៣០
ទុក្ខ​លំបាក​របស់​លោក​យ៉ូប
១ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្មេង​ជាង​ខ្ញុំ
សើច​ចំអក​អោយ​ខ្ញុំ!
ឪពុក​របស់​អ្នក​ទាំង​នោះ
សុទ្ធ​តែ​ជា​មនុស្ស​ប្រើ​ការ​មិន​កើត
សូម្បី​តែ​ប្រើ​អោយ​កៀង​ហ្វូង​សត្វ
ជា​មួយ​ឆ្កែ​របស់​ខ្ញុំ ក៏​ខ្ញុំ​មិន​ទុក​ចិត្ត​ដែរ។
២ អ្នក​ទាំង​នោះ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ទេ
ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​បាក់​កម្លាំង។
៣ ដោយ​ខ្វះ​ខាត និង​ឃ្លាន​ខ្លាំង​ពេក
ពួក​គេ​រត់​ទៅ​វាល​ហួតហែង ដែល​ជា​ទី​ស្មសាន
រាំង​ស្ងួត​តាំង​ពី​យូរយារ​មក​ហើយ។
៤ ពួក​គេ​បោច​ស្លឹក​ឈើ​នៅ​តាម​គុម្ពោត
យក​មក​ធ្វើ​ជា​អាហារ
សូម្បី​តែ​មើម​ក្ដួច ក៏​ពួក​គេ​បរិភោគ​ដែរ។
៥ មនុស្សម្នា​ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ទី​ប្រជុំ​ជន
ហើយ​ស្រែក​ពី​ក្រោយ ដូច​ស្រែក​ដេញ​ចោរ។
៦ ពួក​គេ​នាំ​គ្នា​រត់​ទៅ​ស្នាក់​អាស្រ័យ
នៅ​តាម​ជ្រលង​ភ្នំ​ដ៏​ចង្អៀត​គួរ​ព្រឺ​ខ្លាច
និង​នៅ​តាម​រូង​ភ្នំ តាម​ក្រហែង​ថ្ម។
៧ ពួក​គេ​ស្រែក​នៅ​ក្នុង​គុម្ពោត​ព្រៃ ដូច​សត្វ​ធាតុ
ហើយ​ប្រជ្រៀត​គ្នា​នៅ​ក្រោម​ដើម​ផ្អាវ។
៨ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ដឹង​ខ្យល់​ឥត​ពូជ ឥត​អំបូរ
ហើយ​ត្រូវ​ប្រជាជន​ដេញ​ចេញ​ពី​ស្រុក។
៩ ប៉ុន្តែ ឥឡូវ​នេះ ពួក​គេ​បែរ​ជា​នាំ​គ្នា
ច្រៀង​ឡកឡឺយ និង​និយាយ​បន្តុះបង្អាប់​ខ្ញុំ។
១០ ពួក​គេ​ខ្ពើម​ខ្ញុំ ហើយ​ដើរ​វាង​ឆ្ងាយ​ពី​ខ្ញុំ
ពួក​គេ​មិន​ញញើត​នឹង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ​ឡើយ។
១១ ព្រះជាម្ចាស់​ធ្វើ​អោយ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ
ព្រះអង្គ​បន្ទាប​បន្ថោក​ខ្ញុំ
ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើលងាយ​ខ្ញុំ
តាម​ចិត្ត​របស់​ពួក​គេ។
១២ ជន​ពាល​ជា​ច្រើន​ប្រហារ​ខ្ញុំ​ពី​ខាង​ស្ដាំ
ពួក​គេ​ទាត់​ជើង​ខ្ញុំ
ហើយ​សង្គ្រប់​មក​លើ​ខ្ញុំ ដើម្បី​កំទេច​ខ្ញុំ។
១៣ ពួក​គេ​ឃាំង​ផ្លូវ​ខ្ញុំ មិន​អោយ​រត់​រួច
ពួក​គេ​ប្រាថ្នា​ធ្វើ​អោយ​ខ្ញុំ​វិនាស
ដោយ​មិន​បាច់​មាន​នរណា​ជួយ​ពួក​គេ​ឡើយ។
១៤ ពួក​គេ​លើក​គ្នា​សំរុក​មក​លើ​ខ្ញុំ
ដូច​កងទ័ព​ទម្លុះ​កំពែង
សំរុក​ចូល​វាយ​ក្រុង​មួយ។
១៥ ការ​ភ័យ​តក់ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំ
កិត្តិយស​ដ៏​រុងរឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់
