២៣
ព្រះអម្ចាស់​ជា​គង្វាល​ខ្ញុំ
ទំនុកតម្កើង​របស់​ស្ដេច​ដាវីឌ។
១ ព្រះអម្ចាស់​ជា​គង្វាល​ខ្ញុំ
ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។
២ ព្រះអង្គ​អោយ​ខ្ញុំ​សំរាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី
ព្រះអង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ស្ងាត់
នៅ​ក្បែរ​មាត់​ទឹក​។
៣ ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ
ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏​សុចរិត
ដោយ​យល់​ដល់​ព្រះកិត្តិនាម​របស់​ព្រះអង្គ។
៤ ទោះ​បី​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ
នៃ​សេចក្ដី​ស្លាប់​ ក៏​ដោយ
ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ
ដ្បិត​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ
ព្រះអង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជានិច្ច​។
៥ ព្រះអង្គ​រៀបចំ​ពិធី​ជប់លៀង​អោយ​ទូលបង្គំ
នៅ​មុខ​បច្ចាមិត្ត​របស់​ទូលបង្គំ
ព្រះអង្គ​បាន​ចាក់​ប្រេង​លើ​ទូលបង្គំ
ដើម្បី​លើក​កិត្តិយស​ទូលបង្គំ
ហើយ​ព្រះអង្គ​បាន​បំពេញ​ពែង
ទូលបង្គំ​យ៉ាង​ហូរហៀរ។
៦ ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថា
ព្រះអង្គ​នឹង​ប្រទាន​សុភមង្គល​អោយ​ទូលបង្គំ
ហើយ​ព្រះអង្គ​ប្រណី​សន្ដោស​ទូលបង្គំ
យ៉ាង​ស្មោះស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។
ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់
មក​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ជានិច្ច។