ថ្ងៃ​របស់​ព្រះអម្ចាស់
១ ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន!
ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ
របស់​ព្រះជាម្ចាស់!
ចូរ​អោយ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់!
ដ្បិត​ថ្ងៃ​របស់​ព្រះអម្ចាស់​កំពុង​តែ​មក
ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។
២ ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ
ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។
ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើសលប់
ប្រៀប​បាន​នឹង​កងទ័ព​ខ្លាំង​ពូកែ
កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ
ចាំង​មក​លើ​ភ្នំ។
តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ
ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ
ក៏​មិន​មាន​ទៀត​ដែរ។
៣ នៅ​ពី​មុខ​ពួក​វា​មាន​ដូច​ជា​ភ្លើង​ឆាបឆេះ
នៅ​ពី​ក្រោយ​មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែល
ឆេះ​បំផ្លាញ​ទាំង​អស់
នៅ​មុខ​ពួក​វា​ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែន
លុះ​ពួក​វា​ឆ្លង​ផុត​ស្រុក​នោះ​ប្រៀប​ដូច​ជា
វាល​រហោស្ថាន​ដ៏​ហួតហែង
គឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។
៤ ពួក​វា​ប្រៀប​បី​ដូច​ជា​ទ័ព​សេះ
ពួក​វា​បោល​ទៅ​មុខ​ដូច​កងពល​សេះ
៥ សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចំបាំង
ដែល​បោះពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។
សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាបឆេះ​ចំបើង។
ពួក​វា​ប្រៀប​បី​ដូច​ជា​កងទ័ព​ដ៏​ខ្លាំង​ពូកែ
តំរៀប​គ្នា​ចូល​ប្រយុទ្ធ។
៦ ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វា
មនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេកស្លាំង។
៧ ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់អាច
ពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចំបាំង​ដ៏​ពូកែ
ម្នាក់ៗ​សំរុក​ទៅ​មុខ
ដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។
៨ គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ
គឺ​ម្នាក់ៗ​សំរុក​ទៅ​មុខ​យ៉ាង​ត្រង់
ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំងឡាយ
ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។
៩ ពួក​វា​សំរុក​ចូល​ទៅ​ក្នុង​ទីក្រុង
រត់​នៅ​លើ​កំពែង​ក្រុង
ឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានា
ដូច​ចោរ​ចូល​លួច។
១០ ផែនដី​ញ័រ​នៅ​មុខ​ពួក​វា
ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក
ព្រះអាទិត្យ និង​ព្រះច័ន្ទ​បាត់​រស្មី
ហើយ​ផ្កាយ​ទាំងឡាយ​នឹង​លែង​មាន​ពន្លឺ។
១១ ព្រះអម្ចាស់​ចេញ​បញ្ជា​ទៅ​កងទ័ព​របស់​ព្រះអង្គ
ដែល​មាន​ចំនួន​ច្រើន​លើសលប់ និង​ខ្លាំង​ពូកែ។
ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ
ដ្បិត​ថ្ងៃ​របស់​ព្រះអម្ចាស់​ជា​ថ្ងៃ​ដ៏​មហិមា
និង​គួរ​អោយ​ស្ញែង​ខ្លាច
គ្មាន​នរណា​អាច​ទ្រាំទ្រ​បាន​ឡើយ។
ការ​កែ​ប្រែ​ចិត្ត​គំនិត ដោយ​តម​អាហារ
១២ «ឥឡូវ​នេះ​ចូរ​នាំ​គ្នា​វិល​មក​រក​យើង
ដោយ​ស្មោះ​អស់​ពី​ចិត្ត
ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១៣ ចូរ​កែ​ប្រែ​ចិត្ត​គំនិត
កុំ​ហែក​តែ​សម្លៀកបំពាក់​ប៉ុណ្ណោះ!
ចូរ​វិល​មក​រក​ព្រះអម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ
ដ្បិត​ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស
ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិតអាសូរ
ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់
ពោរពេញ​ដោយ​ព្រះហឫទ័យ​មេត្តាករុណា
ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​ដាក់​ទោស​ទេ។
១៤ ដូច្នេះ ប្រហែល​ជា​ព្រះអង្គ​លែង​ដាក់​ទោស
អ្នក​រាល់​គ្នា
ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ
គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ
ស្រា​ទំពាំងបាយជូរ និង​ប្រេង
ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
១៥ ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន!
ចូរ​ធ្វើ​ពិធី​តម​អាហារ​ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ
ហើយ​ប្រកាស​ពិធី​បុណ្យ​យ៉ាង​ឱឡារិក!
១៦ ចូរ​ហៅ​ប្រជាជន​មក​ជួបជុំ​គ្នា
ជា​អង្គ​ប្រជុំ​ដ៏វិសុទ្ធ
ចូរ​ប្រមូល​ពួក​ចាស់​ទុំ​អោយ​មក​ជួបជុំ​គ្នា
ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង
សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​អោយ​វា​មក​ដែរ!
ចូរ​អោយ​គូ​ស្វាមី​ភរិយា​ថ្មោងថ្មី​ចេញ​ពី​បន្ទប់!
១៧ ចូរ​អោយ​ក្រុម​បូជាចារ្យ ជា​អ្នក​បំរើ​ព្រះអម្ចាស់
នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ
និង​អាសនៈ ទាំង​ពោល​ថា:
ព្រះអម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ
ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផង!
