម្បី​ដាក់​ទោស​អ្នក​រាល់​គ្នា
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់-
គឺ​ប្រជាជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ
ជា​ប្រជាជាតិ​ដែល​កកើត​ឡើង
តាំង​ពី​យូរលង់​មក​ហើយ
ជា​ប្រជាជាតិ​ដែល​អ្នក​រាល់​គ្នា​មិន​យល់​ភាសា
ហើយ​ក៏​មិន​យល់​សេចក្ដី​ដែល​គេ​និយាយ​ដែរ។
១៦ ទាហាន​របស់​គេ​សុទ្ធ​តែ​ចំណានៗ
ព្រួញ​របស់​គេ​នឹង​ប្រល័យ​ជីវិត​អ្នក​រាល់​គ្នា។
១៧ ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហារ
របស់​អ្នក​រាល់​គ្នា
ពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
ពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ
របស់​អ្នក​រាល់​គ្នា
ពួក​គេ​កំទេច​ចំការ​ទំពាំងបាយជូរ
និង​ចំការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នា
ហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹងមាំ
ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។
១៨ ប៉ុន្តែ នៅ​គ្រា​នោះ ទោះ​បី​យ៉ាង​ណា​ក្ដី យើង​មិន​កំទេច​អ្នក​រាល់​គ្នា​អោយ​វិនាស​ទាំង​ស្រុង​ទេ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ១៩ យេរេមា​អើយ ប្រសិន​បើ​ពួក​គេ​សួរ​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​យើង?” ចូរ​ឆ្លើយ​ទៅ​គេ​វិញ​ថា: “ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអម្ចាស់ ទៅ​គោរព​បំរើ​ព្រះ​របស់​ជន​បរទេស ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​បំរើ​ជន​បរទេស​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា”»។
ព្រះអម្ចាស់​ដាក់​ទោស​អ៊ីស្រាអែល
២០ «ចូរ​ប្រាប់​អោយ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដឹង
ចូរ​ប្រកាស​ដល់​ប្រជាជន​នៅ​ស្រុក​យូដា​ថា:
២១ ប្រជាជន​ល្ងីល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់!
អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ
អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ
២២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា
តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់ញ័រ
នៅ​ចំពោះ​មុខ​យើង​ទេ​ឬ?
យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំដែន​អស់កល្ប​ជានិច្ច
សំរាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន
ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា
ក៏​ពុំ​អាច​ឆ្លង​ព្រំដែន​នេះ​បាន​ដែរ។
២៣ រីឯ​ប្រជាជន​នេះ​វិញ គេ​មាន​ចិត្ត​រឹងរូស
បះបោរ​ប្រឆាំង​នឹង​យើង
ហើយ​នាំ​គ្នា​ដក​ខ្លួន​ចាក​ចេញ​ពី​យើង។
២៤ គេ​ពុំ​ព្រម​រិះគិត​ក្នុង​ចិត្ត​ថា
“ចូរ​យើង​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
ជា​ព្រះ​នៃ​យើង។
ព្រះអង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យើង
តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ
និង​ភ្លៀង​នៅ​ចុង​រដូវ
ហើយ​ព្រះអង្គ​ក៏​បាន​កំណត់​ទុក​នូវ​សប្ដាហ៍
ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។
២៥ កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​អោយ
ធាតុ​អាកាស​ប្រែប្រួល
អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​អោយ
អ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។
២៦ មាន​ជន​ពាល​ស្ថិត​នៅ​ក្នុង​ចំណោម
ប្រជារាស្ត្រ​របស់​យើង
ពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្ស
ដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។
២៧ ផ្ទះ​របស់​ពួក​គេ​មាន​ពោរពេញ​ដោយ​ទ្រព្យ
ដែល​គេ​ប្លន់​យក​បាន
ដូច​ទ្រុង​ពេញ​ដោយ​សត្វ​ស្លាប
គឺ​ពួក​គេ​មាន​អំណាច និង​មាន​ទ្រព្យ​ជា​ច្រើន
ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ខ្លួន។
២៨ ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់
ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កំរិត
ពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេ
ហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។
ពួក​គេ​ចេះ​តែ​ចំរើន​ឡើង
ពួក​គេ​មិន​រក​យុត្តិធម៌​អោយ​ជន​ក្រីក្រ​ឡើយ។
២៩ តើ​មិន​គួរ​អោយ​យើង​ធ្វើ​ទារុណកម្ម​ពួក​គេ
ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ?
តើ​មិន​គួរ​អោយ​យើង​សងសឹក​ប្រជាជាតិ
អាក្រក់​បែប​នេះ​ទេ​ឬ?
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៣០ នៅ​ក្នុង​ស្រុក​នេះ​មាន​កើត​រឿង​អាស្រូវ
ដ៏​ថោក​ទាប​បំផុត
៣១ គឺ​ពួក​ព្យាការី​នាំ​គ្នា​ថ្លែង​ពាក្យ
ក្នុង​នាម​ព្រះ​ក្លែងក្លាយ
ក្រុម​បូជាចារ្យ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន
ហើយ​ប្រជារាស្ត្រ​របស់​យើង​ពេញ​ចិត្ត​នឹង
អំពើ​ទាំង​នោះ​ណាស់!
ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ
យ៉ាង​ណា​ទៀត?»។