១ ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ!
ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក
បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ
ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំងបាយជូរ
ក្រោយ​រដូវ​ផ្លែ​ទំពាំងបាយជូរ​ទុំ
គឺ​គ្មាន​ផ្លែ​ទំពាំងបាយជូរ​សោះ
ហើយ​សូម្បី​តែ​ឧទុម្ពរ*​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត
ក៏​គ្មាន​ដែរ។
២ នៅ​ក្នុង​ស្រុក គ្មាន​សល់​មនុស្ស​ណា​ម្នាក់
ដែល​ស្មោះ​ត្រង់​នឹង​ព្រះជាម្ចាស់
ហើយ​ក៏​គ្មាន​សល់​មនុស្ស​សុចរិត​ដែរ
គឺ​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ពួន​ស្ទាក់
ចាំ​ប្រហារ​ជីវិត​គ្នា
ម្នាក់ៗ​គិត​តែ​ពី​រក​ឧបាយកល​ធ្វើ​បាប
បង​ប្អូន​របស់​ខ្លួន។
៣ ពួក​គេ​ពូកែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ណាស់
ទាំង​មេ​ដឹក​នាំ​ទាំង​ចៅក្រម នាំ​គ្នា​ស៊ី​សំណូក។
អ្នក​ធំ​មាន​ចិត្ត​លោភលន់ ហើយ​ឃុបឃិត​គ្នា
ប្រព្រឹត្ត​តាម​បំណង​របស់​ខ្លួន។
៤ ក្នុង​ចំណោម​ពួក​គេ
អ្នក​ដែល​ល្អ​ជាង​គេ ប្រៀប​បាន​នឹង​ខ្ញែ
អ្នក​សុចរិត​ជាង​គេ ប្រៀប​បាន​នឹង​គុម្ព​បន្លា។
ប៉ុន្តែ ថ្ងៃ​ដែល​ព្រះអម្ចាស់​ដាក់​ទោស​ពួក​គេ
មក​ដល់​ហើយ
គឺ​ថ្ងៃ​ដែល​ពួក​ព្យាការី ជា​អ្នក​យាមល្បាត
បាន​ប្រកាស​ទុក។
ឥឡូវ​នេះ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។
៥ កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិសន្ដាន
សូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នក
ក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។
៦ កូន​ប្រុស​ជេរ​ប្រទេច​ឪពុក
កូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយ
កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក
ហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា
នឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។
សេចក្ដី​សង្ឃឹម​របស់​ប្រជាជន
៧ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សម្លឹង​មើល​ទៅ​ព្រះអម្ចាស់
ខ្ញុំ​សង្ឃឹម​លើ​ព្រះជាម្ចាស់
ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ
ព្រះ​របស់​ខ្ញុំ មុខ​ជា​សណ្ដាប់​ពាក្យ​ខ្ញុំ​ពុំខាន។
៨ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​អើយ!
កុំ​អាល​អរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ដួល​ដូច្នេះ!
ខ្ញុំ​ពិត​ជា​ដួល​មែន
តែ​ខ្ញុំ​នឹង​ងើប​ឡើង​វិញ​ពុំខាន។
ទោះ​បី​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ក្ដី
ក៏​ព្រះអម្ចាស់​ជា​ពន្លឺ​របស់​ខ្ញុំ​ដែរ។
៩ ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ព្រះពិរោធ​របស់​ព្រះអម្ចាស់
ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់
ទាស់​នឹង​ព្រះហឫទ័យ​ព្រះអង្គ។
គង់​តែ​មាន​ថ្ងៃ​ណា​មួយ
ព្រះអង្គ​នឹង​ការពារ​ក្ដី​របស់​ខ្ញុំ
ហើយ​រក​យុត្តិធម៌​អោយ​ខ្ញុំ​មិន​ខាន។
ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺ
ខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។
១០ សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ
គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើ​ព្រះអម្ចាស់
ជា​ព្រះ​របស់​អ្នក ទៅ​ណា​បាត់​ហើយ?”
ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង
គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី
ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។
១១ នៅ​ថ្ងៃ​ដែល​គេ​សង់​កំពែង​ក្រុង
របស់​អ្នក​ឡើង​វិញ
ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​កាន់​តែ​ឆ្ងាយ។
១២ នៅ​ថ្ងៃ​នោះ​ប្រជាជន​របស់​អ្នក
នឹង​វិល​មក​រក​អ្នក​វិញ
ពី​ស្រុក​អាស្ស៊ីរី និង​ស្រុក​អេស៊ីប
ចាប់​ពី​ទន្លេ​នីល​រហូត​ដល់​ទន្លេ​អឺប្រាត
ចាប់​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង
ចាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត។
១៣ ផែនដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់
នៅ​លើ​ផែនដី។
១៤ ព្រះអម្ចាស់​អើយ សូម​ថែរក្សា
ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ
ដូច​គង្វាល​ធ្លាប់​ថែរក្សា​ហ្វូង​សត្វ​របស់​ខ្លួន។
យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះអង្គ
រស់​នៅ​លើ​ទឹក​ដី​គ្មាន​ជីជាតិ
ដែល​មាន​ចំការ​ព័ទ្ធ​ជុំវិញ។
សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែង
ដែល​មាន​ជីជាតិ​ល្អ​នៅ​ស្រុក​បាសាន
និង​ស្រុក​កាឡាដ ដូច​ដើម​វិញ។
១៥ សូម​សំដែង​ព្រះបារមី​ដ៏​រុងរឿង​អស្ចារ្យ ដូច
កាល​ព្រះអង្គ​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។
១៦ ប្រជាជាតិ​នានា​នឹង​ឃើញ ហើយ​ត្រូវ​អាម៉ាស់
ទោះ​បី​គេ​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្ដី។
ពួក​គេ​ងឿងឆ្ងល់​ពេក រក​និយាយ​មិន​រួច
ហើយ​ស្ដាប់​អ្វី​ក៏​លែង​ឮ​ដែរ។
១៧ ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់
និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។
ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រក​ព្រះអម្ចាស់
ជា​ព្រះ​នៃ​យើង ដោយ​ភ័យ​ញ័រ
ពួក​គេ​នឹង​ភ័យ​តក់ស្លុត ហើយ​ខ្លាច​ព្រះអង្គ។
១៨ បពិត្រ​ព្រះអម្ចាស់! តើ​មាន​ព្រះ​ណា
ដែល​មាន​ព្រះហឫទ័យ​សប្បុរស​ដូច​ព្រះអង្គ?
ព្រះអង្គ​លើកលែង​ទោស​អោយ​យើង​ខ្ញុំ
ព្រះអង្គ​មិន​ពិរោធ​រហូត​ឡើយ។
ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់
ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែល​នៅ​សេសសល់
ហើយ​ព្រះអង្គ​ប្រណីសន្ដោស​ដល់​ពួក​គេ។
១៩ ព្រះអង្គ​មុខ​ជា​អាណិតអាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មី
ព្រះអង្គ​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេ
ព្រះអង្គ​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មាន
របស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។
២០ ព្រះអង្គ​នឹង​សំដែង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ
ដល់​កូន​ចៅ​របស់​លោក​យ៉ាកុប
ហើយ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា
ដល់​កូន​ចៅ​របស់​លោក​អប្រាហាំ
ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស
របស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។