១ ឥឡូវ​នេះ សូម​លោក​ស្រែក​ចុះ
ក្រែង​លោ​មាន​នរណា​ម្នាក់
ឆ្លើយ​តប​មក​លោក។
តើ​លោក​អាច​ហៅ​ទេវតា​ណា​មួយ
អោយ​មក​ជួយ​បាន?
២ ការ​មួម៉ៅ រមែង​សម្លាប់​មនុស្ស​ល្ងីល្ងើ
ការ​ក្ដៅ​ក្រហាយ​ក៏​រមែង​ធ្វើ​អោយ
មនុស្ស​ចោលម្សៀត​បាត់​បង់​ជីវិត​ដែរ។
៣ ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងីល្ងើ​ចំរុង​ចំរើន
ប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសា​ផ្ទះ​របស់​គេ​ថា:
៤ សូម​កុំ​អោយ​កូន​ចៅ​របស់​គេ​មាន​ទី​ពឹង​ពាក់
ហើយ​កុំ​អោយ​មាន​នរណា​ការពារ​គេ
នៅ​ពេល​ចៅក្រម​ដាក់​ទោស។
៥ សូម​អោយ​មនុស្ស​អត់​បាយ​នាំ​គ្នា​មក
ដណ្ដើម​យក​ភោគផល​របស់​គេ
ទោះ​បី​មាន​បន្លា​ជុំវិញ​ចំការ​ក៏​ដោយ។
សូម​អោយ​មនុស្ស​ស្រេក​ឃ្លាន​នាំ​គ្នា​មក
រឹប​អូស​យក​ទ្រព្យសម្បត្តិ​របស់​គេ។
៦ អំពើ​ទុច្ចរិត​មិន​មែន​ដុះ​ចេញ​ពី​ធូលី​ដី​ទេ
ហើយ​ទុក្ខ​វេទនា​ក៏​មិន​មែន​ដុះ​ចេញ​ពី​ដី​ដែរ។
៧ មនុស្ស​កើត​មក ដើម្បី​រង​ទុក្ខ​វេទនា
ដូច​ផ្កា​ភ្លើង​ខ្ទាត​ឡើង​ទៅ​ក្នុង លំហ​អាកាស​ដែរ។
៨ ប្រសិន​បើ​ខ្ញុំ​មាន​ទុក្ខ​ដូច​លោក​វិញ
ខ្ញុំ​នឹង​ស្រែក​អង្វរ​ព្រះជាម្ចាស់
ខ្ញុំ​លើក​យក​រឿង​ហេតុ​របស់​ខ្ញុំ
មក​ទូល​ថ្វាយ​ព្រះអង្គ។
៩ ព្រះអង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ រក​ស្វែង​យល់​មិន​បាន
ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ
មាន​ចំនួន​ច្រើន​ឥត​គណនា។
១០ ព្រះអង្គ​ធ្វើ​អោយ​ភ្លៀង​បង្អុរ​មក​លើ​ផែនដី
និង​ប្រទាន​អោយ​មាន​ទឹក​ស្រោច​ស្រព​ស្រែ​ចំការ។
១១ ព្រះអង្គ​លើក​មនុស្ស​ទន់ទាប​ឡើង
ហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​កាន់​ទុក្ខ។
១២ ព្រះអង្គ​រំលាយ​គំរោងការ​មនុស្ស​មាន​ល្បិច
មិន​អោយ​គេ​សំរេច​គំរោងការ​របស់​ខ្លួន​បាន​ឡើយ។
១៣ ព្រះអង្គ​ធ្វើ​អោយ​អ្នក​ប្រាជ្ញ
ធ្លាក់​ក្នុង​ល្បិច​កិច្ចកល​របស់​ខ្លួន
ហើយ​ធ្វើ​អោយ​យោបល់​ដ៏​ប៉ិនប្រសប់
របស់​ពួក​គេ ប្រែ​ជា​ឥត​បាន​ការ។
១៤ នៅ​ពេល​ថ្ងៃ​ពួក​គេ​ជំពប់​ជើង
ដូច​ដើរ​នៅ​ពេល​យប់​ងងឹត
ហើយ​ពួក​គេ​ដើរ​ស្ទាបៗ
នៅ​កណ្ដាល​ថ្ងៃ​ត្រង់
ដូច​ដើរ​នៅ​ពេល​យប់​ដែរ។
១៥ ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​ជន​ទុគ៌ត
អោយ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូម
