៣៥
ក្រុង​របស់​ពួក​លេវី
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ ដូច​ត​ទៅ៖ ២ «ចូរ​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ប្រគល់​ទីក្រុង ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន អោយ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​ដី​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ​អោយ​ពួក​លេវី​ដែរ។ ៣ ដូច្នេះ ពួក​គេ​នឹង​មាន​ក្រុង​សំរាប់​រស់​នៅ ហើយ​មាន​ដី​សំរាប់​ហ្វូង​សត្វ និង​សំរាប់​សត្វ​ពាហនៈ​ឯ​ទៀតៗ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ។ ៤ ចូរ​វាស់​ដី​ជុំវិញ​ទីក្រុង​ប្រគល់​អោយ​ពួក​គេ ដោយ​គិត​ចាប់​ពី​កំពែង​ក្រុង​ចេញ​ទៅ​ក្រៅប្រវែង​មួយ​ពាន់​ហត្ថ។ ៥ រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទីក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ​ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំវិញ​ក្រុង​របស់​ពួក​គេ ហើយ​ទីក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។ ៦ ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អោយ​ពួក​លេវី មាន​ក្រុង​សំរាប់​ជា​ជំរក​ដល់​អ្នក​ដែល​សម្លាប់​គេ ចំនួន​ប្រាំ​មួយ និង​ក្រុង​ឯ​ទៀតៗ​ចំនួន​សែសិប​ពីរ។ ៧ សរុប​ចំនួន​ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អោយ​ពួក​លេវី មាន​ទាំង​អស់​សែសិប​ប្រាំ​បី ព្រម​ទាំង​ដី​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ​ផង។ ៨ កុលសម្ព័ន្ធ​នីមួយៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ប្រគល់​ក្រុង​អោយ​ពួក​លេវី​ច្រើន ឬ​តិច តាម​ទំហំ​ទឹក​ដី​ដែល​ខ្លួន​បាន​ទទួល​ជា​ចំណែក​មត៌ក គឺ​កុលសម្ព័ន្ធ​ដែល​មាន​ទឹក​ដី​ធំ ត្រូវ​ប្រគល់​អោយ​ច្រើន កុលសម្ព័ន្ធ​ដែល​មាន​ទឹក​ដី​តូច ត្រូវ​ប្រគល់​អោយ​តិច»។
ក្រុង​ដែល​ជា​ជំរក
៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១០ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន​រួច​ហើយ ១១ ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជំរក សំរាប់​អោយ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន។ ១២ ក្រុង​ទាំង​នោះ​ជា​ជំរក​ការពារ​អ្នក​រាល់​គ្នា អោយ​រួច​ពី​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក។ ធ្វើ​ដូច្នេះ អ្នក​សងសឹក​មិន​ប្រហារ​ជីវិត​អ្នក​ដែល​សម្លាប់​គេ​មុន​ពេល​សហគមន៍​កាត់​ក្ដី​ឡើយ។ ១៣ ក្នុង​ចំណោម​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​អោយ​ពួក​លេវី​នោះ ត្រូវ​យក​ក្រុង​ប្រាំ​មួយ​ធ្វើ​ជា​ក្រុង​ជំរក។ ១៤ ក្រុង​ជំរក​បី​ត្រូវ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន។ ១៥ ប្រសិន​បើ​ជន​ជាតិ​អ៊ីស្រាអែល ឬ​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា បាន​សម្លាប់​នរណា​ម្នាក់ ដោយ​អចេតនា គេ​អាច​រត់​មក​ជ្រក​កោន​ក្នុង​ក្រុង​ទាំង​ប្រាំ​មួយ​នេះ។
១៦ ប្រសិន​បើ​បុរស​ម្នាក់​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ ១៧ ប្រសិន​បើ​គេ​យក​ដុំ​ថ្ម​វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ ១៨ ប្រសិន​បើ​គេ​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ឈើ វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ ១៩ អ្នក​ដែល​មាន​សិទ្ធិ​សងសឹក​ត្រូវ​សម្លាប់​ឃាតក​នោះ គឺ​នៅ​ពេល​ណា​ចាប់​ឃាតក​បាន ត្រូវ​តែ​សម្លាប់​ចោល។ ២០ ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ​ដោយ​កំហឹង ឬ​យក​របស់​អ្វី​មួយ​គប់​ទៅ​លើ​គេ ដោយ​បាន​គិត​ជា​មុន បណ្ដាល​អោយ​គេ​ស្លាប់ ២១ ឬ​ប្រសិន​បើ​អ្នក​នោះ​លើក​ដៃ​វាយ​អ្នក​ដទៃ​ដោយ​ស្អប់ បណ្ដាល​អោយ​គេ​ស្លាប់ អ្នក​ដែល​សម្លាប់​គេ​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត ព្រោះ​អ្នក​នោះ​ជា​ឃាតក។ អ្នក​ដែល​មាន​សិទ្ធិ​សងសឹក​ត្រូវ​សម្លាប់​ឃាតក​នោះ នៅ​ពេល​ចាប់​គេ​បាន។
