១០
ព្រះជាម្ចាស់​អោយ​ខ្ញុំ​កើត​មក ដើម្បី​បំផ្លាញ​ខ្ញុំ
១ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់!
ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញត្អែរ
របស់​ខ្ញុំ​បាន​ទៀត​ទេ
ខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។
២ ខ្ញុំ​នឹង​ទូល​ព្រះជាម្ចាស់​ថា:
សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ!
សូម​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ផង​ថា
តើ​ព្រះអង្គ​មាន​មូល​ហេតុ​អ្វី
ចោទ​ប្រកាន់​ទូលបង្គំ?
៣ តើ​មាន​ប្រយោជន៍​អ្វី
បាន​ជា​ព្រះអង្គ​សង្កត់សង្កិន​ទូលបង្គំ
ហើយ​បោះ​បង់​ចោល​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
រួច​បែរ​ជា​ជួយ​ជ្រោមជ្រែង​ផែន​ការ
របស់​មនុស្ស​អាក្រក់​ទៅ​វិញ?
៤ តើ​ព្រះអង្គ​មាន​ព្រះនេត្រ ហើយ​ទត​មើល
តាម​របៀប​ដូច​មនុស្ស​លោក​ដែរ​ឬ?
៥ តើ​ចំនួន​ថ្ងៃ​របស់​ព្រះអង្គ​ដូច​ចំនួន​ថ្ងៃ
របស់​មនុស្ស​លោក
ហើយ​ចំនួន​ឆ្នាំ​របស់​ព្រះអង្គ ក៏​ដូច​ជា​ចំនួន​ឆ្នាំ
របស់​មនុស្ស​លោក​ដែរ​ឬ
៦ បាន​ជា​ព្រះអង្គ​ស្វែង​រក​កំហុស​របស់​ទូលបង្គំ
ហើយ​រុករក​អំពើ​បាប​របស់​ទូលបង្គំ​ដូច្នេះ?
៧ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា
ទូលបង្គំ​គ្មាន​កំហុស​អ្វី​ទេ
ហើយ​ក៏​គ្មាន​នរណា​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត
ពី​ព្រះហស្ដ​របស់​ព្រះអង្គ​បាន​ដែរ។
៨ ព្រះអង្គ​បាន​សូន​ទូលបង្គំ និង​បង្កើត​ទូលបង្គំ
ដោយសារ​ព្រះហស្ដ​របស់​ព្រះអង្គ​ផ្ទាល់
តែ​ព្រះអង្គ​បែរ​ចង់​រំលាយ​ទូលបង្គំ​ទៅ​វិញ!
៩ សូម​នឹក​ចាំ​ផង​ថា ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ
ដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។
តើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​ទូលបង្គំ
ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?
១០ ព្រះអង្គ​បាន​សូន​ទូលបង្គំ
និង​អោយ​ទូលបង្គំ​ចំរើន​ធំ​ឡើង
ក្នុង​ផ្ទៃ​ម្ដាយ។
១១ ព្រះអង្គ​បំពាក់​ស្បែក និង​សាច់
ពាសពេញ​រូប​កាយ​ទូលបង្គំ
ព្រះអង្គ​បង្កើត​ឆ្អឹង និង​សរសៃ​អោយ​ទូលបង្គំ។
១២ ព្រះអង្គ​ប្រទាន​ជីវិត និង​សំដែង​ព្រះហឫទ័យ
មេត្តា​ករុណា​ចំពោះ​ទូលបង្គំ
ព្រះអង្គ​ថែរក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។
១៣ ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗ
ដែល​ព្រះអង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះហឫទ័យ
១៤ គឺ​ព្រះអង្គ​ឃ្លាំ​មើល​ទូលបង្គំ
ក្រែង​លោ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប
ហើយ​ព្រះអង្គ​មិន​ព្រម​លើកលែង​ទោស
អោយ​ទូលបង្គំ​ទាល់​តែ​សោះ។
១៥ ប្រសិន​បើ​ទូលបង្គំ​មាន​ទោស
នោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន!
ប្រសិន​បើ​ទូលបង្គំ​សុចរិត
នោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ
ទូលបង្គំ​ត្រូវ​អាម៉ាស់
ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។
១៦ ប្រសិន​បើ​ទូលបង្គំ​ហ៊ាន​ងើប​មុខ
ព្រះអង្គ​នឹង​ដេញ​តាម​ទូលបង្គំ​ដូច​សត្វ​សិង្ហ
ព្រះអង្គ​នឹង​សំដែង​ការ​អស្ចារ្យ​ផ្សេងៗ
ប្រហារ​ទូលបង្គំ​ថែម​ទៀត។
១៧ ព្រះអង្គ​ចេះ​តែ​រក​មូល​ហេតុ​ថ្មីៗ
មក​ចោទ​ប្រកាន់​ទូលបង្គំ
ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ទូលបង្គំ
កាន់​តែ​ខ្លាំង​ឡើងៗ
ព្រះអង្គ​ប្រើ​កង​កម្លាំង​ថ្មីៗ​វាយ​លុក​ទូលបង្គំ។
១៨ ព្រះអង្គ​អោយ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី?
បើ​ទូលបង្គំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ
នោះ​គ្មាន​នរណា​ឃើញ​ទេ។
១៩ បើ​គេ​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ
នោះ​ទូលបង្គំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។
២០ អាយុ​ជីវិត​របស់​ទូលបង្គំ​ជិត​ផុត​ហើយ
សូម​ឈប់​វាយ​ប្រហារ​ទូលបង្គំ
សូម​យាង​ចាក​ចេញ​ពី​ទូលបង្គំ​ទៅ
ដើម្បី​អោយ​ទូលបង្គំ​មាន​ពេល​ល្ហែ​បន្តិច
២១ មុន​នឹង​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ងងឹត
ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ឥត​វិល​ត្រឡប់​វិញ​ឡើយ។
២២ ស្ថាន​នោះ​ងងឹត​ជាង​ភាព​អន្ធការ​ទៅ​ទៀត
ជា​កន្លែង​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ជា​កន្លែង​ដែល​គ្មាន​របៀប​រៀប​រយ
ហើយ​សូម្បី​តែ​ពន្លឺ​នៅ​ទី​នោះ​ក៏​ងងឹត​ដែរ»។