៤៨
ព្រះបន្ទូល​ស្ដី​អំពី​ជន​ជាតិ​ម៉ូអាប់
១ នេះ​ជា​ព្រះបន្ទូល​ស្ដី​អំពី​ជន​ជាតិ​ម៉ូអាប់។
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់
ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖
«អ្នក​ដែល​រស់​នៅ​លើ​ភ្នំ​នេបូ ត្រូវ​វេទនា
ដ្បិត​ភ្នំ​នេះ​វិនាស​ហិនហោច​ហើយ!
ក្រុង​គារយ៉ាថែម​ត្រូវ​អាម៉ាស់
ព្រោះ​ត្រូវ​ខ្មាំង​វាយ​យក​បាន
បន្ទាយ​របស់​គេ​ក៏​ត្រូវ​អាម៉ាស់ និង​រលំ​ដែរ។
២ ស្រុក​ម៉ូអាប់​បាត់​បង់​កេរ្តិ៍​ឈ្មោះ
នៅ​ក្រុង​ហេសបូន ខ្មាំង​សត្រូវ​គិតគូរ​គ្នា​ថា
“ទៅ! យើង​នាំ​គ្នា​លុប​ក្រុង​នេះ​អោយ​បាត់​ពី
ចំណោម​ប្រជាជាតិ​ទាំងឡាយ!”
រីឯ​ក្រុង​ម៉ាដម៉េន​ក៏​ដូច្នោះ​ដែរ
អ្នក​នឹង​ត្រូវ​កំទេច​អោយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ
ហើយ​ដាវ​តាម​ប្រហារ​អ្នក​ពី​ក្រោយ។
៣ មាន​សំរែក​លាន់​ឮ​ឡើង​ពី​ក្រុង​ហូរ៉ូណែម
ដែល​ត្រូវ​គេ​កំទេច និង​បំផ្លាញ​ទាំង​ស្រុង។
៤ ស្រុក​ម៉ូអាប់​បែក​ហើយ
សំរែក​ប្រជាជន​ក៏​លាន់​ឮ​ឡើង​ដែរ។
៥ ពួក​គេ​នាំ​គ្នា​ឡើង​ទៅ​ក្រុង​លូគិត​ទាំង​យំ​សោក
បច្ចាមិត្ត​របស់​ពួក​គេ​ចុះ​ទៅ​កាន់
ក្រុង​ហូរ៉ូណែម ទាំង​ស្រែក​ហ៊ោ។
៦ ចូរ​នាំ​គ្នា​រត់​គេច ដើម្បី​អោយ​បាន​រួច​ជីវិត
ហើយ​ទៅ​រស់​នៅ​តាម​វាល​រហោស្ថាន
ដូច​គុម្ព​បន្លា!។
៧ ម៉ូអាប់​អើយ ហេតុការណ៍​នេះ​កើត​មាន​ដូច្នេះ
មក​ពី​អ្នក​ទុក​ចិត្ត​លើ​ស្នាដៃ
និង​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន
អ្នក​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន
រីឯ​កេម៉ូស​ជា​ព្រះ​របស់​អ្នក
ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក
ជា​មួយ​ពួក​បូជាចារ្យ និង​ពួក​មន្ត្រី​ដែរ។
៨ មេ​បំផ្លាញ​នឹង​ចូល​ទៅ​ក្នុង​ក្រុង​នីមួយៗ
គ្មាន​ក្រុង​ណា​មួយ​គេច​ផុត​ឡើយ
អ្វីៗ​នៅ​តាម​ជ្រលង​ភ្នំ និង​នៅ​តាម​វាល​ទំនាប
នឹង​ត្រូវ​វិនាស​អន្តរាយ​ទាំង​អស់។
នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៩ ចូរ​រៀបចំ​ផ្នូរ​អោយ​ម៉ូអាប់​ទៅ
ដ្បិត​ស្រុក​នេះ​ត្រូវ​អន្តរាយ​ហើយ!
ក្រុង​ទាំងឡាយ​នៅ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ
កំទេច​អោយ​វិនាស​ហិនហោច
គ្មាន​ប្រជាជន​រស់​នៅ​ទៀត​ឡើយ។
១០ អ្នក​ណា​បំពេញ​កិច្ចការ​របស់​ព្រះអម្ចាស់
ដោយ​ខ្ជីខ្ជា គឺ​ពុំ​បាន​ធ្វើ​អោយ​ដាវ​របស់​ខ្លួន
ប្រឡាក់​ជោក​ទៅ​ដោយ​ឈាម​ទេ
អ្នក​នោះ​ត្រូវ​បណ្ដាសា​ជា​ពុំខាន!