សូម​កុំ​បណ្ដោយ​អោយ​ប្រជាជាតិ​ដទៃ
ប្រមាថ​មាក់ងាយ និង​ចំអក​ដាក់​ប្រជារាស្ត្រ
របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ។
សូម​កុំ​បណ្ដោយ​អោយ​ជាតិ​សាសន៍​ទាំងឡាយ
ពោល​ថា “តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា”?។
ព្រះបន្ទូល​សន្យា
១៨ ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​ស្រឡាញ់​ស្រុក
របស់​ព្រះអង្គ​ខ្លាំង​ណាស់
ព្រះអង្គ​អាណិតអាសូរ​ប្រជាជន​របស់​ព្រះអង្គ។
១៩ ព្រះអម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូលអង្វរ
របស់​ពួក​គេ
ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ពួក​គេ​ថា: «មើល៍!
យើង​នឹង​ផ្ដល់​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី
និង​ប្រេង​អោយ​អ្នក​រាល់​គ្នា
អ្នក​រាល់​គ្នា​នឹង​បាន​សម្បូណ៌​ហូរហៀរ
យើង​នឹង​មិន​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​អោយ
ប្រជាជាតិ​ដទៃ​ប្រមាថ​មាក់ងាយ​ឡើយ។
២០ យើង​បណ្ដេញ​ខ្មាំង​សត្រូវ​ដែល​មក​ពី​ស្រុក
ខាង​ជើង​អោយ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា
យើង​នឹង​កំចាត់​ពួក​គេ​អោយ​ទៅ​នៅ
វាល​រហោស្ថាន​ដ៏​ស្ងួត​ហួតហែង។
យើង​នឹង​បោះ​ជួរ​ទ័ព​របស់​គេ​ដែល​នៅ​ខាង​មុខ
ទៅ​ក្នុង​សមុទ្រ​ខាង​កើត
ហើយ​ជួរ​ទ័ព​ដែល​នៅ​ខាង​ក្រោយ
ទៅ​ក្នុង​សមុទ្រ​ខាង​លិច។
សាកសព​របស់​ពួក​គេ​នឹង​ចោល​ក្លិន​អសោច
ក្លិន​គំរង់​របស់​ពួក​គេ​ក៏​សាយ​ឡើង​ដែរ
ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃផ្សៃ​បំផុត»។
២១ ទឹក​ដី​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី
ចូរ​ត្រេក​អរ​សប្បាយ​រីករាយ​ឡើង
ដ្បិត​ព្រះអម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​បំផុត!
២២ សត្វ​ព្រៃ​ទាំងឡាយ​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី
ដ្បិត​វាល​ស្មៅ​នឹង​មាន​ស្មៅ​ដុះ​ខៀវ​ខ្ចី​ឡើង​វិញ
ដើម​ឈើ​នឹង​មាន​ផ្លែ
ហើយ​ដើម​ឧទុម្ពរ និង​ចំការ​ទំពាំងបាយជូរ
ក៏​បង្កើត​ភោគផល​ឡើង​វិញ​ដែរ។
២៣ អ្នក​រាល់​គ្នា​ជា​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​អរ​សប្បាយ​រីករាយ​ឡើង
ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ!
ព្រះអង្គ​បង្អុរ​ភ្លៀង​មក​អោយ​អ្នក​រាល់​គ្នា
តាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ
ដូច​កាល​ពី​មុន​ដែរ។
២៤ លាន​បោក​ស្រូវ នឹង​មាន​ពោរពេញ​ដោយ
ស្រូវ​ឡើង​វិញ
ហើយ​ពាង​ក៏​មាន​ស្រា​ទំពាំងបាយជូរ​ថ្មី
និង​ប្រេង ពេញ​ហូរហៀរ​ឡើង​វិញ​ដែរ។
២៥ រីឯ​ភោគផល​របស់​អ្នក​រាល់​គ្នា
ខាត​បង់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល
យើង​ចាត់​ហ្វូង​កណ្ដូប ចង្រិត ដង្កូវ និង​ក្រា
ដូច​កងទ័ព​មួយ​យ៉ាង​ធំ អោយ​មក​ស៊ី​បង្ហិន
យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ។
២៦ អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ
យ៉ាង​ឆ្អែត​បរិបូណ៌
រួច​អ្នក​រាល់​គ្នា​លើក​តម្កើង​ព្រះនាម​ព្រះអម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ
សំរាប់​អ្នក​រាល់​គ្នា។
ពេល​នោះ ប្រជារាស្ត្រ​របស់​យើង
នឹង​លែង​អាម៉ាស់​មុខ​ទៀត​ហើយ។
២៧ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
យើង​គង់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល
យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ទេ
ពេល​នោះ ប្រជាជន​របស់​យើង
នឹង​លែង​អាម៉ាស់​ទៀត​ហើយ។
ព្រះអម្ចាស់​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​លើ​មនុស្ស​ទាំង​អស់
២៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
ក្រោយ​មក​ទៀត
យើង​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​របស់​យើង
មក​លើ​មនុស្ស​លោក​ទាំង​អស់។
កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
នឹង​ថ្លែង​ព្រះបន្ទូល
ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិននិមិត្ត
ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។
២៩ ក្រោយ​មក​សូម្បី​តែ​អ្នក​បំរើ​ប្រុស​ស្រី
ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​របស់​យើង
ទៅ​លើ​ពួក​គេ​ដែរ។
៣០ យើង​នឹង​សំដែង​ឫទ្ធិបាដិហារិយ៍
នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី
គឺ​មាន​ឈាម មាន​ភ្លើង និង​កំសួល​ផ្សែង។
៣១ ពេល​ថ្ងៃ​របស់​ព្រះអម្ចាស់​មក​ដល់
គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គឧត្ដម គួរ​អោយ​ស្ញែង​ខ្លាច
ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី
ព្រះច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។
៣២ ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះនាម
ព្រះអម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។
នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូសាឡឹម
អ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្តរាយ
ដូច​ព្រះអម្ចាស់​បាន​សន្យា​ទុក។
អស់​អ្នក​ដែល​ព្រះអម្ចាស់​ត្រាស់​ហៅ
នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។