១៧
ព្រះអម្ចាស់​ប្រកាស​អំពើ​បាប​របស់​ជន​ជាតិ​យូដា
១ «អំពើ​បាប​របស់​ជន​ជាតិ​យូដា
មាន​ចារឹក​ទុក​ដូច​អក្សរ​ចារឹក
លើ​ថ្ម ដោយ​ដែក​ដែល​មាន​ត្បូង​ពេជ្រ
នៅ​ខាង​ចុង។
អំពើ​បាប​នេះ​បាន​ចារឹក​ទុក​ក្នុង​ចិត្ត​របស់​ពួក​គេ
និង​នៅ​លើ​ជ្រុង​អាសនៈ​របស់​ពួក​គេ។
២ ដូច្នេះ កូន​ចៅ​របស់​គេ​នឹង​នឹក​ឃើញ
អាសនៈ​របស់​ពួក​គេ
ព្រម​ទាំង​នឹក​ឃើញ​បង្គោល​របស់​ព្រះអាសេរ៉ា
នៅ​ក្បែរ​ដើម​ឈើ​ដ៏​ខៀវ​ខ្ចី
ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។
៣ ជន​ជាតិ​យូដា​អើយ ដោយ​អ្នក​ចូល​ចិត្ត
គោរព​ព្រះ​ក្លែងក្លាយ នៅ​លើ​ភ្នំ​របស់​យើង
យើង​នឹង​អោយ​ខ្មាំង​សត្រូវ​រឹប​អូស​យក
ទ្រព្យ​សម្បត្តិ និង​ធនធាន​ទាំង​ប៉ុន្មាន​របស់​អ្នក
ពួក​គេ​នឹង​កំទេច​កន្លែង​សក្ការៈ​របស់​អ្នក
ដែល​ស្ថិត​នៅ​តាម​ទួល​ខ្ពស់ៗ
ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពី​បាប
នៅ​ពាសពេញ​លើ​ទឹក​ដី​នេះ។
៤ អ្នក​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​ចែក
អោយ​អ្នក​ទៅ​សាសន៍​ដទៃ។
យើង​នឹង​អោយ​អ្នក​ក្លាយ​ទៅ​ជា​ទាសករ
របស់​ខ្មាំង​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់
ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆេះ​កំហឹង​របស់​យើង
ហើយ​ភ្លើង​នៃ​កំហឹង​នេះ​នឹង​ឆេះ​រហូត​ត​ទៅ»។
៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា
ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស
ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍
ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់
ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!
៦ គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិន
នៅ​តាម​ព្រៃ​ល្បោះ
គេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។
គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួតហែង
ក្នុង​វាល​រហោស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះ
និង​គ្មាន​មនុស្ស​នៅ។
៧ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់
និង​យក​ព្រះអង្គ​ធ្វើ​ជា​បង្អែក
ពិត​ជា​ទទួល​ព្រះពរ​មិន​ខាន!
៨ អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ
ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក
ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ
វា​មិន​ខ្លាច​កំដៅ
ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជានិច្ច។
នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ
គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។
៩ ចិត្ត​របស់​មនុស្ស​តែងតែ​វៀចវេរ
មិន​អាច​កែ​តម្រង់​បាន​ឡើយ
ហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។
១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
យើង​ឈ្វេង​យល់​ជំរៅ​ចិត្ត​របស់​មនុស្ស
យើង​មើល​ធ្លុះ​អាថ៌កំបាំង​របស់​គេ
ដូច្នេះ យើង​នឹង​តប​ស្នង​អោយ​មនុស្ស​ម្នាក់ៗ
តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
១១ អ្នក​ដែល​រក​បាន​ទ្រព្យ​សម្បត្តិ​ដោយ​អយុត្តិធម៌
ប្រៀប​បាន​នឹង​សត្វ​ទទា​ក្រាប​ស៊ុត​សត្វ​ដទៃ។
នៅ​ពេល​ពាក់​កណ្ដាល​អាយុ
ទ្រព្យ​សម្បត្តិ​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទៅ
ហើយ​នៅ​ទី​បញ្ចប់
គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ។
១២ ទីសក្ការៈ​របស់​យើង​ជា​បល្ល័ង្ក​មួយ​ដ៏​រុងរឿង
តាំង​ពី​ដើម​ដំបូង​រៀង​មក។
១៣ ឱ​ព្រះអម្ចាស់​អើយ
ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល!
អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះអង្គ
នឹង​ត្រូវ​អាម៉ាស់
អស់​អ្នក​ដែល​ងាក​ចេញ​ពី​ព្រះអង្គ
នឹង​ត្រូវ​វិនាស​ទៅ​ជា​ធូលី​ដី
ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះអម្ចាស់
ដែល​ជា​ប្រភព​ទឹក​ផ្ដល់​ជីវិត។
លោក​យេរេមា​ទូល​សូម​ព្រះអម្ចាស់​ជួយ
១៤ ឱ​ព្រះអម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​អោយ​ជា
នោះ​ទូលបង្គំ​នឹង​បាន​ជា
សូម​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​រួច​ជីវិត
ដ្បិត​ព្រះអង្គ​តែង​ប្រោស​ប្រទាន​អោយ
ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ!