១១ តាំង​ពី​ក្មេង​រៀង​មក ម៉ូអាប់​ពុំ​ដែល​មាន​កង្វល់
អ្វី​ទាល់​តែ​សោះ
គេ​សំរាក​យ៉ាង​ស្រួល ឥត​ដែល​មាន​នរណា
ដឹក​យក​ទៅ​ជា​ឈ្លើយ​សឹក​ឡើយ។
គេ​ប្រៀប​ដូច​ជា​ស្រា​ដែល​គ្មាន​នរណា​ផ្ទេរ​ទៅ
ដប​ផ្សេង​ទេ តែ​ស្ថិត​នៅ​ក្នុង​ដប​ដដែល
ហើយ​រក្សា​រសជាតិ​ដើម​ឥត​ដូរ​សោះ។
១២ ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ចាត់​មនុស្ស​អោយ​មក​ផ្ទេរ​ម៉ូអាប់ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់- អ្នក​ទាំង​នោះ​នឹង​ចាក់​ម៉ូអាប់​ចេញ​ពី​ដប ហើយ​បំបែក​ពាង​របស់​ពួក​គេ​ចោល។ ១៣ ម៉ូអាប់​មុខ​ជា​ខក​ចិត្ត​នឹង​កេម៉ូស ជា​ព្រះ​របស់​ខ្លួន ដូច​ជន​ជាតិ​អ៊ីស្រាអែល ខក​ចិត្ត​នឹង​បេតអែល ជា​ទី​ពឹង​ផ្អែក​របស់​ពួក​គេ​ដែរ។
១៤ អ្នក​ស្រុក​ម៉ូអាប់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា
អ្នក​រាល់​គ្នា​ហ៊ាន​ពោល​ថា
“យើង​ខ្ញុំ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ
យើង​ខ្ញុំ​ជា​ពូជ​អ្នក​ចំបាំង”ដូច្នេះ?
១៥ មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​ឡើង​ទៅ
វាយ​សំរុក​ក្រុង​នានា​នៅ​ស្រុក​នោះ
យុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ
នឹង​ត្រូវ​ខ្មាំង​យក​ទៅ​សម្លាប់​នៅ​ទី​សត្តឃាត។
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះមហាក្សត្រ​ដែល
មាន​នាម​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។
១៦ មហន្តរាយ​របស់​ម៉ូអាប់​ជិត​មក​ដល់​ហើយ
ទុក្ខ​វេទនា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។
១៧ ប្រជាជន​ទាំងឡាយ​ដែល​នៅ​ជិត​ខាង
ហើយ​ស្គាល់​ឈ្មោះ​ម៉ូអាប់​យ៉ាង​ច្បាស់​អើយ
ចូរ​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​ម៉ូអាប់
ដោយ​ពោល​ថា “ហេតុ​អ្វី​បាន​ជា​មហា​អំណាច
ត្រូវ​រលំ​បែប​នេះ?”។
១៨ ប្រជាជន​ក្រុង​ឌីបូន​អើយ
ចូរ​លះបង់​ភាព​រុងរឿង​របស់​ខ្លួន
ហើយ​អង្គុយ​នៅ​លើ​ដី​ហួតហែង​ទៅ
ដ្បិត​មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​កំពុង​តែ
ឡើង​មក​វាយ​អ្នក
គេ​នឹង​បំផ្លាញ​កំពែង​ដ៏​រឹងមាំ​របស់​អ្នក។
១៩ ប្រជាជន​ក្រុង​អារ៉ូអ៊ើរ​អើយ
ចូរ​ទៅ​ឈរ​នៅ​តាម​ផ្លូវ ហើយ​ចាំ​ឃ្លាំ​មើល​ទៅ
ចូរ​សាក​សួរ​អ្នក​ដែល​រត់​រួច​ខ្លួន​ថា
តើ​មាន​ហេតុការណ៍​អ្វី​កើត​ឡើង?
២០ ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ស្រុក​នេះ​រលំ​ហើយ
ចូរ​នាំ​គ្នា​ស្រែក​អោយ​អស់​ទំហឹង
ចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អើណូន​ថា
ស្រុក​ម៉ូអាប់​វិនាស​ហិនហោច​ហើយ!
