ព្រះបន្ទូល​ព្រមាន​ពួក​បូជាចារ្យ
១ «ពួក​បូជាចារ្យ​អើយ
ឥឡូវ​នេះ យើង​ព្រមាន​អ្នក​រាល់​គ្នា​ដូច​ត​ទៅ:
២ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង
ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់
លើក​តម្កើង​សិរីរុងរឿង​នាម​របស់​យើង​ទេ
យើង​នឹង​ធ្វើ​អោយ​សេចក្ដី​វេទនា​កើត​មាន
ក្នុង​ចំណោម​អ្នក​រាល់​គ្នា។
យើង​នឹង​ធ្វើ​អោយ​ពរ​របស់​អ្នក​រាល់​គ្នា
ក្លាយ​ទៅ​ជា​បណ្ដាសា
មែន​ហើយ យើង​ធ្វើ​អោយ​ពរ​របស់​អ្នក​រាល់​គ្នា
ក្លាយ​ទៅ​ជា​បណ្ដាសា
ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់
នឹង​ពាក្យ​របស់​យើង​ទេ។
៣ យើង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា
យើង​នឹង​ដាក់​ទោស​ពូជពង្ស​របស់​អ្នក​រាល់​គ្នា
យើង​នឹង​ជះ​លាមក​លើ​មុខ​អ្នក​រាល់​គ្នា
គឺ​លាមក​សត្វ​ដែល​អ្នក​រាល់​គ្នា​សម្លាប់​ធ្វើ
យញ្ញបូជា​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។
គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅ
ជា​មួយ​លាមក​សត្វ​នោះ​ដែរ។
៤ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
យើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នា
ដើម្បី​អោយ​សម្ពន្ធមេត្រី ដែល​យើង​ចង​ជា​មួយ
កុលសម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់វង្ស
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
នៃ​ពិភព​ទាំង​មូល។
៥ សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​លេវី​នោះ
គឺ​យើង​ផ្ដល់​ជីវិត និង​សេចក្ដី​សុខសាន្ត​ដល់​គេ
ហើយ​អោយ​គេ​គោរព​កោត​ខ្លាច​នាម​យើង
និង​ភ័យ​ញាប់ញ័រ​នៅ​ចំពោះ​មុខ​យើង។
៦ គេ​បង្រៀន​ក្រឹត្យវិន័យ​ដ៏​ត្រឹម​ត្រូវ
ហើយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត​ទេ។
គេ​រស់​នៅ​ជា​មួយ​យើង​ដោយ​សុខសាន្ត
និង​ដោយ​ទៀង​ត្រង់
ព្រម​ទាំង​ណែនាំ​មនុស្ស​ជា​ច្រើន
អោយ​ងាក​ចេញ​ពី​អំពើ​អាក្រក់។
៧ ពាក្យ​សំដី​របស់​បូជាចារ្យ​បង្រៀន​មនុស្ស
អោយ​ស្គាល់​ព្រះជាម្ចាស់
ហើយ​ក្រឹត្យវិន័យ​ក៏​ហូរ​ចេញ​ពី​មាត់​បូជាចារ្យ​ដែរ
ព្រោះ​គាត់​ជា​អ្នក​នាំ​ព្រះបន្ទូល​របស់
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។
៨ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ
ពី​មាគ៌ា​នេះ
ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា
បាន​នាំ​មនុស្ស​ជា​ច្រើន​អោយ​វង្វេង។
អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធមេត្រី
ដែល​យើង​បាន​ចង​ជា​មួយ​កុលសម្ព័ន្ធ​លេវី
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
នៃ​ពិភព​ទាំង​មូល។
៩ ដូច្នេះ យើង​នឹង​អោយ​ប្រជាជន​ទាំង​មូល
ប្រមាថ​មាក់ងាយ បន្តុះបង្អាប់​អ្នក​រាល់​គ្នា
ដ្បិត​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​មាគ៌ា​របស់​យើង​ទេ
ហើយ​អ្នក​រាល់​គ្នា​បង្រៀន​ក្រឹត្យវិន័យ​ដល់​ប្រជាជន
ដោយ​រើស​មុខ»។
ការ​ក្បត់​នឹង​សម្ពន្ធមេត្រី តាម​របៀប​ពីរ​យ៉ាង
១០ ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់
ហើយ​ព្រះជាម្ចាស់​ដែល​បង្កើត​ពួក​យើង​មក
ក៏​មាន​តែ​មួយ​ព្រះអង្គ​ដែរ
ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា
ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធមេត្រី
ដែល​ព្រះជាម្ចាស់​បាន​ចង​ជា​មួយ
បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?
