៥១
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«យើង​នឹង​ធ្វើ​អោយ​ខ្យល់​ព្យុះ
បក់​បោក​បំផ្លាញ​ក្រុង​បាប៊ីឡូន
និង​ប្រជាជន​នៅ​ក្រុង​នោះ។
២ យើង​នឹង​ប្រើ​គេ​អោយ​មក​រែង​ក្រុង​បាប៊ីឡូន
ដូច​គេ​រែង​អង្ករ។
អ្នក​ទាំង​នេះ​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ស្រុក
ពួក​គេ​មក​ពី​គ្រប់​ទិសទី វាយ​លុក​ក្រុង​បាប៊ីឡូន
នៅ​ថ្ងៃ​ដ៏​សែន​វេទនា​នោះ។
៣ កុំ​ត្រា​ប្រណី​ទាហាន​បាញ់​ព្រួញ
និង​អ្នក​ពាក់​អាវក្រោះ ដែល​ពើង​ទ្រូង!
កុំ​ត្រា​ប្រណី​យុវជន​របស់​ពួក​គេ!
ចូរ​បំផ្លាញ​កងទ័ព​ទាំង​មូល​របស់​ពួក​គេ
ចោល​ទៅ!»។
៤ ពួក​គេ​ដួល​ស្លាប់​នៅ​ក្នុង​ស្រុក​ខាល់ដេ
អ្នក​ដែល​គេ​ចាក់​ទម្លុះ ត្រូវ​ស្លាប់​នៅ​តាម​ដង​ផ្លូវ
ក្នុង​ក្រុង​បាប៊ីឡូន
៥ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ​ដ៏វិសុទ្ធ
នៃ​ជន​ជាតិ​អ៊ីស្រាអែល ពាសពេញ​ក្នុង​ស្រុក។
ប៉ុន្តែ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ
របស់​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា
ទ្រង់​មិន​បោះ​បង់​ចោល​ប្រជារាស្ត្រ
របស់​ព្រះអង្គ​ឡើយ។
៦ ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ!
ម្នាក់ៗ​រត់​ប្រាស​អាយុ!
មិន​គួរ​ទុក​អោយ​ខ្លួន​វិនាស​សូន្យ
ព្រោះ​តែ​កំហុស​របស់​ក្រុង​នេះ​ឡើយ!
ដ្បិត​ពេល​នេះ ជា​ពេល​ដែល​ព្រះអម្ចាស់​សងសឹក
ព្រះអង្គ​សង​ទៅ​ជន​ជាតិ​បាប៊ីឡូន​វិញ
តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត!
៧ ពី​មុន​បាប៊ីឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុង
ព្រះហស្ដ​របស់​ព្រះអម្ចាស់
ជា​ពែង​ដែល​ធ្វើ​អោយ​ផែនដី​ទាំង​មូល​ស្រវឹង
ប្រជាជាតិ​ទាំងឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះ
ហើយ​វង្វេង​វង្វាន់​ទាំង​អស់​គ្នា។
៨ រំពេច​នោះ​ស្រាប់​តែ​បាប៊ីឡូន​ធ្លាក់​ចុះ
ហើយ​បាក់​បែក​ខ្ទេចខ្ទី​អស់!
ចូរ​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​នេះ
ចូរ​យក​ថ្នាំ​មក​ព្យាបាល​ស្នាម​របួស​របស់​វា
ប្រហែល​ជា​វា​អាច​ជា​ឡើង​វិញ​បាន។
៩ ពួក​យើង​ខិតខំ​ព្យាបាល​បាប៊ីឡូន​ដែរ
តែ​វា​ពុំ​អាច​ជា​សះស្បើយ​បាន​ទេ។
ដូច្នេះ ចូរ​បោះ​បង់​ចោល​ក្រុង​នេះ
ហើយ​វិល​ទៅ​ស្រុក​របស់​យើង​រៀងៗ​ខ្លួន​វិញ
ដ្បិត​ទោស​របស់​ក្រុង​នេះ​មាន​ទំហំ​ធំ​ជាង
ផ្ទៃ​មេឃ និង​អាកាសវេហាស៍​ទៅ​ទៀត។
១០ ព្រះអម្ចាស់​រក​យុត្តិធម៌​អោយ​ពួក​យើង។
មក! យើង​នាំ​គ្នា​រៀប​រាប់​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន
អំពី​ស្នា​ព្រះហស្ដ​របស់​ព្រះអម្ចាស់
ជា​ព្រះ​នៃ​យើង។
១១ ចូរ​សំរួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់
ព្រះអម្ចាស់​មាន​គំរោងការ​កំទេច​ក្រុង​បាប៊ីឡូន
ហេតុ​នេះ​បាន​ជា​ព្រះអង្គ​ជំរុញ
ស្ដេច​ស្រុក​មេឌី​អោយ​សំរេច​ការ​នេះ
ដ្បិត​ព្រះអម្ចាស់​សងសឹក​ពួក​បាប៊ីឡូន
ព្រោះ​ពួក​គេ​កំទេច​ព្រះវិហារ​របស់​ព្រះអង្គ!