២១ ការ​វិនិច្ឆ័យ​ទោស​មក​ដល់​ស្រុក​នៅ​តំបន់​វាល​ទំនាប​ហើយ គឺ​ក្រុង​ហូឡូន ក្រុង​យ៉ាហាស និង​ក្រុង​មេផាត ២២ ក្រុង​ឌីបូន ក្រុង​នេបូ ក្រុង​បេត-ឌីបា្លថែម ២៣ ក្រុង​គារយ៉ាថែម ក្រុង​បេតកាមូល ក្រុង​បេតមេយ៉ូន ២៤ ក្រុង​កេរីយ៉ុត ក្រុង​បូសរ៉ា ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ម៉ូអាប់ ទាំង​ជិត​ទាំង​ឆ្ងាយ។
២៥ អំណាច​របស់​ម៉ូអាប់​ត្រូវ​រលំ
ហើយ​កម្លាំង​របស់​គេ​ក៏​ធ្លាក់​ទន់​ខ្សោយ​ដែរ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
២៦ ចូរ​បង្អក​ម៉ូអាប់​អោយ​ស្រវឹង​ទៅ​ ព្រោះ​គេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់ ម៉ូអាប់​កំពុង​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​ត្រូវ​មនុស្សម្នា​សើច​ចំអក​អោយ។ ២៧ ម៉ូអាប់​អើយ ពី​មុន​អ្នក​ធ្លាប់​សើច​ចំអក​អោយ​អ៊ីស្រាអែល អ្នក​ងក់​ក្បាល​ឡកឡឺយ ធ្វើ​ហាក់​ដូច​ជា​អ៊ីស្រាអែល​ស្ថិត​នៅ​ក្នុង​ចំណោម​ចោរ​ដែល​គេ​ចាប់​បាន។
២៨ ប្រជាជន​ស្រុក​ម៉ូអាប់​អើយ
ចូរ​នាំ​គ្នា​បោះ​បង់​ចោល​ទីក្រុង
ហើយ​ទៅ​រស់​នៅ​តាម​ក្រហែង​ថ្ម
ដូច​សត្វ​ព្រាប
ធ្វើ​សំបុក​នៅ​កន្លៀត​ថ្ម​តាម​មាត់​រូង​ភ្នំ!
២៩ យើង​បាន​ឮ​គេ​និយាយ​ថា
ម៉ូអាប់​មាន​អំនួត​ខ្លាំង​ពន់​ពេក​ណាស់
គេ​វាយឫក ព្រហើន ប្រកាន់​ខ្លួន
និង​មាន​ចិត្ត​ឆ្មើងឆ្មៃ​ខ្លាំង​ណាស់»។
៣០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​ស្គាល់​ឫក​របស់​ម៉ូអាប់ ហើយ​អ្វីៗ​ដែល​គេ​និយាយ​អួតអាង​គ្មាន​បាន​ការ​ទេ អ្វីៗ​ដែល​គេ​ធ្វើ ក៏​គ្មាន​បាន​ការ​ដែរ»។
៣១ ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ
ហើយ​សោក​សង្រេង​ស្រណោះ​ម៉ូអាប់​ទាំង​មូល
ព្រម​ទាំង​ថ្ងូរ ព្រោះ​តែ​អ្នក​ស្រុក​គារ-ហារ៉ាសែត។
៣២ ចំការ​ទំពាំងបាយជូរ​នៅ​ស៊ីបម៉ា​អើយ
យើង​នឹង​យំ​ស្រណោះ​អ្នក
ជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ាស៊ើរ​ទៅ​ទៀត
មែក​របស់​អ្នក​លូត​ហួស​សមុទ្រ
ហើយ​ហួស​យ៉ាស៊ើរ។
ប៉ុន្តែ មេ​បំផ្លាញ​បាន​កំទេច​ភោគ​ផល
និង​ផ្លែ​ទំពាំងបាយជូរ​របស់​អ្នក។
៣៣ អំណរ​សប្បាយ និង​ការ​រីករាយ​ចេញ​បាត់
ពី​ចំការ​ទំពាំងបាយជូរ និង​ពី​ស្រុក​ម៉ូអាប់។
យើង​ក៏​ធ្វើ​អោយ​លែង​មាន​ស្រា​នៅ​ក្នុង​ធុង
ហើយ​ក៏​លែង​មាន​នរណា​ជាន់​ផ្លែ​ទំពាំងបាយជូរ
ទាំង​ស្រែក​យ៉ាង​សប្បាយ​ទៀត​ដែរ
ផ្ទុយ​ទៅ​វិញ មាន​តែ​សំរែក​វេទនា​ប៉ុណ្ណោះ។
៣៤ សំរែក​របស់​អ្នក​ក្រុង​ហេសបូន លាន់​ឮ​ទៅ​ដល់​ក្រុង​អេឡាឡេ គេ​បន្លឺ​សំឡេង​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់។ សំរែក​របស់​ពួក​គេ​លាន់​ឮ​ពី​ក្រុង​សូអារ រហូត​ដល់​ក្រុង​អេក្លាត-សេលីស៊ីយ៉ា ដ្បិត​ប្រភព​ទឹក​នៅ​នីមរីម​រីង​ស្ងួត​អស់។
