១១
ប្រសាសន៍​របស់​លោក​សូផារ: សូម​វិល​មក​រក​ព្រះជាម្ចាស់​វិញ!
១ លោក​សូផារ ជា​អ្នក​ស្រុក​ណាអាម៉ា ឆ្លើយ​ឡើង​ថា៖
២ «តើ​យើង​គួរ​នៅ​ស្ងៀម
មិន​ឆ្លើយ​តប​នឹង​ពាក្យពេចន៍​ដ៏​ច្រើន​នេះ​ឬ?
សំដី​របស់​អ្នក​ពូកែ​វោហារ
មិន​មែន​ធ្វើ​អោយ​ខ្លួន​បាន​សុចរិត​ទេ។
៣ ពាក្យ​ព្រោកប្រាជ្ញ​របស់​លោក
មិន​អាច​ធ្វើ​អោយ​មនុស្សម្នា​នៅ​ស្ងៀម​ឡើយ។
បើ​លោក​មើលងាយ​គេ
គេ​ក៏​ធ្វើ​អោយ​លោក​អាម៉ាស់​មុខ​វិញ​ដែរ។
៤ លោក​មាន​ប្រសាសន៍​ថា:
“អ្វីៗ​ដែល​ទូលបង្គំ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ
ទូលបង្គំ​ជា​មនុស្ស​បរិសុទ្ធ
ដូច​ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ”។
៥ ខ្ញុំ​បន់​អោយ​តែ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល
គឺ​សូម​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​លោក
ផ្ទាល់​តែ​ម្ដង។
៦ សូម​ព្រះអង្គ​ថ្លែង​ប្រាប់​លោក​ពី​អាថ៌កំបាំង
នៃ​ព្រះប្រាជ្ញាញាណ​របស់​ព្រះអង្គ
ដែល​ខ្ពស់​លើស​ការ​យល់​ដឹង​របស់​មនុស្ស
ពេល​នោះ លោក​នឹង​ដឹង​ថា
ព្រះជាម្ចាស់​បំភ្លេច​ចោល​នូវ​កំហុស​មួយ​ផ្នែក​របស់​លោក។
៧ តើ​លោក​អាច​ស្វែង​យល់​ជំរៅ​ព្រះហឫទ័យ
របស់​ព្រះជាម្ចាស់
ឬ​ស្គាល់​លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ
នៃ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​បាន​ឬ​ទេ?
៨ លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ
ខ្ពស់​លើស​ផ្ទៃ​មេឃ
ហើយ​ជ្រៅ​ជាង​ស្ថាន​មនុស្ស​ស្លាប់​ទៅ​ទៀត
ដែល​លោក​មិន​អាច​ធ្វើ ឬ​យល់​បាន​ឡើយ។
៩ លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ​ធំ​ជាង​ផែនដី
ហើយ​ទូលាយ​ជាង​សមុទ្រ​ទៅ​ទៀត។
១០ បើ​ព្រះអង្គ​យាង​មក​ចាប់​អ្នក​មាន​ទោស
នាំ​ទៅ​តុលា​ការ
តើ​នរណា​អាច​ជំទាស់​នឹង​ព្រះអង្គ​បាន?
១១ ព្រះជាម្ចាស់​ស្គាល់​មនុស្ស​ឥត​បាន​ការ​យ៉ាង​ច្បាស់
ព្រះអង្គ​ទត​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ
ដោយ​មិន​បាច់​ពិចារណា​វែង​ឆ្ងាយ។
១២ មនុស្ស​ល្ងីល្ងើ​ប្រែ​ទៅ​ជា​មាន​ប្រាជ្ញា
លុះ​ត្រា​ណា​តែ​សេះ​ដុះ​ស្នែង​។
១៣ ចំណែក​ឯ​លោក​វិញ
ប្រសិន​បើ​លោក​បែរ​ចិត្ត​រក​ព្រះជាម្ចាស់
ហើយ​លើក​ដៃ​អង្វរ​ករ​ព្រះអង្គ
១៤ ប្រសិន​បើ​លោក​បោះ​បង់​ចោល​អំពើ​អាក្រក់
ដែល​លោក​ប្រព្រឹត្ត
ហើយ​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​លំនៅ​របស់​លោក
១៥ នោះ​លោក​នឹង​អាច​ងើប​មុខ​ឡើង​វិញ​បាន
ព្រោះ​លោក​គ្មាន​កំហុស​ទៀត​ទេ
លោក​នឹង​បាន​រឹងប៉ឹង ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។
១៦ លោក​នឹង​ភ្លេច​អស់​នូវ​ទុក្ខ​កង្វល់
ដូច​ទឹក​ដែល​ហូរ​បាត់​ទៅ
គឺ​លោក​នឹង​មិន​នឹក​ចាំ​ទៀត​ទេ។
១៧ ជីវិត​របស់​លោក​នឹង​បាន​ភ្លឺ​ជាង​ពន្លឺ​ព្រះអាទិត្យ
នៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ទៀត
ហើយ​ភាព​ងងឹត​ប្រៀប​ដូច​ជា​ពេល​អរុណរះ។
១៨ លោក​នឹង​មិន​បារម្ភ​អ្វី​សោះ​ឡើយ
ព្រោះ​លោក​មាន​សង្ឃឹម។
លោក​លែង​អាម៉ាស់
ហើយ​លោក​នឹង​សម្រាន្ដ​យ៉ាង​សុខ​ស្រួល។
១៩ ពេល​លោក​សំរាក
គ្មាន​នរណា​មក​រំខាន​លោក​ឡើយ។
មនុស្ស​ជា​ច្រើន​នឹង​កោត​សរសើរ​លោក។
២០ ចំណែក​ឯ​មនុស្ស​អាក្រក់​វិញ
ភ្នែក​របស់​ពួក​គេ​នឹង​ងងឹត​ទៅៗ
ពួក​គេ​រក​ទី​ពឹង​ពុំ​បាន​ឡើយ
ពួក​គេ​មាន​សង្ឃឹម​តែ​មួយ គឺ​ការ​ផុត​ដង្ហើម»។