១២ ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​កំពែង​ក្រុង​បាប៊ីឡូន
ចូរ​បន្ថែម​កង​យាមល្បាត
ចូរ​ដាក់​អ្នក​យាម​អោយ​ឃ្លាំ​មើល
ចូរ​បង្កប់​ទាហាន​ចាំ​វាយ​ឆ្មក់
ដ្បិត​ព្រះអម្ចាស់​សំរេច​តាម​ផែន​ការ
ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រឆាំង
នឹង​អ្នក​ក្រុង​បាប៊ីឡូន។
១៣ អ្នក​រស់​នៅ​តាម​មាត់​ទន្លេ
ហើយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន
អ្នក​មាន​ចិត្ត​លោភលន់
តែ​ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ!
១៤ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល
យ៉ាង​ម៉ឺងម៉ាត់ ក្នុង​នាម​ព្រះអង្គ​ផ្ទាល់​ថា៖
«យើង​នឹង​នាំ​កងទ័ព​ដ៏​ច្រើន​ដូច​ហ្វូង​កណ្ដូប
មក​វាយ​លុក​អ្នក
ពួក​គេ​ស្រែក​យក​ជ័យជំនះ​លើ​អ្នក»។
១៥ ព្រះអម្ចាស់​បាន​សូន​ផែនដី
ដោយ​ឫទ្ធានុភាព​របស់​ព្រះអង្គ
ព្រះអង្គ​បាន​បង្កើត​ពិភព​លោក
ដោយ​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះអង្គ
ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
ដោយ​ព្រះតម្រិះ​របស់​ព្រះអង្គ។
១៦ ពេល​ព្រះអង្គ​បន្លឺ​ព្រះសូរសៀង
ទឹក​ទាំងឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ
ពពក​រសាត់​មក​ពី​ជើង​មេឃ
ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក
ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។
១៧ ពេល​ឃើញ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
មនុស្ស​ទាំង​អស់​បែរ​ជា​ងឿងឆ្ងល់
លែង​យល់​អ្វី​សោះ
ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង
ដោយ​បាន​ឆ្លាក់​រូប​ព្រះ​ឥត​បាន​ការ​ទាំង​នោះ
ដែល​គ្មាន​វិញ្ញាណ។
១៨ ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ
ជា​របស់​គួរ​អោយ​មើលងាយ
ដែល​នឹង​ត្រូវ​វិនាស​សូន្យ
នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស។
១៩ រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ មិន​ដូច្នោះ​ទេ
គឺ​ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់
ព្រះអង្គ​បាន​ជ្រើស​រើស​អ៊ីស្រាអែល
ធ្វើ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ
ព្រះអង្គ​មាន​នាម​ថា ព្រះអម្ចាស់​នៃ​ពិភព
ទាំង​មូល។
ចុង​បញ្ចប់​នៃ​អាណាចក្រ​បាប៊ីឡូន
២០ «បាប៊ីឡូន​អើយ
កាល​ពី​មុន​អ្នក​ប្រៀប​បាន​នឹង​ញញួរ
ជា​គ្រឿង​សស្រ្ដាវុធ
យើង​បាន​ប្រើ​អ្នក សំរាប់​វាយដំ​ប្រជាជាតិ​នានា
និង​កំទេច​នគរ​ទាំងឡាយ។
២១ យើង​បាន​ប្រើ​អ្នក​សំរាប់​កំទេច​សេះ
និង​ទាហាន​ដែល​ជិះ​នៅ​លើ​វា
យើង​បាន​ប្រើ​អ្នក សំរាប់​កំទេច
រទេះ​ចំបាំង និង​អ្នក​បរ​វា។
២២ យើង​បាន​ប្រើ​អ្នក
សំរាប់​ប្រហារ​មនុស្ស​ប្រុស​ស្រី
យើង​បាន​ប្រើ​អ្នក
សំរាប់​ប្រហារ​ចាស់ៗ និង​ក្មេងៗ
យើង​បាន​ប្រើ​អ្នក
សំរាប់​ប្រហារ​យុវជន​យុវនារី
២៣ យើង​បាន​ប្រើ​អ្នក សំរាប់​ប្រហារ​អ្នក​គង្វាល
និង​ហ្វូង​សត្វ​របស់​គេ
យើង​បាន​ប្រើ​អ្នក សំរាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែ
