យញ្ញបូជា​រំដោះ​បាប​របស់​មហា​បូជាចារ្យ
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ ២ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​បទ​បញ្ជា​ណា​មួយ​ដែល​ព្រះអម្ចាស់​ហាម​ឃាត់ ត្រូវ​ធ្វើ​ដូច​ត​ទៅ:
៣ ប្រសិន​បើ​មហា​បូជាចារ្យ*​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្ដាល​អោយ​ប្រជាជន​ទាំង​មូល​មាន​ទោស នោះ​លោក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះអម្ចាស់ ជា​យញ្ញបូជា​រំដោះ​បាប។ ៤ លោក​នាំ​គោ​ស្ទាវ​នោះ​មក​ថ្វាយ​ព្រះអម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ៥ លោក​មហា​បូជាចារ្យ​ត្រូវ​យក​ឈាម​គោ ចូល​មក​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ៦ រួច​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំពីរ​ដង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​ខាង​មុខ​វាំងនន​ទីសក្ការៈ។ ៧ លោក​យក​ឈាម​នោះ​ទៅ​លាប​លើ​ស្នែង​អាសនៈ​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញបូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ៨ លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​ឈ្មោល ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប​នោះ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះវៀន ៩ ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ ១០ បូជាចារ្យ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ​ថ្វាយ​យញ្ញបូជា ដូច​គេ​ដុត​ចំណែក​របស់​យញ្ញបូជា​មេត្រីភាព​ដែរ។ ១១ រីឯ​ស្បែក​គោ សាច់​ទាំង​អស់ ក្បាល ជើង ពោះវៀន និង​លាមក ១២ ពោល​គឺ​គោ​ទាំង​មូល​ត្រូវ​យក​ចេញ​ទៅ​ក្រៅ​ជំរំ ត្រង់​កន្លែង​បរិសុទ្ធ សំរាប់​ចាក់​ផេះ ហើយ​ដុត​វា​នៅ​លើ​អុស​ដែល​កំពុង​ឆេះ ត្រង់​កន្លែង​ចាក់​ផេះ​នោះ»។
យញ្ញបូជា​រំដោះ​បាប​របស់​សហគមន៍
១៣ «ប្រសិន​បើ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា ហើយ​ក្រុមជំនុំ​មិន​បាន​ដឹង គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ដែល​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ១៤ នៅ​ពេល​សហគមន៍​ដឹង​ពី​កំហុស​របស់​ខ្លួន ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​ទៅ​ថ្វាយ​ព្រះអម្ចាស់ ជា​យញ្ញបូជា​រំដោះ​បាប​នៅ​មុខ​ពន្លា​ជួប​ព្រះអម្ចាស់។ ១៥ អស់​លោក​ព្រឹទ្ធាចារ្យ*​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​ព្រឹទ្ធាចារ្យ​មួយ​រូប​ចាក់​ក​វា​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ១៦ លោក​មហា​បូជាចារ្យ*​យក​ឈាម​គោ​បា​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ១៧ លោក​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំពីរ​ដង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ខាង​មុខ​វាំងនន។ ១៨ លោក​យក​ឈាម​នោះ​លាប​លើ​ស្នែង​អាសនៈ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញបូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។
១៩ លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​បា​ដុត​នៅ​លើ​អាសនៈ។ ២០ លោក​ធ្វើ​ពិធី​ថ្វាយ​យញ្ញបូជា​គោ​បា​នេះ ដូច​លោក​ធ្វើ​ចំពោះ​គោ​បា​សំរាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជាជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។ ២១ បន្ទាប់​មក លោក​យក​គោ​បា​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​ដុត​វា ដូច​ដុត​គោ​សំរាប់​រំដោះ​បាប​ដែរ។ នេះ​ជា​យញ្ញបូជា​រំដោះ​បាប​របស់​សហគមន៍​អ៊ីស្រាអែល»។
យញ្ញបូជា​រំដោះ​បាប​របស់​មេ​ដឹក​នាំ
២២ «ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​គាត់ ដែល​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ២៣ នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ព្រះអម្ចាស់។ ២៤ គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញបូជា​រំដោះ​បាប។ ២៥ លោក​បូជាចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​សត្វ ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ ២៦ លោក​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​ដែរ។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។
យញ្ញបូជា​រំដោះ​បាប​របស់​ប្រជាជន​ធម្មតា
២៧ ប្រសិន​បើ​ប្រជាជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ដែល​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ២៨ នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​សូម​អោយ​រួច​ពី​បាប។ ២៩ គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប រួច​ចាក់​ក​វា នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ ៣០ លោក​បូជាចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ ៣១ លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​អោយ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។
៣២ ប្រសិន​បើ​អ្នក​នោះ​ចង់​ថ្វាយ​ចៀម​ជា​តង្វាយ​រំដោះ​បាប គេ​ត្រូវ​ថ្វាយ​ចៀម​ញី​ល្អ​ឥត​ខ្ចោះ។ ៣៣ គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប រួច​ចាក់​ក​វា​នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ ៣៤ លោក​បូជាចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប រួច​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ ៣៥ លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម ដែល​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះអម្ចាស់។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។