២២ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ ដោយ​អចេតនា និង​ដោយ​គ្មាន​បំណង​អាក្រក់ ឬ​ប្រសិន​បើ​គាត់​ចោល​របស់​អ្វី​មួយ​ទៅ​លើ​គេ ដោយ​ពុំ​បាន​គិតគូរ​ជា​មុន ២៣ ឬ​ប្រសិន​បើ​គាត់​ធ្វើ​អោយ​ថ្ម​ធ្លាក់​ទៅ​លើ​គេ បណ្ដាល​អោយ​ស្លាប់ តែ​គាត់​ធ្វើ​ដោយ​មិន​បាន​ដឹង ហើយ​ក៏​គ្មាន​ទំនាស់ ឬ​មាន​គំនិត​អាក្រក់​ចំពោះ​ជន​រង​គ្រោះ​ទេ​នោះ ២៤ សហគមន៍​ត្រូវ​សំរុះសំរួល​អ្នក​ដែល​ធ្វើ​អោយ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក តាម​វិន័យ​ស្ដី​អំពី​ករណី​នេះ។ ២៥ សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែល​ធ្វើ​អោយ​គេ​ស្លាប់​នោះ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជំរក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មហា​បូជាចារ្យ ដែល​បាន​តែងតាំង​ដោយ​ប្រេង​សក្ការៈ ទទួល​មរណភាព។ ២៦ ប្រសិន​បើ​អ្នក​សម្លាប់​គេ​ចេញ​ទៅ​ក្រៅ​ទីក្រុង​ដែល​ខ្លួន​រត់​ទៅ​ជ្រក ២៧ ហើយ​ប្រសិន​បើ​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក ជួប​គាត់​នៅ​ខាង​ក្រៅ​ទីក្រុង​ជំរក រួច​សម្លាប់​គាត់ អ្នក​សងសឹក​នោះ​គ្មាន​ទោស​អ្វី​ចំពោះ​ឃាតកម្ម​នេះ​ទេ។ ២៨ អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជំរក រហូត​ដល់​មហា​បូជាចារ្យ​ទទួល​មរណភាព។ ក្រោយ​ពេល​មហា​បូជាចារ្យ​ទទួល​មរណភាព​ផុត​ទៅ ទើប​អ្នក​សម្លាប់​គេ​អាច​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​ខ្លួន​វិញ។
២៩ អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​វិន័យ​នេះ ទុក​ជា​ច្បាប់​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។ ៣០ គ្រប់​ឃាតកម្ម គេ​សម្លាប់​ឃាតក​បាន នៅ​ពេល​មាន​សាក្សី​ជា​ច្រើន​ដឹង​ឮ។ ប៉ុន្តែ បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​កាត់​ទោស​ប្រហារ​ជីវិត​នរណា​បាន​ឡើយ។ ៣១ មិន​ត្រូវ​ទទួល​ប្រាក់ ដើម្បី​លោះ​ជីវិត​ឃាតក​ណា​ម្នាក់​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ៣២ មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​អោយ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជំរក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​មរណភាព​របស់​មហា​បូជាចារ្យ។ ៣៣ មិន​ត្រូវ​ធ្វើ​អោយ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ក្លាយ​ជា​សៅហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្ដាល​អោយ​ស្រុក​ទៅ​ជា​សៅហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជំរះ​ស្រុក​អោយ​រួច​ពី​ភាព​សៅហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។ ៣៤ កុំ​ធ្វើ​អោយ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ ក្លាយ​ទៅ​ជា​សៅហ្មង​ឡើយ។ យើង​ក៏​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ដ្បិត​យើង​ជា​ព្រះអម្ចាស់ ដែល​ស្ថិត​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល»។