និង​គោ​ដែល​គេ​ទឹម
យើង​បាន​ប្រើ​អ្នក សំរាប់​ប្រហារ​ចៅហ្វាយ​ខេត្ត
និង​ទេសាភិបាល។
២៤ យើង​នឹង​សង​ទៅ​ក្រុង​បាប៊ីឡូន
និង​អ្នក​ស្រុក​ខាល់ដេ​ទាំង​អស់ តាម​អំពើ
ឃោរឃៅ​ដែល​គេ​បាន​ប្រព្រឹត្ត
ចំពោះ​ក្រុង​ស៊ីយ៉ូន
ក្រោម​ក្រសែភ្នែក​របស់​អ្នក​រាល់​គ្នា
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
២៥ បាប៊ីឡូន​អើយ យើង​នឹង​ដាក់​ទោស​អ្នក
អ្នក​ប្រៀប​បាន​នឹង​ភ្នំ​មួយ ដែល​កំទេច
ផែនដី​ទាំង​មូល
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ -
យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក
យើង​ប្រមៀល​អ្នក​ចុះ​ពី​លើ​ថ្ម​ភ្នំ
ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​ពំនូក​ភ្លើង​មួយ។
២៦ គេ​នឹង​លែង​យក​ថ្ម​គ្រឹះ​ដ៏​មាន​តម្លៃ
ឬ​ថ្ម​សំរាប់​ធ្វើ​ជា​សសរ
ចេញ​ពី​អ្នក​ទៀត​ឡើយ
ដ្បិត​អ្នក​ត្រូវ​វិនាស​ហិនហោច​រហូត​ត​ទៅ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
២៧ ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​ស្រុក​នេះ!
ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ!
ចូរ​ប្រមូល​ប្រជាជាតិ​នានា​វាយ​លុក​ក្រុង​នេះ!
ចូរ​ហៅ​នគរ​ទាំងឡាយ គឺ​នគរ​អារ៉ារ៉ាត
មិនី និង​អ័សក្នាស មក​ច្បាំង​នឹង​ក្រុង​នេះ!
ចូរ​តែងតាំង​អោយ​មាន​អ្នក​កេណ្ឌ​ទ័ព
ចូរ​បញ្ជូន​ទ័ព​សេះ​យ៉ាង​ច្រើន​កុះករ​ដូច​កណ្ដូប!
២៨ ចូរ​ប្រមូល​ប្រជាជាតិ​នានា​វាយ​លុក​ក្រុង​នេះ
ដោយ​រួម​ជា​មួយ​ស្ដេច​ស្រុក​មេឌី
ព្រម​ទាំង​ពួក​ចៅហ្វាយ​ខេត្ត ទេសាភិបាល
និង​នគរ​ចំណុះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។
២៩ ផែនដី​កក្រើក​រំពើក និង​ញាប់ញ័រ នៅ​ពេល
ដែល​ព្រះអម្ចាស់​ប្រព្រឹត្ត​ចំពោះ​ក្រុង​បាប៊ីឡូន
តាម​គំរោងការ​របស់​ព្រះអង្គ
គឺ​ធ្វើ​អោយ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន
គ្មាន​មនុស្ស​រស់​នៅ។
៣០ ពួក​ទាហាន​ដ៏​ពូកែ​របស់​ស្រុក​បាប៊ីឡូន
ឈប់​ច្បាំង ហើយ​សំងំ​នៅ​ក្នុង​បន្ទាយ។
ពួក​គេ​បាត់​បង់​សេចក្ដី​ក្លាហាន
ធ្លាក់​ខ្លួន​ខ្សោយ​ដូច​មនុស្ស​ស្រី។
ខ្មាំង​សត្រូវ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ
ហើយ​កំទេច​រនុក​ទ្វារ​របស់​ពួក​គេ​ចោល​ដែរ។
៣១ អ្នក​រត់​នាំ​គ្នា​រត់​បណ្ដាក់​គ្នា
អ្នក​នាំ​សារ​ក៏​នាំ​ដំណឹង​តៗ​គ្នា
ដើម្បី​ទៅ​ទូល​ស្ដេច​ស្រុក​បាប៊ីឡូន​ថា:
សត្រូវ​វាយ​យក​បាន​ទីក្រុង
ពី​ជាយ​ម្ខាង ទៅ​ជាយ​ម្ខាង​ទៀត។
៣២ សត្រូវ​កាន់​កាប់​ផ្លូវ​ទឹក​ទាំងឡាយ
ព្រម​ទាំង​ដុត​កំទេច​បន្ទាយ​ផង
ទាហាន​បាប៊ីឡូន​នាំ​គ្នា​ធ្លាក់​ទឹក​ចិត្ត»។
៣៣ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់
ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖
«ក្រុង​បាប៊ីឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវ
នៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់
ក្រុង​នេះ​ហើយ!»។
៣៤ ក្រុង​ស៊ីយ៉ូន​ពោល​ថា:
នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន
បាន​លេប និង​កំទេច​ខ្ញុំ
ធ្វើ​អោយ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារ
ស្ដេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំ
ស្ដេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំ
រួច​ខ្ជាក់​ខ្ញុំ​ចោល។
៣៥ អ្នក​ក្រុង​ស៊ីយ៉ូន​ពោល​ថា
សូម​អោយ​ពួក​បាប៊ីឡូន​រង​នូវ​អំពើ​ឃោរឃៅ
ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ។
អ្នក​ក្រុង​យេរូសាឡឹម​ពោល​ថា
សូម​អោយ​ពួក​ខាល់ដេ​ទទួល​ទោស
ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ខ្ញុំ។
៣៦ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់មាន​ព្រះបន្ទូល
មក​កាន់​ប្រជាជន​ក្រុង​យេរូសាឡឹម​ថា៖
«យើង​នឹង​រក​យុត្តិធម៌​អោយ​អ្នក
យើង​នឹង​សងសឹក​ជំនួស​អ្នក
យើង​នឹង​ធ្វើ​អោយ​ទន្លេ​នៅ​ក្រុង​បាប៊ីឡូន
ហួតហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។
៣៧ ក្រុង​បាប៊ីឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ
ជា​សំបុក​ឆ្កែ​ព្រៃ ធ្វើ​អោយ​ប្រជាជាតិ​ឯ​ទៀតៗ
ស្រឡាំងកាំង និង​ព្រឺ​សម្បុរ
ជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ទៀត។
៣៨ ជន​ជាតិ​បាប៊ីឡូន​នាំ​គ្នា​គ្រហឹម​ដូច​កូន​សិង្ហ
និង​ដូច​សិង្ហ​ស្ទាវ
៣៩ ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កំរិត​ហើយ
យើង​នឹង​រៀបចំ​ជប់លៀង​អោយ​ពួក​គេ
យើង​នឹង​បង្អក​ពួក​គេ​អោយ​ស្រវឹង
ទាល់​តែ​លេលា
ហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៤០ យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្តឃាត
ដូច​ពពែ និង​ចៀម។
៤១ ម្ដេច​ក៏​ក្រុង​សេសាក
ដែល​ពិភព​លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើង
ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ!
ម្ដេច​ក៏​បាប៊ីឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ក្នុង​ចំណោម​ប្រជាជាតិ​នានា​បែប​នេះ!
៤២ សមុទ្រ​ជន់​លិច​ស្រុក​បាប៊ីឡូន
ហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ស្រុក​នេះ​ដែរ!
៤៣ ក្រុង​ទាំងឡាយ​នៅ​ស្រុក​បាប៊ីឡូន
ត្រូវ​វិនាស​អន្តរាយ
ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ហួតហែង
និង​ព្រៃ​ល្បោះ
ជា​ស្រុក​ដែល​គ្មាន​នរណា​រស់​នៅ
ហើយ​ក៏​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ដែរ។
៤៤ យើង​នឹង​ដាក់​ទោស​បាល ដែល​ជា​ព្រះ​របស់
ជន​ជាតិ​បាប៊ីឡូន
អ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះ
យើង​នឹង​ទាញ​ចេញ​មក​វិញ
ប្រជាជាតិ​ទាំងឡាយ​លែង​លើក​គ្នា
ទៅ​រក​ព្រះ​នោះ​ទៀត​ហើយ
រីឯ​កំពែង​ក្រុង​បាប៊ីឡូន​ក៏​រលំ​ដែរ។
៤៥ ប្រជារាស្ត្រ​របស់​យើង​អើយ
ចូរ​នាំ​គ្នា​រត់​ចេញ​ពី​បាប៊ីឡូន
ម្នាក់ៗ​ត្រូវ​រត់​ប្រាស​អាយុ
គេច​អោយ​ផុត​ពី​កំហឹង​របស់​យើង
ចំពោះ​ក្រុង​នេះ។
៤៦ មិន​ត្រូវ​បាក់​ទឹក​ចិត្ត ហើយ​ភ័យ​ខ្លាច
ដោយ​ឮ​ពាក្យ​ចចាមអារ៉ាម​ដែល​គេ​និយាយ
ក្នុង​ស្រុក​នោះ​ឡើយ!