៣៥ «យើង​នឹង​លែង​អោយ​មាន​ជន​ជាតិ​ម៉ូអាប់​ឡើង​ទៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ដុត​គ្រឿង​ក្រអូប​បូជា​ព្រះ​របស់​ខ្លួន​ទៀត​ហើយ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៣៦ ហេតុ​នេះ​បាន​ជា​យើង​ស្រណោះស្រណោក​ជន​ជាតិ​ម៉ូអាប់ ហើយ​យើង​ក៏​ស្រណោះស្រណោក​អ្នក​ក្រុង​គារ-ហារ៉ាសែត​ដែរ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ខំ​សន្សំ​ត្រូវ​វិនាស​អស់។ ៣៧ ពួក​គេ​កោរ​សក់ កោរ​ពុក​មាត់​ទាំង​អស់​គ្នា ហើយ​ឆូត​ដៃ​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រម​ទាំង​ស្លៀក​បាវ​កាន់​ទុក្ខ​ផង។ ៣៨ នៅ​តាម​ដំបូល​ផ្ទះ​ទាំង​អស់ និង​នៅ​តាម​ផ្លូវ​មាន​ឮ​សូរ​តែ​សំណោក​កាន់​ទុក្ខ ព្រោះ​យើង​បាន​បំបែក​ម៉ូអាប់ ដូច​ថូ​ដែល​គេ​លែង​ពេញ​ចិត្ត -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ៣៩ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ​ព្រោះ​ម៉ូអាប់​រលំ​ហើយ! ម៉ូអាប់​ងាក​មុខ​ចេញ​ដោយ​អាម៉ាស់ ប្រជាជាតិ​ទាំង​អស់​នៅ​ជុំវិញ នាំ​គ្នា​សើច​ចំអក​អោយ​ម៉ូអាប់ ព្រម​ទាំង​ស្រឡាំងកាំង​ទៀត​ផង»។
៤០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «សត្រូវ​មក​វាយ​ប្រហារ​ស្រុក​ម៉ូអាប់ ដូច​ខ្លែង​សំកាំង​ស្លាប រេ​ពី​លើ។
៤១ គេ​វាយ​យក​បាន​ក្រុង​កេរីយ៉ូត
ព្រម​ទាំង​រំលំ​កំពែង​ដ៏​រឹងមាំ​ទៀត​ផង។
នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់អាច
នៃ​ជន​ជាតិ​ម៉ូអាប់​នឹង​ឈឺ​ចុក​ចាប់
ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។
៤២ ម៉ូអាប់​នឹង​ត្រូវ​វិនាស
លែង​មាន​ឈ្មោះ​ជា​ប្រជាជន​មួយ​ទៀត​ហើយ
ព្រោះ​គេ​បាន​លើក​ខ្លួន​ឡើង
ប្រឆាំង​នឹង​ព្រះអម្ចាស់
៤៣ ប្រជាជន​ស្រុក​ម៉ូអាប់​អើយ
អ្នក​រាល់​គ្នា​មុខ​តែ​ភ័យ​ខ្លាច ធ្លាក់​រណ្ដៅ
និង​ជាប់​អន្ទាក់​ជា​មិន​ខាន!
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៤៤ អ្នក​ដែល​រត់​គេច​ពី​ការ​ភ័យ​ខ្លាច​នឹង​ធ្លាក់​រណ្ដៅ
អ្នក​ដែល​ឡើង​ពី​រណ្ដៅ
នឹង​ជាប់​អន្ទាក់
ដ្បិត​យើង​ធ្វើ​អោយ​ឆ្នាំ
ដែល​ត្រូវ​ដាក់​ទោស​ម៉ូអាប់
មក​ដល់​ហើយ!
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។
៤៥ ជន​ភៀស​ខ្លួន​ដែល​អស់​កម្លាំង​រត់​មក​ជ្រក
នៅ​ហេសបូន ជា​ក្រុង​ដែល​ស្ដេច​ស៊ីហុន
ធ្លាប់​គ្រប់គ្រង​កាល​ពី​ដើម
តែ​មាន​ភ្លើង​ឆាបឆេះ​កណ្ដាល​ក្រុង
ហើយ​ឆេះ​រាលដាល​ទៅ​ដល់​ព្រំប្រទល់
និង​តាម​កំពូល​ភ្នំ​របស់​ស្រុក​ម៉ូអាប់
ដែល​ជា​ពូជ​អ្នក​ចំបាំង​នេះ។
៤៦ ជន​ជាតិ​ម៉ូអាប់​អើយ អ្នក​វេទនា​ហើយ
ប្រជាជន​ដែល​គោរព​ព្រះកេម៉ូស
ត្រូវ​អន្តរាយ​ជា​មិន​ខាន
ដ្បិត​កូន​ប្រុស​កូន​ស្រី​របស់​អ្នក
ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ។
៤៧ ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ
យើង​នឹង​ស្ដារ​ស្រុក​ម៉ូអាប់​ឡើង​វិញ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ការ​វិនិច្ឆ័យ​ទោស​ជន​ជាតិ​ម៉ូអាប់​ចប់​តែ​ត្រឹម​ណេះ។