២៤
ព្រះយេស៊ូ​ប្រកាស​អំពី​ការ​បំផ្លាញ​ព្រះវិហារ*
(ម៉ាកុស ១៣:១-២ លូកា ២១:៥-៦)
១ ពេល​នោះ ព្រះយេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ពួក​សិស្ស​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះវិហារ ថ្វាយ​ព្រះអង្គ​ទត។ ២ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ!»។
ហេតុការណ៍​នៅ​គ្រា​ចុង​ក្រោយ
(ម៉ាកុស ១៣:៣-១៣ លូកា ២១:៧-១៩)
៣ កាល​ព្រះយេស៊ូ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស*​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​អោយ​យើង​ខ្ញុំ​ដឹង​ផង ហេតុការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សំគាល់​អោយ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​ព្រះអង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?»។ ៤ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​អោយ​វង្វេង​បាន​ឡើយ ៥ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ​ដោយ​ពោល​ថាៈ “ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ*”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​អោយ​វង្វេង។ ៦ អ្នក​រាល់​គ្នា​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា មាន​សង្គ្រាម​ផ្ទុះ​ឡើង​ហើយ។ កុំ​ជ្រួលច្របល់​ឡើយ ដ្បិត​ហេតុការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​អវសានកាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។ ៧ ប្រជាជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត​។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែនដី។ ៨ ប៉ុន្តែ ហេតុការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់ ដើម​ដំបូង​របស់​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន។
៩ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ​ទោស ព្រម​ទាំង​អោយ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ១០ នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។ ១១ ព្យាការី*​ក្លែងក្លាយ​ជា​ច្រើន​នឹង​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​អោយ​វង្វេង។ ១២ អំពើ​ទុច្ចរិត​នឹង​រីក​ចំរើន​ឡើង​ជា​ខ្លាំង បណ្ដាល​អោយ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​មួយ​ចំនួន​ធំ ត្រូវ​ធ្លាក់​ចុះ​អន់ថយ។ ១៣ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ ១៤ គេ​នឹង​ប្រកាស​ដំណឹងល្អ*​អំពី​ព្រះរាជ្យ*​នេះ ពាសពេញ​សកល​លោក​ទាំង​មូល ទុក​ជា​សក្ខីភាព​ដល់​ជាតិ​សាសន៍​ទាំង​អស់។ ពេល​នោះ ទើប​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។
គ្រា​មាន​ទុក្ខ​លំបាក
(ម៉ាកុស ១៣:១៤-២៣ លូកា ២១:២០-២៤)
១៥ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​ តាំង​នៅ​ក្នុង​ទីសក្ការៈ ដូច​ព្យាការី​ដានីយ៉ែល​បាន​ថ្លែង​ទុក (សូម​អោយ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ!) ១៦ ពេល​នោះ អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ ១៧ រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ឡើយ ១៨ ហើយ​អ្នក​ដែល​នៅ​ឯ​ចំការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ ១៩ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​មុខ​ជា​ត្រូវ​វេទនា​ពុំខាន។ ២០ ចូរ​ទូលអង្វរ​ព្រះជាម្ចាស់ សូម​កុំ​អោយ​អ្នក​រាល់​គ្នា​ត្រូវ​រត់​ភៀស​ខ្លួន​នៅ​រដូវ​ត្រជាក់ ឬ​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ២១ ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ ២២ ប្រសិន​បើ​ព្រះជាម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះអង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគយល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។
២៣ ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះគ្រិស្ដ*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ ២៤ ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះគ្រិស្ដ ព្រម​ទាំង​មាន​ព្យាការី*​ក្លែងក្លាយ នាំ​គ្នា​សំដែង​ទី​សំគាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អោយ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ ២៥ ខ្ញុំ​និយាយ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​អោយ​ហើយ។
២៦ បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះអង្គ​នៅ​វាល​រហោស្ថាន​ឯណោះ!” កុំ​ចេញ​ទៅ​តាម​គេ​ឡើយ ឬ​មួយ​បើ​គេ​ថា “ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ឯណេះ!” ក៏​កុំ​ជឿ​ពាក្យ​គេ​ដែរ ២៧ ដ្បិត​បុត្រ​មនុស្ស*​នឹង​យាង​មក ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺឆ្វាច ឆូត​កាត់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។ ២៨ សាកសព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ​»។