ដ្បិត​ឆ្នាំ​នេះ​មាន​ឮ​ពាក្យ​ចចាមអារ៉ាម​មួយ
ឆ្នាំ​ក្រោយ​មាន​ឮ​ពាក្យ​ចចាមអារ៉ាម​មួយ​ទៀត
អំពើ​ហិង្សា​នឹង​កើត​មាន​នៅ​ក្នុង​ស្រុក
ហើយ​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​នឹង​ដណ្ដើម
អំណាច​តៗ​គ្នា។
៤៧ ហេតុ​នេះ​នៅ​គ្រា​ខាង​មុខ
យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ​របស់
ស្រុក​បាប៊ីឡូន
ស្រុក​នោះ​ទាំង​មូល​នឹង​ត្រូវ​អាម៉ាស់
ហើយ​នឹង​មាន​មនុស្ស​ដួល​ស្លាប់​ដោយ​មុខ​ដាវ
ពាសពេញ​ក្នុង​ទីក្រុង។
៤៨ អ្វីៗ​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី
នឹង​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
ដោយ​បាប៊ីឡូន​រលំ
ដ្បិត​មាន​សត្រូវ​ពី​ទិស​ខាង​ជើង
មក​បំផ្លាញ​ក្រុង​នេះ!»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៤៩ បាប៊ីឡូន​បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន
នៅ​លើ​ផែនដី​ទាំង​មូល​បាត់​បង់​ជីវិត
ឥឡូវ​នេះ បាប៊ីឡូន​ក៏​ត្រូវ​បាត់​បង់​ជីវិត​ដែរ
ព្រោះ​គេ​បាន​សម្លាប់​ជន​ជាតិ​អ៊ីស្រាអែល។
៥០ អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយ
ចូរ​រត់​ទៅ​ចុះ កុំ​ឈប់​អោយ​សោះ
ចូរ​គិត​ដល់​ព្រះអម្ចាស់​ពី​ចម្ងាយ
ហើយ​នឹក​ដល់​ក្រុង​យេរូសាឡឹម​ជានិច្ច!
៥១ ពួក​យើង​ធ្លាប់​អាម៉ាស់
នៅ​ពេល​ឮ​ខ្មាំង​សត្រូវ​ជេរ​ប្រមាថ
ពួក​យើង​បាន​បាក់​មុខ
នៅ​ពេល​សាសន៍​ដទៃ​នាំ​គ្នា​ចូល​ក្នុង​ទីសក្ការៈ
នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់
៥២ «ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រា​ខាង​មុខ
យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ​របស់​ជន​ជាតិ​បាប៊ីឡូន
ហើយ​អ្នក​របួស​នឹង​ថ្ងូរ​ពាសពេញ​ក្នុង​ស្រុក​គេ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៥៣ ទោះ​បី​បាប៊ីឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃ
ទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្ដី
ក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​អោយ​នាំ​គ្នា​មក
ប្រហារ​ក្រុង​នេះ​ដែរ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៥៤ មាន​សំរែក​លាន់​ឮ​ឡើង​ពី​ក្រុង​បាប៊ីឡូន
ហើយ​សំឡេង​មហន្តរាយ​លាន់​ឮ​ឡើង
ពី​ស្រុក​ខាល់ដេ
៥៥ ដ្បិត​ព្រះអម្ចាស់​កំទេច​ក្រុង​បាប៊ីឡូន
ព្រះអង្គ​ធ្វើ​អោយ​សំរែក​លាន់​ឮ​ក្នុង​ក្រុង​នេះ
ប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំ
កងទ័ព​ដែល​មាន​សូរ​សន្ធឹក​ដូច​មហា​សាគរ
នាំ​គ្នា​វាយ​លុក​ក្រុង​នេះ​ដោយ​សំរែក
ទ្រហឹង​អឺងអាប់។
៥៦ ពិត​មែន​ហើយ មេ​បំផ្លាញ​មក​វាយ​លុក
