១៥
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ទោះ​បី​ម៉ូសេ និង​សាំយូអែល​ មក​អង្វរ​យើង​អោយ​ត្រា​ប្រណី​ប្រជាជន​នេះ​ក្ដី ក៏​យើង​មិន​អត់អោន​អោយ​ពួក​គេ​ដែរ។ ចូរ​បណ្ដេញ​ប្រជាជន​នេះ​អោយ​បាត់​ពី​មុខ​យើង​ទៅ! ២ ពេល​គេ​សួរ​អ្នក​ថា “តើ​អោយ​យើង​ខ្ញុំ​ទៅ​ណា?” នោះ​ត្រូវ​ឆ្លើយ​វិញ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់
អ្នក​នោះ​ត្រូវ​តែ​ស្លាប់
អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់​ដោយ​មុខ​ដាវ
អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ!
អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់​ដោយ​អត់​ឃ្លាន
អ្នក​នោះ​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន!
អ្នក​ណា​ដែល​តំរូវ​អោយ​ជាប់​ជា​ឈ្លើយ
អ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ!»​។
៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រើ​គ្រោះ​កាច​បួន​យ៉ាង សំរាប់​ដាក់​ទោស​ពួក​គេ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​ខាំ​ពួក​គេ​អូស​យក​ទៅ ហើយ​ត្មាត​ព្រម​ទាំង​ចចក​នឹង​ត្របាក់​ស៊ី ពួក​គេ​ឥត​នៅ​សេសសល់​អ្វី​ឡើយ។ ៤ ពេល​ឃើញ​គ្រោះ​កាច​ទាំង​នេះ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នឹង​ញ័រ​រន្ធត់។ ហេតុការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ម៉ាណាសេ​បុត្រ​របស់​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូសាឡឹម។
៥ យេរូសាឡឹម​អើយ គ្មាន​នរណា​អាណិត​អ្នក
គ្មាន​នរណា​ស្រណោះ​អ្នក
គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ឈឺឆ្អាល​នឹង​អ្នក​ទេ
៦ ដ្បិត​អ្នក​បាន​បោះ​បង់​ចោល​យើង
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ -
អ្នក​បាន​បែរ​ខ្នង​ដាក់​យើង
ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក
យើង​បំផ្លាញ​អ្នក​អោយ​វិនាស
យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។
៧ យើង​នឹង​រែង​ប្រជាជន​នេះ​នៅ​តាម​ស្រុក​នានា
យើង​កំចាត់កំចាយ​ពួក​គេ
យើង​ធ្វើ​អោយ​ប្រជារាស្ត្រ​របស់​យើង​វិនាស
ដោយ​បាត់​បង់​កូន​ចៅ
ដ្បិត​ពួក​គេ​ពុំ​ព្រម​ងាក​ចេញ​ពី
ផ្លូវ​ដ៏​អាក្រក់​របស់​ខ្លួន​ឡើយ។
៨ យើង​នឹង​ធ្វើ​អោយ​មាន​ស្ត្រី​មេម៉ាយ​ច្រើន​ជាង
គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។
យើង​នឹង​នាំ​មហន្តរាយ​មក​លើ​ពួក​គេ
ទាំង​កណ្ដាល​ថ្ងៃ​ត្រង់
គឺ​មក​លើ​ម្ដាយ​របស់​ទាហាន​ដែល​នៅ​ក្មេង
យើង​ធ្វើ​អោយ​ស្ត្រី​នោះ​តក់ស្លុត ញ័រ​រន្ធត់។
៩ ស្ត្រី​ដែល​បង្កើត​បាន​កូន​ប្រុស​ប្រាំពីរ​នាក់
បែរ​ជា​បាត់​បង់​កូន​អស់ ហើយ​អស់​សង្ឃឹម
ពន្លឺ​របស់​នាង​លិច​បាត់​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់
នាង​ត្រូវ​បាក់​មុខ និង​អាម៉ាស់​យ៉ាង​ខ្លាំង។
រីឯ​អ្នក​ដែល​នៅ​សេសសល់
យើង​នឹង​ប្រគល់​ទៅ​អោយ​ខ្មាំង​សត្រូវ​ប្រហារ
ដោយ​មុខ​ដាវ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ពាក្យ​ត្អូញត្អែរ​របស់​លោក​យេរេមា
១០ អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វី
បើ​ខ្ញុំ​វេទនា​បែប​នេះ!
អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់
ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។
ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេ
ហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរ
តែ​ពួក​គេ​ជេរ​ប្រទេចផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។
១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«យើង​បាន​លោះ​អ្នក
ដើម្បី​អោយ​អ្នក​បាន​សេចក្ដី​សុខ
នៅ​គ្រា​មាន​ទុក្ខ​វេទនា និង​គ្រា​មាន​អាសន្ន
យើង​នឹង​ធ្វើ​អោយ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក។
១២ គ្មាន​នរណា​អាច​កាច់​បំបាក់
ដែក​មក​ពី​ស្រុក​ខាង​ជើង ឬ​លង្ហិន​បាន​ឡើយ។
១៣ យូដា​អើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន
ដែល​អ្នក​ប្រព្រឹត្ត​ពាសពេញ​លើ​ទឹក​ដី​នេះ
យើង​នឹង​អោយ​ខ្មាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ
ទាំង​ប៉ុន្មាន​របស់​អ្នក។
១៤ យើង​នឹង​អោយ​ខ្មាំង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ
នៅ​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់
ដ្បិត​កំហឹង​របស់​យើង​កំពុង​តែ​ឆេះឆួល​ឡើង
ទាស់​នឹង​អ្នក​រាល់​គ្នា»។
១៥ ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំង​អស់
សូម​នឹក​ដល់​ទូលបង្គំ​ផង
សូម​យាង​មក​ជួយ​ទូលបង្គំ
និង​សងសឹក​ពួក​អ្នក​ដែល​បៀតបៀន​ទូលបង្គំ!
សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​រង​គ្រោះ
ដោយ​ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់
ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។
សូម​ជ្រាប​ថា ព្រោះ​តែ​ព្រះអង្គ
ទូលបង្គំ​ស៊ូ​ទ្រាំ​អោយ​គេ​ជេរ​ប្រមាថ។
១៦ ពេល​ទូលបង្គំ​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ
ទូលបង្គំ​ត្រងត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់
ព្រះបន្ទូល​របស់​ព្រះអង្គ​ធ្វើ​អោយ​ចិត្ត​ទូលបង្គំ
ពោរពេញ​ដោយ​អំណរ និង​សុភមង្គល
ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
ទូលបង្គំ​ជា​អ្នក​បំរើ​ផ្ទាល់​របស់​ព្រះអង្គ។
១៧ ទូលបង្គំ​ពុំ​បាន​អង្គុយ​សប្បាយ​រួម​ជា​មួយ
ពួក​លេង​សើច​ឡើយ
គឺ​ព្រះអង្គ​បង្ខំ​ទូលបង្គំ​អោយ​នៅ​ដាច់​ឡែក​ពី​គេ
ដ្បិត​ទូលបង្គំ​ពោរពេញ​ដោយ​កំហឹង
រួម​ជា​មួយ​ព្រះអង្គ​ដែរ។
១៨ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ចេះ​តែ​ឈឺ​ចុក​ចាប់
ជានិច្ច​បែប​នេះ?
ហេតុ​អ្វី​បាន​ជា​មុខ​របួស​ទូលបង្គំ
មិន​ព្រម​ជា​សះ​ដូច្នេះ?
ព្រះអង្គ​ពិត​ជា​ធ្វើ​អោយ​ទូលបង្គំ​ខក​ចិត្ត
ដូច​ប្រភព​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់​ឬ!
១៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តប​ថា៖
«ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើង
នោះ​យើង​នឹង​អោយ​អ្នក​វិល​ត្រឡប់
មក​បំពេញ​មុខងារ​បំរើ​យើង​វិញ។
ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារ
ជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការ
យើង​នឹង​ប្រើ​អ្នក​អោយ​នាំ​ពាក្យ​របស់​យើង។
ពេល​នោះ ជន​ជាតិ​យូដា​នឹង​វិល​មក​រក​អ្នក
គឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។
២០ យើង​នឹង​ធ្វើ​អោយ​អ្នក​ប្រៀប​ដូច​ជា
កំពែង​លង្ហិន​ដ៏​មាំ នៅ​ចំពោះ​មុខ​ប្រជាជន​នេះ
ពួក​គេ​នឹង​នាំ​គ្នា​វាយ​ប្រហារ​អ្នក
តែ​ពុំ​អាច​ឈ្នះ​អ្នក​បាន​ឡើយ
ដ្បិត​យើង​នៅ​ជា​មួយ​អ្នក
ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
២១ យើង​នឹង​រំដោះ​អ្នក​អោយ​រួច​ផុត​ពី
កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់
យើង​នឹង​ដោះ​លែង​អ្នក​ពី​អំណាច​របស់
មនុស្ស​ឃោរឃៅ។