បុត្រ​មនុស្ស​នឹង​យាង​មក
(ម៉ាកុស ១៣:២៤-២៧ លូកា ២១:២៥-២៨)
២៩ «លុះ​គ្រា​ដែល​មាន​ទុក្ខ​វេទនា​នេះ​កន្លង​ផុត​ទៅ ភ្លាម​នោះ ព្រះអាទិត្យ​នឹង​បាត់​រស្មី ព្រះច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ។ រីឯ​ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ អំណាច​នានា​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក ៣០ ពេល​នោះ ទី​សំគាល់​របស់​បុត្រ​មនុស្ស*​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុលសម្ព័ន្ធ*​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​យំ​គក់​ទ្រូង គេ​នឹង​ឃើញបុត្រ​មនុស្ស​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ​ ប្រកប​ដោយ​ឫទ្ធានុភាព និង​សិរីរុងរឿង​ដ៏​អស្ចារ្យ។ ៣១ ពេល​នោះ មាន​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង លោក​ក៏​ចាត់​ពួក​ទេវតា*​របស់​លោក​អោយ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង»។
ព្រះបន្ទូល​អំពី​ដើម​ឧទុម្ពរ
(ម៉ាកុស ១៣:២៨-៣១ លូកា ២១:២៩-៣៣)
៣២ «ចូរ​អ្នក​រាល់​គ្នា​យក​ប្រស្នា*​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។ ៣៣ ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិការណ៍​ទាំង​អស់​នោះ​កើត​ឡើង​ត្រូវ​ដឹង​ថា បុត្រ​មនុស្ស​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។ ៣៤ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ក្នុង​ពេល​ដែល​មនុស្ស​ជំនាន់​នេះ មាន​ជីវិត​នៅ​ឡើយ។ ៣៥ ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។
ការ​ត្រៀម​ខ្លួន​រង់ចាំ​ទទួល​ព្រះគ្រិស្ដ
(ម៉ាកុស ១៣:៣២-៣៧ លូកា ១៧:២៦-៣០, ៣៤-៣៦)
៣៦ «រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា*​នៅ​ស្ថាន​បរមសុខ* ឬ​ព្រះបុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះបិតា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ ៣៧ នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​សម័យ​លោក​ណូអេ​ដែរ ៣៨ គឺ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្សម្នា​តែងតែ​នាំ​គ្នា​ស៊ី​ផឹក រៀបការ​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។ ៣៩ គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។ ៤០ បើ​មាន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​ក្នុង​ចំការ​ជា​មួយ​គ្នា ព្រះជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​អោយ​នៅ។ ៤១ បើ​មាន​ស្ដ្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះជាម្ចាស់​នឹង​យក​ម្នាក់​ទៅ​ទុក​ម្នាក់​ទៀត​អោយ​នៅ។ ៤២ ដូច្នេះ ចូរ​ប្រុង​ស្មារតី​អោយ​មែន​ទែន ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះអម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ ៤៣ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំខាន មិន​បណ្ដោយ​អោយ​ចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​បាន​ឡើយ។ ៤៤ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។
ប្រស្នា​អំពី​អ្នក​បំរើ​ស្មោះ​ត្រង់ និង​អ្នក​បំរើ​មិន​ស្មោះ​ត្រង់
(លូកា ១២:៤១-៤៨)
៤៥ «បើ​អ្នក​បំរើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​អ្នក​បំរើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បំរើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​អោយ​គេ តាម​ពេល​កំណត់​ពុំខាន។ ៤៦ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បំរើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បំរើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល​ហើយ។ ៤៧ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​គាត់​មើល​ខុស​ត្រូវ លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ ៤៨ ផ្ទុយ​ទៅ​វិញ បើ​អ្នក​បំរើ​នោះ​មាន​ចិត្ត​អាក្រក់​ហើយ​គិត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” ៤៩ គាត់​វាយ​អ្នក​បំរើ​ឯ​ទៀតៗ​ព្រម​ទាំង​ទៅ​ស៊ី​ផឹក​ជា​មួយ​អ្នក​ប្រមឹក។ ៥០ ពេល​ម្ចាស់​វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បំរើ​នោះ​មិន​បាន​រង់ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង ៥១ លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​អោយ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​មាន​ពុតត្បុត​ដែរ គឺ​អោយ​ទៅ​នៅ​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ»។