៣០
មាតុភូមិនិវត្តន៍
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ: ២ ព្រះអម្ចាស់​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​កត់ត្រា​ទុក​ក្នុង​ក្រាំង​មួយ​នូវ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​ប្រាប់​អ្នក។ ៣ នៅ​គ្រា​ខាង​មុខ យើង​នឹង​ស្ដារ​អ៊ីស្រាអែល និង​យូដា​ជា​ប្រជារាស្ត្រ​របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ។ យើង​នឹង​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក​ដែល​យើង​បាន​ប្រគល់​អោយ​ដូនតា​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នេះ»។
៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​អំពី​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​ដូច​ត​ទៅ:
៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«យើង​ឮ​សំរែក​ភ័យ​ខ្លាច
ចលាចល​កើត​មាន​នៅ​ក្នុង​ស្រុក
គឺ​មិន​មែន​សន្តិភាព​ទេ!
៦ ចូរ​ស៊ើបសួរ ហើយ​ពិនិត្យ​មើល​ចុះ
តើ​ប្រុសៗ​ធ្លាប់​មាន​ផ្ទៃ​ពោះ​ឬ​ទេ?
ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រុសៗ​ទាំង​អស់
យក​ដៃ​ឱប​ពោះ​របស់​ខ្លួន
ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ផ្ទៃ​មុខ​របស់​ពួក​គេ​ស្លេកស្លាំង?
៧ វេទនា​ហើយ! ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សែន​វេទនា
ដែល​គ្មាន​ថ្ងៃ​ណា​មួយ​ប្រដូច​បាន​ឡើយ
គឺ​ជា​ថ្ងៃ​ដែល​កូន​ចៅ​របស់​យ៉ាកុប
ត្រូវ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។
ប៉ុន្តែ ពួក​គេ​មុខ​ជា​បាន​រួច​ជីវិត»។
៨ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖
«នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាក់​នឹម​ដែល​ស្ថិត​នៅ
លើ​ស្មា​របស់​ពួក​គេ
យើង​នឹង​ផ្ដាច់​ចំណង​ចេញ​ពី​ពួក​គេ
ជន​បរទេស​នឹង​លែង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បំរើ
ទៀត​ហើយ។
៩ ពួក​គេ​នឹង​គោរព​បំរើ​ព្រះអម្ចាស់
ជា​ព្រះ​របស់​ពួក​គេ
ហើយ​គោរព​បំរើ​ពូជពង្ស​របស់​ដាវីឌ
ដែល​យើង​នឹង​តែងតាំង​អោយ
គ្រង​រាជ្យ​លើ​ពួក​គេ។
១០ កូន​ចៅ​យ៉ាកុប​ជា​អ្នក​បំរើ​របស់​យើង​អើយ
កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!
-នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ -
កូន​ចៅ​អ៊ីស្រាអែល​អើយ កុំ​អស់​សង្ឃឹម!
យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​អោយ​វិល​ត្រឡប់
មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ
យើង​នឹង​សង្គ្រោះ​ពូជពង្ស​របស់​អ្នក​រាល់​គ្នា
ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ​សឹក។
កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញ
គេ​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត
គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។
១១ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដើម្បី​សង្គ្រោះ​អ្នក
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ -
យើង​នឹង​លុប​បំបាត់​ប្រជាជាតិ​នានា
ដែល​យើង​បាន​កំចាត់កំចាយ​អ្នក
អោយ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេ
តែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។
យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌
យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា គ្មាន​ទោស​ទេ»។
១២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«របួស​របស់​អ្នក​មើល​មិន​ជា​ទេ
ដំបៅ​របស់​អ្នក​ក៏​មិន​អាច​សះ​បាន​ដែរ។
១៣ គ្មាន​នរណា​រក​យុត្តិធម៌​អោយ​អ្នក
និង​រុំ​របួស​អោយ​អ្នក​ទេ
ហើយ​ក៏​គ្មាន​ថ្នាំ​ដ៏​ស័ក្ដិសិទ្ធិ​ណា
អាច​ផ្សះ​របួស​របស់​អ្នក​បាន​ដែរ។
១៤ គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​ភ្លេច​អ្នក​ហើយ
គ្មាន​នរណា​នឹក​នា​ដល់​អ្នក​ទៀត​ទេ
ដ្បិត​យើង​បាន​វាយ​អ្នក​ដូច​ខ្មាំង​វាយ​អ្នក
យើង​បាន​ដាក់​ទោស​អ្នក​យ៉ាង​ធ្ងន់
ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនា
និង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។
១៥ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ស្រែក​ថ្ងូរ
ព្រោះ​មហន្តរាយ​កើត​ដល់​អ្នក
ធ្វើ​អោយ​អ្នក​ឈឺ​ចាប់​ឥត​ល្ហែ?
