២៥
សូម​ណែនាំ​ទូលបង្គំ​អោយ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ
ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ។
២ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ
ដូច្នេះ សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ!
សូម​កុំ​អោយ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យជំនះ
លើ​ទូលបង្គំ​ឡើយ!។
៣ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ
នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ
គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។
៤ ឱ​ព្រះអម្ចាស់​អើយ! សូម​ណែនាំ​ទូលបង្គំ
អោយ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ
សូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះអង្គ​ផង
៥ សូម​អប់រំ​ទូលបង្គំ​អោយ​រស់​នៅ
ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ជា​ព្រះសង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។
៦ ឱ​ព្រះអម្ចាស់​អើយ! សូម​កុំ​ភ្លេច​ថា
តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សំដែង
ព្រះហឫទ័យ​អាណិត​អាសូរ និង​ព្រះហឫទ័យ
មេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជានិច្ច។
៧ សូម​បំភ្លេច​អំពើ​បាប និង​កំហុស
ដែល​ទូលបង្គំ​ធ្លាប់​ប្រព្រឹត្ត
កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។
ឱ​ព្រះអម្ចាស់​អើយ ទ្រង់​តែង​មាន​ព្រះហឫទ័យ
មេត្តា​ករុណា និង​ព្រះហឫទ័យ​សប្បុរស​ជានិច្ច
សូម​កុំ​បំភ្លេច​ទូលបង្គំ​ឡើយ!។
៨ ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​សប្បុរស និង​ទៀង​ត្រង់
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​បង្ហាញ
អោយ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។
៩ ព្រះអង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាព
អោយ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត
ព្រះអង្គ​បង្រៀន​គេ​អោយ​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអង្គ។
១០ ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​មេត្តា​ករុណា
និង​ស្មោះ​ត្រង់​ទាំង​ស្រុង
ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធមេត្រី*
និង​គោរព​ដំបូន្មាន​របស់​ព្រះអង្គ។
១១ ឱ​ព្រះអម្ចាស់​អើយ!
ទូលបង្គំ​មាន​កំហុស​ធ្ងន់​ណាស់
ដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ
សូម​លើកលែង​ទោស​អោយ​ទូលបង្គំ​ផង។
១២ អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
ព្រះអង្គ​នឹង​បង្ហាញ​អោយ​អ្នក​នោះ
ស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។
១៣ គាត់​នឹង​មាន​សុភមង្គល​ជានិច្ច
ហើយ​ពូជពង្ស​របស់​គាត់
នឹង​បាន​គ្រប់គ្រង​ស្រុក​នេះ​ទុក​ជា​មត៌ក។
១៤ ព្រះអម្ចាស់​តែងតែ​សំដែង​ភក្ដីភាព
ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
ហើយ​បង្រៀន​គេ​អោយ​គោរព​សម្ពន្ធមេត្រី
របស់​ព្រះអង្គ។
១៥ ទូលបង្គំ​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះអម្ចាស់​ជានិច្ច
ព្រោះ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ
ដែល​អាច​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​អន្ទាក់។
១៦ សូម​ទត​មក​ទូលបង្គំ
ហើយ​ប្រណី​សន្ដោស​ទូលបង្គំ​ផង!
ដ្បិត​ទូលបង្គំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។
១៧ ទូលបង្គំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់
សូម​ដក​ការ​តប់ប្រមល់​នេះ​ចេញ​ពី​ចិត្ត​ទូលបង្គំ​ទៅ។
១៨ សូម​ទត​មក​ទុក្ខ​វេទនា
និង​ការ​នឿយ​ព្រួយ​របស់​ទូលបង្គំ
សូម​អត់ទោស​អោយ​ទូលបង្គំ
បាន​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ផង។
១៩ សូម​ទត​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ
មាន​គ្នា​ច្រើន​ប៉ុន​ណា ហើយ​គេ​ស្អប់​ទូលបង្គំ​ខ្លាំង​យ៉ាង​ណា។
២០ សូម​ការពារ និង​រំដោះ​ទូលបង្គំ​ផង!
សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ​អោយ​សោះ
ដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ​ហើយ!។
២១ ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអង្គ​ជានិច្ច
សូម​រក្សា​ជីវិត​ទូលបង្គំ
ដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។
២២ ឱ​ព្រះជាម្ចាស់​អើយ!
សូម​រំដោះ​អ៊ីស្រាអែល​អោយ​រួច​ពី​ទុក្ខ​វេទនា
ទាំង​ប៉ុន្មាន​ផង!។