១១ ជន​ជាតិ​យូដា​បាន​ក្បត់​នឹង​សម្ពន្ធមេត្រី​នេះ
ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នៅ
ស្រុក​អ៊ីស្រាអែល និង​នៅ​ក្រុង​យេរូសាឡឹម។
យូដា​បាន​ប្រមាថ​ទីសក្ការៈ​របស់​ព្រះអម្ចាស់
ជា​កន្លែង​ដែល​ព្រះអង្គ​ស្រឡាញ់
គឺ​ពួក​គេ​រៀបការ​ជា​មួយ​ស្ត្រី
ដែល​ថ្វាយបង្គំ​ព្រះ​ដទៃ។
១២ សូម​ព្រះអម្ចាស់​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ
ចេញ​ពី​ចំណោម​ពូជពង្ស​របស់​លោក​យ៉ាកុប
ហើយ​កុំ​អោយ​គេ​មាន​កូន​ចៅ
ដើម្បី​ចូល​រួម​ថ្វាយ​តង្វាយ​ដល់
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។
១៣ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត
គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សំរក់​ទឹក​ភ្នែក
ជោក​អាសនៈ​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ព្រោះ​ព្រះអង្គ​លែង​រវីរវល់​នឹង​តង្វាយ
របស់​អ្នក​រាល់​គ្នា
ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​អ្វីៗ​ដែល
អ្នក​រាល់​គ្នា​យក​មក​ថ្វាយ​ទេ។
១៤ អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?”
គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀបការ
ដោយ​យក​ព្រះអម្ចាស់​ធ្វើ​សាក្សី។
នាង​ជា​គូស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នក
តែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។
១៥ តើ​ព្រះអម្ចាស់​មិន​បាន​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ
អោយ​ទៅ​ជា​រូប​កាយ​តែ​មួយ
មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ?
ព្រះអង្គ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី?
គឺ​អោយ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ
ដែល​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់។
ហេតុ​នេះ​ចូរ​កាន់​ចិត្ត​គំនិត​អោយ​បាន​ល្អ
គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា
ដែល​ខ្លួន​បាន​រៀបការ​តាំង​ពី​ក្មេង​នោះ​ឡើយ។
១៦ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល
មាន​ព្រះបន្ទូល​ថា ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ
នឹង​ការ​លែងលះ​គ្នា​ទេ
ហើយ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​អ្នក​ដែល​ប្រព្រឹត្ត
អំពើ​ឃោរឃៅ​បែប​នេះ
ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ!
ហេតុ​នេះ​ចូរ​កាន់​ចិត្ត​គំនិត​អោយ​បាន​ល្អ
មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។
ថ្ងៃ​ព្រះអម្ចាស់​វិនិច្ឆ័យ​ទោស​ជិត​មក​ដល់​ហើយ
១៧ អ្នក​រាល់​គ្នា​ធ្វើ​អោយ​ព្រះអម្ចាស់​នឿយ​ណាយ
ព្រោះ​តែ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា
តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង
មាន​ធ្វើ​អ្វី​អោយ​ព្រះអង្គ​នឿយហត់?”
គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:
“អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់
អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះភក្ត្រ
របស់​ព្រះអម្ចាស់
ដ្បិត​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស
បែប​នេះ!”
ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា:
“តើ​ព្រះ​ដែល​វិនិច្ឆ័យ ដោយ​យុត្តិធម៌
នៅ​ឯ​ណា?”។