ព្រះគ្រិស្ដ​បន្ទាប​ខ្លួន និង​ទទួល​សិរីរុងរឿង
១ ដូច្នេះ ប្រសិន​បើ​បង​ប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់​តឿន​​អ្វី​មួយ ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ដ ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ពិត​ជា​លើក​ទឹក​ចិត្ត​បង​ប្អូន ប្រសិន​បើ​ព្រះវិញ្ញាណ​ពិត​ជា​ប្រទាន​អោយ​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បង​ប្អូន​ពិត​ជា​មាន​ចិត្ត​អាណិត​អាសូរ និង​ចិត្ត​មេត្តាករុណា ២ សូម​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​បង​ប្អូន​មាន​ចិត្ត​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ត​ថ្លើម​តែ​មួយ​ និង​មាន​ឆន្ទៈ​តែ​មួយ។ ៣ កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា​ប្រសើរ​ជាង​ខ្លួន។ ៤ ក្នុង​ចំណោម​បង​ប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ​។ ៥ ព្រះគ្រិស្ដយេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បង​ប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។
៦ ទោះបី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះជាម្ចាស់
ក៏​ដោយ ក៏​ព្រះអង្គ​ពុំ​បាន​ក្ដោបក្ដាប់
ឋានៈ​ដែល​ស្មើ​នឹង​ព្រះជាម្ចាស់​នេះ
ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។
៧ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់
មក​យក​ឋានៈ​ជា​ទាសករ
ព្រះអង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ
ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា
មនុស្ស​សាមញ្ញ​ដែរ។
៨ ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះបញ្ជា
រហូត​ដល់​សោយ​ទិវង្គត
គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង
ថែម​ទៀត​ផង។
៩ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់
លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់ខ្ពស់​បំផុត
ព្រម​ទាំង​ប្រោស​ប្រទាន​អោយ​ព្រះអង្គ
មាន​ព្រះនាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
១០ ដើម្បី​អោយ​អ្វីៗ​ទាំង​អស់
ទាំង​នៅ​ស្ថាន​បរមសុខ*
ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី
នាំ​គ្នា​ក្រាប​ថ្វាយបង្គំ
នៅ​ពេល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូ
១១ និងអោយ​មនុស្ស​គ្រប់​ភាសាប្រកាស​ឡើងថា
ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់
ដើម្បី​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់
ជា​ព្រះបិតា។
គ្រិស្ដបរិស័ទ​ជា​ពន្លឺ​ពិភពលោក
១២ ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​ដូច​បង​ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស​ពេល​ខ្ញុំ​នៅ​ឆ្ងាយ​សូម​បង​ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង​ប្អូន​បាន​ទទួល ១៣ ដ្បិត​ព្រះជាម្ចាស់​ទេ​តើ ដែល​ធ្វើ​អោយ​បង​ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថភាព​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះបំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ។ ១៤ ចូរ​ធ្វើ​កិច្ចការ​ទាំង​អស់ ដោយ​ឥត​រអ៊ូរទាំ ឬ​ជជែក​តវ៉ា​ឡើយ ១៥ ដើម្បី​អោយ​បង​ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅហ្មង ជា​បុត្រ​របស់​ព្រះជាម្ចាស់​ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀចវេរ និង​ខិលខូច​នៅ​ជំនាន់​នេះ។ បង​ប្អូន​ភ្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភពលោក ១៦ ទាំង​នាំ​ព្រះបន្ទូល​ដែល​ផ្ដល់​ជីវិត​មក​អោយ​ពួក​គេ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះគ្រិស្ដ​យាង​មក​ព្រោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។ ១៧ ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម ទុក​ជា​សក្ការបូជា​បន្ថែម​ពី​លើ​យញ្ញបូជា និង​ពី​លើ​តង្វាយ​នៃ​ជំនឿ​របស់​បង​ប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា​ដែរ។ ១៨ រីឯ​បង​ប្អូន​វិញ សូម​អោយ​បង​ប្អូន​មាន​អំណរ ហើយ​សប្បាយ​ចិត្ត​រួម​ជា​មួយ​ខ្ញុំ​ផង។
បេសកកម្ម​របស់​លោក​ធីម៉ូថេ និង​លោក​អេប៉ោប្រូឌីត
១៩ ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់​យេស៊ូ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​លោក​ធីម៉ូថេ​មក​រក​បង​ប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​អោយ​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ដោយ​ទទួល​ដំណឹង​ពី​បង​ប្អូន ២០ ដ្បិត​ក្រៅ​ពី​គាត់​គ្មាន​នរណា​ជួយ​រំលែក​ទឹក​ចិត្ត​របស់​ខ្ញុំ ហើយ​គ្មាន​នរណា​ខ្វល់ខ្វាយ​នឹង​បង​ប្អូន​ពិត​ប្រាកដ​ទេ។ ២១ អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​ព្រះយេស៊ូ​គ្រិស្ដ​ទេ។ ២២ បង​ប្អូន​ជ្រាប​អំពី​ទឹក​ចិត្ត​របស់​គាត់​ស្រាប់​ហើយ​ថា គាត់​ពួតដៃ​ជា​មួយ​ខ្ញុំ ដូច​កូន​នឹង​ឪពុក​ដើម្បី​បំរើ​ដំណឹងល្អ។ ២៣ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​រក​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ នៅ​ពេល​ណា​រឿងរ៉ាវ​ខ្ញុំ​បាន​ជ្រះស្រឡះ។ ២៤ ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់ ខ្ញុំ​ជឿ​ជាក់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​មុខ​ជា​មក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។
២៥ ខ្ញុំ​យល់​ឃើញ​ទៀត​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ោប្រូឌីត​ជា​បង​ប្អូន និង​ជា​សហការី​របស់​ខ្ញុំ ហើយ​ជា​អ្នក​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ អោយ​មក​រក​បង​ប្អូន​ជា​ចាំបាច់។ បង​ប្អូន​បាន​ចាត់​គាត់​អោយ​មក​ជួយ​ឧបត្ថម្ភ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ត្រូវ​ការ។ ២៦ គាត់​មាន​បំណង​ចង់​មក​ជួប​បង​ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​ពិបាក​ចិត្ត ព្រោះ​បង​ប្អូន​បាន​ទទួល​ដំណឹង​ថា​គាត់​មាន​ជំងឺ។ ២៧ គាត់​ឈឺ​ធ្ងន់ ជិត​ស្លាប់​មែន ក៏​ប៉ុន្តែ ព្រះជាម្ចាស់​អាណិត​គាត់ គឺ​ព្រះអង្គ​មិន​ត្រឹម​តែ​អាណិត​គាត់​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​អាណិត​ខ្ញុំ​ដែរ ដើម្បី​កុំ​អោយ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។ ២៨ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ខ្នះខ្នែង​ចាត់​គាត់​អោយ​មក​ជួប​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​មាន​អំណរ​សប្បាយ​ដោយ​ឃើញ​គាត់​សា​ជា​ថ្មី ហើយ​អោយ​ខ្ញុំ​ផ្ទាល់​ឈប់​ព្រួយ​ចិត្ត។ ២៩ សូម​ទទួល​គាត់​ទុក​ដូច​ជា​បង​ប្អូន​រួម​ជំនឿ​ដោយ​អរ​សប្បាយ​ជា​ទី​បំផុត សូម​គោរព​មនុស្ស​បែប​គាត់​នេះ​ផង ៣០ ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​ព្រះគ្រិស្ដ គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។