ក្រុង​បាប៊ីឡូន
ទាហាន​ដ៏​អង់អាច​របស់​ក្រុង​នេះ
ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង
ធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់។
ព្រះអម្ចាស់​ជា​ព្រះ​ដែល​តែងតែ​សង​ទៅ​មនុស្ស
តាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។
៥៧ «យើង​នឹង​បង្អក​មន្ត្រី អ្នក​ប្រាជ្ញ ចៅហ្វាយ​ខេត្ត ទេសាភិបាល និង​ទាហាន​ដ៏​អង់អាច​របស់​ពួក​គេ​អោយ​ស្រវឹង។ ពួក​គេ​ដេក​លក់​រហូត​លែង​ភ្ញាក់​ទៀត» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះមហាក្សត្រ​ដែល​មាន​នាម​ថា​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។ ៥៨ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖
«កំពែង​ដ៏​ស្កឹមស្កៃ​របស់​ក្រុង​បាប៊ីឡូន
បាក់​បែក​រហូត​ដល់​គ្រឹះ
ទ្វារ​ដ៏​ខ្ពស់ៗ​ក៏​ឆេះ​អស់
គឺ​ស្នាដៃ​ដែល​ប្រជាជន​ទាំងឡាយ
បាន​ធ្វើ​ក្លាយ​ជា​អសារបង់
អ្វីៗ​ដែល​ប្រជាជាតិ​នានា​ខំ​ប្រឹង​ធ្វើ
ក្លាយ​ទៅ​ជា​ចំណី​ភ្លើង»។
៥៩ នេះ​ជា​សេចក្ដី​ដែល​ព្យាការី​យេរេមា បង្គាប់​ដល់​លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​នេរីយ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេយ៉ា នៅ​ពេល​ដែល​គាត់​ទៅ​ស្រុក​បាប៊ីឡូន ជា​មួយ​ព្រះបាទ​សេដេគា នៅ​ឆ្នាំ​ទី​បួន​ក្នុង​រជ្ជកាល​របស់​ស្ដេច​នេះ។ កាល​នោះ​លោក​សេរ៉ាយ៉ា​មាន​មុខ​តំណែង​ជា​មេ​លើ​ពួក​មហាតលិក។ ៦០ លោក​យេរេមា​សរសេរ​អំពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ស្រុក​បាប៊ីឡូន​ទុក​ក្នុង​ក្រាំង​មួយ គឺ​ព្រះបន្ទូល​ទាំង​អស់​ស្ដី​អំពី​ស្រុក​បាប៊ីឡូន ដូច​មាន​ចែង​ទុក​ខាង​លើ​នេះ​ស្រាប់។ ៦១ លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សេរ៉ាយ៉ា​ថា៖ «ពេល​លោក​ទៅ​ដល់​បាប៊ីឡូន​លោក​ត្រូវ​អាន​សេចក្ដី​ទាំង​នេះ ៦២ រួច​ពោល​ថា: បពិត្រ​ព្រះអម្ចាស់ គឺ​ព្រះអង្គ​ផ្ទាល់​ដែល​មាន​ព្រះបន្ទូល​ថា ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ លែង​មាន​មនុស្ស មាន​សត្វ​រស់​នៅ​ទៀត​ហើយ គឺ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ ៦៣ ពេល​លោក​អាន​សេចក្ដី​ក្នុង​ក្រាំង​នេះ​ចប់ សូម​ចង​ភ្ជាប់​នឹង​ថ្ម​មួយ​ដុំ រួច​យក​ទៅ​ទម្លាក់​នៅ​កណ្ដាល​ទន្លេ​អឺប្រាត។ ៦៤ បន្ទាប់​មក សូម​ប្រកាស​ថា: ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​លិច​លង់​ដូច្នេះ​ដែរ គឺ​ក្រុង​នេះ​រង​ទុក្ខ​លំបាក​ដែល​ព្រះអម្ចាស់​ធ្វើ​អោយ​កើត​មាន​ដល់​ពួក​គេ​ពួក​គេ​នឹង​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ»។
ពាក្យ​របស់​លោក​យេរេមា​ចប់​តែ​ត្រឹម​ណេះ។