២០
ពាក្យ​ទូលអង្វរ​សុំ​ជ័យជំនះ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ សូម​ព្រះអម្ចាស់​ឆ្លើយ​តប​នឹង​ព្រះរាជា
នៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្ន
សូម​ព្រះនាម​ព្រះ​របស់​លោក​យ៉ាកុប
ការពារ​ព្រះរាជា!។
២ សូម​ព្រះអង្គ​ជួយ​ព្រះរាជា
ពី​ព្រះវិហារ​របស់​ព្រះអង្គ
សូម​ព្រះអង្គ​គាំទ្រ​ព្រះរាជា​ពី​ភ្នំ​ស៊ីយ៉ូន!។
៣ សូម​អោយ​ព្រះអង្គ​នឹក​ឃើញ​តង្វាយ
ទាំង​ប៉ុន្មាន​របស់​ព្រះរាជា
ហើយ​សូម​អោយ​ព្រះអង្គ​គាប់​ព្រះហឫទ័យ
នឹង​យញ្ញបូជា​ដែល​ស្ដេច​យក​មក​ថ្វាយ!។
- សំរាក
៤ សូម​ព្រះអង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះរាជា
តាម​តែ​ទ្រង់​ប្រាថ្នា និង​ធ្វើ​អោយ​គំរោងការ
របស់​ព្រះរាជា​បាន​សំរេច​ទាំង​អស់!។
៥ យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ
ព្រោះ​តែ​ស្ដេច​មាន​ជ័យជំនះ
យើង​នឹង​លើក​ទង់​ជ័យ​ឡើង
ក្នុង​ព្រះនាម​ព្រះជាម្ចាស់​របស់​យើង។
សូម​ព្រះអម្ចាស់​សំរេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន
ដែល​ព្រះរាជា​ទូល​សូម។
៦ ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះអម្ចាស់​សង្គ្រោះ
ព្រះរាជា​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក
ព្រះអង្គ​ឆ្លើយ​តប​នឹង​ព្រះរាជា
ពី​ទីសក្ការៈ​របស់​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ
គឺ​ព្រះអង្គ​ប្រទាន​អោយ​ព្រះរាជា​មាន​ជ័យជំនះ
ដោយសារ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។
៧ អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចំបាំង​របស់​ខ្លួន
អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន
រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​ព្រះនាម​ព្រះអម្ចាស់
ជា​ព្រះ​របស់​យើង។
៨ អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាក់​ទ័ព​បរាជ័យ
រីឯ​យើង​វិញ
យើង​នៅ​មាន​ជំហរ​យ៉ាង​រឹងប៉ឹង​មាំមួន។
៩ ព្រះអម្ចាស់​អើយ សូម​សង្គ្រោះ​ព្រះរាជា​ផង!
ពេល​យើង​ខ្ញុំ​អង្វរ​រក​ព្រះអង្គ
សូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!