និង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។
១៦ ព្រះអង្គ​ប្រទាន​សេចក្ដី​សង្ឃឹម
ដល់​មនុស្ស​ទន់​ខ្សោយ
តែ​ព្រះអង្គ​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។
១៧ ហេតុ​នេះ​អ្នក​ដែល​ត្រូវ​ព្រះជាម្ចាស់​ស្ដី​ប្រដៅ
ពិត​ជា​មាន​សុភមង្គល​មិន​ខាន។
មិន​ត្រូវ​មាក់ងាយ​ការ​ស្ដី​បន្ទោស​របស់​ព្រះ
ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ឡើយ។
១៨ ព្រះជាម្ចាស់​ធ្វើ​អោយ​ឈឺ​ចាប់
តែ​ព្រះអង្គ​នឹង​ព្យាបាល​ឡើង​វិញ
ព្រះអង្គ​ធ្វើ​អោយ​របួស
តែ​ព្រះអង្គ​នឹង​ព្យាបាល​មុខ​របួស​នេះ
ដោយ​ព្រះហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។
១៩ ព្រះអង្គ​ជួយ​លោក​អោយ​រួច​ពី​ទុក្ខ​កង្វល់
ចំនួន​ប្រាំ​មួយ​ដង
តែ​នៅ​គ្រា​ទី​ប្រាំពីរ ការ​អាក្រក់​នឹង​ពុំ​អាច
កើត​មាន​ដល់​លោក​ទេ។
២០ នៅ​ពេល​កើត​ទុរ្ភិក្ស
ព្រះអង្គ​រំដោះ​លោក​ពី​សេចក្ដី​ស្លាប់
ហើយ​នៅ​ពេល​កើត​សង្គ្រាម
ព្រះអង្គ​រំដោះ​លោក​ពី​មុខ​ដាវ។
២១ ព្រះអង្គ​នឹង​ការពារ​លោក​ពី​ពាក្យ
បរិហារ​របស់​អ្នក​ដទៃ
ហើយ​លោក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្តរាយ
ដែល​កើត​ឡើង​ដែរ។
២២ លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខ
មហន្តរាយ ការ​អត់​ឃ្លាន
សត្វ​សាហាវ​មិន​ធ្វើ​អោយ​លោក​ភ័យ​ខ្លាច។
២៣ ស្រែ​ចំការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្ម
ហើយ​គ្មាន​សត្វ​សាហាវ​មក​យាយី​លោក​ទេ។
២៤ លោក​នឹង​បាន​សុខសាន្ត​នៅ​ក្នុង
ទី​លំនៅ​របស់​លោក
ហើយ​ពេល​លោក​មើល​ទៅ​ហ្វូង​សត្វ
ក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។
២៥ លោក​នឹង​ឃើញ​ពូជពង្ស​របស់​លោក
កើន​ចំនួន​ច្រើន​ឡើង
កូន​ចៅ​របស់​លោក​កើន​ចំនួន
ដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។
២៦ លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់
ហើយ​លា​ចាក​លោក​នេះ​ទៅ
ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចំរូត។
២៧ យើង​បាន​សង្កេត​មើល​ហេតុការណ៍​ទាំង​នេះ
ហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន។
ហេតុ​នេះ​ចូរ​ត្រងត្រាប់​ស្ដាប់
ហើយ​យក​ជា​មេ​រៀន​ចុះ!»។