១៥ ពួក​គេ​ពោល​មក​ទូលបង្គំ​ថា:
“តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ឯ​ណា
ចូរ​អោយ​ព្រះបន្ទូល​នោះ​សំរេច​ជា​រូប​រាង​ចុះ!”
១៦ ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពុំ​បាន​ទទូច​សូម
ព្រះអង្គ​ដាក់​ទោស​ពួក​គេ​ជា​ប្រញាប់​ទេ។
ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា
ទូលបង្គំ​មិន​ចង់​ឃើញ​ថ្ងៃ​អន្តរាយ​នោះ
កើត​មាន​ចំពោះ​ពួក​គេ​ឡើយ។
ព្រះអង្គ​ជ្រាប​នូវ​ពាក្យ​សំដី
របស់​ទូលបង្គំ​ច្បាស់​ណាស់។
១៧ សូម​កុំ​បំភ័យ​ទូលបង្គំ​ឡើយ
ដ្បិត​ព្រះអង្គ​ជា​ជំរក​របស់​ទូលបង្គំ
នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ជួប​ទុក្ខ​លំបាក។
១៨ សូម​អោយ​អស់​អ្នក​ដែល​បៀតបៀន​ទូលបង្គំ
ត្រូវ​អាម៉ាស់
តែ​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!
សូម​អោយ​ពួក​គេ​ញ័រ​រន្ធត់
តែ​កុំ​អោយ​ទូលបង្គំ​ញ័រ​រន្ធត់​ឡើយ!
សូម​អោយ​ថ្ងៃ​លំបាក​វេទនា​ធ្លាក់​មក​លើ​ពួក​គេ
សូម​ប្រហារ​ពួក​គេ​អោយ​វិនាស​អន្តរាយ​ទៅ!
ការ​គោរព​ថ្ងៃ​សប្ប័ទ
១៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ឈរ​នៅ​មាត់ “ទ្វារ​ប្រជាជន” ជា​ទ្វារ​ដែល​ស្ដេច​ស្រុក​យូដា​តែងតែ​ចេញ​ចូល និង​ទ្វារ​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​យេរូសាឡឹម។ ២០ ចូរ​ប្រកាស​ប្រាប់​ពួក​គេ​ថា: “ព្រះមហាក្សត្រ និង​ប្រជាជន​យូដា​ទាំង​មូល ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​អស់ ដែល​ចេញ​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន! កុំ​លី​សែង​អ្វី​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ហើយ​ក៏​កុំ​យក​របស់​ទាំង​នោះ​ឆ្លង​កាត់​ទ្វារ​ក្រុង​យេរូសាឡឹម​ដែរ។ ២២ កុំ​លី​សែង​អ្វី​ចេញ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​សប្ប័ទ គឺ​កុំ​ធ្វើ​ការ​អ្វី​ទាំង​អស់។ ត្រូវ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សំរាប់​យើង ដូច​យើង​បាន​បង្គាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ២៣ តែ​ពួក​គេ​ពុំ​បាន​ត្រងត្រាប់​ស្ដាប់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹងរូស មិន​ព្រម​ស្ដាប់ មិន​ព្រម​ទទួល​មេរៀន​សោះ។ ២៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា: រីឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យើង មិន​លី​សែង​អ្វី​កាត់​តាម​ទ្វារ​ក្រុង​នេះ ហើយ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សំរាប់​យើង ដោយ​មិន​ធ្វើ​ការ​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ទេ ២៥ ស្ដេច​ទាំងឡាយ​ដែល​ស្នង​រាជ្យ​ដាវីឌ​នឹង​ជិះ​រទេះ ជិះ​សេះ​កាត់​ទ្វារ​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត ដោយ​មាន​មេ​ដឹក​នាំ ព្រម​ទាំង​ប្រជាជន​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ហែហម ហើយ​នឹង​មាន​មនុស្ស​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​ត​ទៅ​មុខ​ទៀត។ ២៦ ប្រជាជន​នឹង​នាំ​គ្នា​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តំបន់​ជិត​ខាង​ក្រុង​យេរូសាឡឹម ស្រុក​បេនយ៉ាមីន ស្រុក​ដែល​នៅ​ខាង​លិច​ជើង​ភ្នំ ព្រម​ទាំង​តំបន់​ភ្នំ និង​តំបន់​ណេកិប ដើម្បី​នាំ​យក​តង្វាយ​ដុត​ទាំង​មូល​យញ្ញបូជា តង្វាយ​ផ្សេងៗ និង​គ្រឿង​ក្រអូប​មក​ថ្វាយ ដើម្បី​អរ​ព្រះគុណ​ព្រះអម្ចាស់នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ។ ២៧ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សំរាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូសាឡឹម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​ធ្វើ​អោយ​មាន​ភ្លើង​ឆេះ​កំទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូសាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។