ភាព​ចំរុង​ចំរើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។
១៦ ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់
គ្មាន​អ្វី​សំរាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។
១៧ នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំ
ឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ
១៨ ការ​ឈឺ​ចាប់​នេះ​មាន​កំរិត​ខ្លាំង​ពេក
រហូត​ដល់​ធ្វើ​អោយ​ទក់​សម្លៀកបំពាក់​របស់​ខ្ញុំ
ហើយ​រឹតរួត​ខ្ញុំ ដូច​ក​អាវ​រឹត​ក​ខ្ញុំ។
១៩ ព្រះជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំ
ខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។
២០ ទូលបង្គំ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ
តែ​ព្រះអង្គ​មិន​ឆ្លើយ​មក​ទូលបង្គំ​ទេ
ពេល​ទូលបង្គំ​ក្រោក​ឈរ
ព្រះអង្គ​គ្រាន់​តែ​សម្លឹង​មក​ទូលបង្គំ​ប៉ុណ្ណោះ។
២១ ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​យ៉ាង​ឃោរឃៅ
ព្រះអង្គ​ប្រហារ​ទូលបង្គំ​ដោយ​ឫទ្ធិបារមី
ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។
២២ ព្រះអង្គ​លើក​ទូលបង្គំ​ឡើង
ហើយ​អោយ​ខ្យល់​ផាត់​ទូលបង្គំ​យក​ទៅ
ព្រម​ទាំង​អោយ​ខ្យល់​ព្យុះ​បក់​បោក
មក​លើ​ទូលបង្គំ​ផង។
២៣ ទូលបង្គំ​ដឹង​ហើយ​ថា​ព្រះអង្គ​នាំ​ទូលបង្គំ
ទៅ​រក​សេចក្ដី​ស្លាប់
គឺ​នៅ​កន្លែង​ដែល​មនុស្ស​លោក​ទៅ​ជួបជុំ​គ្នា។
២៤ អ្នក​ដែល​កំពុង​តែ​វិនាស និង​មាន​អាសន្ន
តែងតែ​លើក​ដៃ​អង្វរ​អោយ​គេ​ជួយ។
២៥ ចំពោះ​ខ្ញុំ​វិញ តើ​ខ្ញុំ​មិន​បាន​សំរក់​ទឹក​ភ្នែក
រួម​ជា​មួយ​នរណា​ម្នាក់​ជួប​ទុក្ខ​លំបាក
ហើយ​ព្រួយ​ចិត្ត ដោយ​ឃើញ​នរណា​ម្នាក់
កំសត់​ទុគ៌ត​ទេ​ឬ?
២៦ ខ្ញុំ​សង្ឃឹម​ថា​បាន​សុភមង្គល
តែ​ទុក្ខ​វេទនា​បែរ​ជា​កើត​មាន​ដល់​ខ្ញុំ
ខ្ញុំ​ទន្ទឹង​រង់ចាំ​ពន្លឺ តែ​សេចក្ដី​ងងឹត​បែរ​ជា
កើត​មាន​ដល់​ខ្ញុំ​ទៅ​វិញ។
២៧ ចិត្ត​របស់​ខ្ញុំ​តប់ប្រមល់​ឥត​ឈប់​ឈរ
ទុក្ខ​លំបាក​កើត​មាន​ដល់​ខ្ញុំ​រៀង​រាល់​ថ្ងៃ។
២៨ មុខ​ខ្ញុំ​ឡើង​ខ្មៅ
តែ​មិន​មែន​ដោយសារ​កំដៅ​ថ្ងៃ​ទេ
ខ្ញុំ​ក្រោក​ឈរ​នៅ​ទី​ប្រជុំ​ជន
ស្រែក​ហៅ​គេ​អោយ​ជួយ។
២៩ ខ្ញុំ​បាន​ក្លាយ​មក​ជា​បង​ប្អូន​របស់​ឆ្កែ​ព្រៃ
និង​ជា​មិត្ត​សម្លាញ់​របស់​ខ្លែងស្រាក។
៣០ ស្បែក​របស់​ខ្ញុំ​ឡើង​ខ្មៅ
គ្រុន​ក្ដៅ​ឆាបឆេះ​រហូត​ដល់​ឆ្អឹង​របស់​ខ្ញុំ។
៣១ ពិណ​របស់​ខ្ញុំ​លេង​បាន​តែ​បទ​ទំនួញ
សំឡេង​ប៉ី​របស់​ខ្ញុំ​បាន​ត្រឹម​តែ​កំដរ
អស់​អ្នក​ដែល​យំ​កាន់​ទុក្ខ​ប៉ុណ្ណោះ។