យើង​ធ្វើ​ទោស​អ្នក​ខ្លាំង​ដូច្នេះ
ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនា
និង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។
១៦ ហេតុ​នេះ​អស់​អ្នក​ដែល​លេប​ត្របាក់​អ្នក
មុខ​ជា​ត្រូវ​គេ​លេប​ត្របាក់​វិញ
បច្ចាមិត្ត​របស់​អ្នក​នឹង​ជាប់​ជា​ឈ្លើយ
ទាំង​អស់​គ្នា។
អស់​អ្នក​ដែល​កំទេច​អ្នក នឹង​ត្រូវ​គេ​កំទេច​វិញ
យើង​នឹង​ធ្វើ​អោយ​ពួក​ដែល​ប្លន់​អ្នក
ត្រូវ​គេ​ប្លន់​វិញ​ដែរ។
១៧ យើង​នឹង​លើក​អ្នក​ឡើង​វិញ
យើង​នឹង​ប្រោស​អោយ​មុខ​របួស​អ្នក
បាន​ជា​សះស្បើយ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ -។
ពួក​គេ​ហៅ​អ្នក​ថា
“ក្រុង​ដែល​គេ​បោះ​បង់​ចោល”
គឺ​ក្រុង​ស៊ីយ៉ូន​ដែល​គ្មាន​នរណា​រាប់​រក»។
១៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖
«យើង​នឹង​ស្ដារ​ពូជពង្ស​របស់​យ៉ាកុប​ឡើង​វិញ
យើង​នឹង​អាណិត​អាសូរ​ក្រុម​គ្រួសារ​របស់​គេ។
គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញ
ហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។
១៩ ការ​សរសើរ​តម្កើង និង​សំណើច​ក្អាកក្អាយ
នឹង​លាន់​ឮ​ឡើង​ពី​ក្នុង​ចំណោម​ពួក​គេ។
យើង​នឹង​ធ្វើ​អោយ​គេ​កើន​ចំនួន​ច្រើន​ឡើងៗ
គឺ​គេ​មិន​ចុះ​ថយ​ឡើយ។
យើង​នឹង​លើក​តម្កើង​ពួក​គេ
គឺ​គេ​មិន​ទន់ទាប​ទៀត​ទេ។
២០ កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​ពី​ដើម
សហគមន៍​របស់​គេ​នឹង​ស្ថិតស្ថេរ
នៅ​ចំពោះ​មុខ​យើង ហើយ​យើង​នឹង
ដាក់​ទោស​អស់​អ្នក​ដែល​ជិះជាន់​ពួក​គេ។
២១ មេ​ដឹក​នាំ​នឹង​កើត​ចេញ​ពី​ចំណោម​ពួក​គេ
អ្នក​គ្រប់គ្រង​ក៏​កើត​ពី​ចំណោម​ពួក​គេ​ដែរ។
យើង​នឹង​អោយ​មេ​ដឹក​នាំ​នោះ​ចូល​មក​ជិត​យើង
ដ្បិត​គ្មាន​នរណា​ហ៊ាន​ចូល​មក​ជិត​យើង
ដោយ​ចិត្ត​ឯង​ឡើយ។
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ -
២២ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង
ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។
២៣ ព្រះពិរោធ​របស់​ព្រះអម្ចាស់​នឹង​បក់​បោក​មក
ដូច​ជា​ខ្យល់​ព្យុះ។
ព្រះពិរោធ​នេះ​ប្រៀប​ដូច​ជា​ព្យុះ​សង្ឃរា
បក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។
២៤ ព្រះពិរោធ​ដ៏​ខ្លាំងក្លា​របស់​ព្រះអម្ចាស់
នឹង​មិន​ងាក​រេ​ចេញ​ឡើយ
ដរាប​ណា​ទាល់​តែ​បាន​សំរេច​តាម​គំរោងការ
របស់​ព្រះអង្គ​យ៉ាង​សុក្រឹត​ជា​មុន​សិន។
នៅ​គ្រា​ចុង​ក្រោយ អ្នក​រាល់​គ្នា​មុខ​ជា​មាន
ប្រាជ្ញា​យល់​មិន​ខាន!។